ក្រសួងសន្តិសុខមាតុភូមិអាមេរិកអាចចាប់ផ្តើមបញ្ជូនក្រុមគ្រួសារដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ទៅស្រុកកំណើតវិញត្រឹមដើមខែមករាឆ្នាំក្រោយ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានមួយ។
កាសែត Washington Post បានរាយការណ៍កាលពីយប់ថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងត្រៀមឆ្មក់ជាបន្តបន្ទាប់ ដោយតម្រង់គោលដៅទៅរកគ្រួសារប្រជាជនដែលបានចូលមកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ចាប់តាំងពីដើមឆ្នាំមុនមក។
កាសែតដដែលនេះដែលបានស្រង់សម្តីពីប្រភពដែលស្នើមិនបញ្ចេញឈ្មោះបានរាយការណ៍ថា យុទ្ធនាការទូទាំងប្រទេស របស់មន្ត្រីអនុវត្តច្បាប់ គយ និងអន្តោប្រវេសន៍អាមេរិកអាចចាប់ផ្តើមនៅដើមខែមករាឆ្នាំ២០១៦។
របាយការណ៍ដដែលបានឲ្យដឹងថា យុទ្ធនាការនោះគឺជាកិច្ចប្រឹងប្រែងទ្រង់ទ្រាយធំដំបូងបង្អស់ដើម្បីបញ្ជូនមនុស្សជាង១០ម៉ឺនគ្រួសារចេញពីសហរដ្ឋអាមេរិកវិញ។
ក្រុមគ្រួសារទាំងនោះបានចូលមកក្នុងប្រទេសនេះ តាមព្រំដែនភាគខាងត្បូង តាំងពីឆ្នាំមុន។ គ្រួសារជាច្រើនក្នុងចំណោមគ្រួសារទាំងអស់នេះបានគេចចេញពីអំពើហិង្សានៅក្នុងទ្វីបអាមេរិកកណ្តាល។
របាយការណ៍ដដែលបាននិយាយថា គ្រោះទុរ្ភិក្សនៅក្នុងតំបន់នោះក៏រួមចំណែកធ្វើឲ្យមនុស្សធ្វើចំណាកស្រុកចូលមកក្នុងសហរដ្ឋអាមេរិកដែរ៕