ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ចាត់​វិធានការ​ឲ្យ​ដក​ឧបករណ៍​ផលិត​នៅ​ចិន​ចេញ​ពី​បណ្តាញ​ថាមពល​អគ្គិសនី


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​សេតវិមាន កាលពី​ថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​សេតវិមាន កាលពី​ថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២០។

បទបញ្ជា​ប្រតិបត្តិ​មួយ​ដែល​បាន​ចេញ​កាលពី​ដើម​ឧសភា​កន្លង​ទៅ​នេះ ស្នើ​ឲ្យ «ត្រួតពិនិត្យ​និង​ដូរថ្មី» រាល់​ឧបករណ៍​ដែល​ផលិត​ដោយ​សត្រូវ​បរទេស​របស់​អាមេរិក នៅ​ក្នុង​បណ្តាញ​ថាមពល​អគ្គិសនី​នៅ​សហរដ្ឋ​អាមេរិក។

ក្រុមអ្នកវិភាគ​និយាយ​ថា វិធានការ​ខាងលើ​នេះ ភាគច្រើន​នឹង​ប៉ះពាល់​ដល់​ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​ចិន ដូចជា​ម៉ាស៊ីន​បំលែង​អគ្គិសនី​ជាដើម។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​កាលពី​ថ្ងៃ​ទី ១ ខែឧសភា ដោយ​ហាមប្រាម​មិន​ឲ្យ​ប្រើ​ឧបករណ៍ថាមពល​ក្នុង​ចំនួន​ច្រើន​ពី​ក្រុមហ៊ុន​បរទេស នៅក្នុង​បណ្តាញ​អគ្គិសនី​នៅ​អាមេរិក ដោយសារតែ​ព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ។

ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា យោង​តាម​ច្បាប់​បច្ចុប្បន្ន កិច្ចសន្យា​សាងសង់​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​អ្នកដេញ​ថ្លៃ ដែល​ត្រូវ​ចំណាយ​តិច​បំផុត​សម្រាប់​ការសាងសង់​ប្រព័ន្ធ​ថាមពល​ក្នុង​ចំនួន​ច្រើន ហើយ​នោះ​បង្កើត​ឲ្យ​មាន​ភាពងាយរងគ្រោះ​ដល់​សហរដ្ឋ​អាមេរិក ដែល​បង្ក​ឡើង​ដោយ​អ្នក​ដែល​មាន​ចេតនា​អាក្រក់។

រដ្ឋមន្រ្តី​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក​លោក Dan Brouillette បាន​និយាយ​ថា «ការធានា​សន្តិសុខ​ក្នុង​ប្រព័ន្ធ​ថាមពល​ក្នុង​ចំនួន​ច្រើន ដើម្បី​ទប់ទល់​នឹង​ការកេង​ចំណេញ និង​ការគំរាម​កំហែង​វាយ​ប្រហារ​ពី​បរទេស» គឺ​ជា​រឿង​ចាំបាច់​ដែល​ត្រូវតែ​ធ្វើ។

ក្រុមអ្នកវិភាគ​ជឿ​ថា ការណ៍​នេះ​មាន​ន័យ​ថា សហរដ្ឋ​អាមេរិក នឹង​រៀបចំ​បញ្ជី​ប្រទេស​សម្រាប់​ការទិញ​ឧបករណ៍​បែប​នេះ។ ទោះបីជា នៅក្នុង​បទបញ្ជា​មិន​បាន​ដាក់​ឈ្មោះ​ប្រទេស​ជាក់លាក់​ណា​មួយ​ក៏ដោយ ក៏​អ្នកសង្កេតការណ៍​និយាយ​ថា ប្រទេស​ចិន​និង​រុស្ស៊ី គឺជា​ប្រទេស​សំខាន់​ពីរ ដែល​មាន​សមត្ថភាព​គំរាម​កំហែង​ដល់​បណ្តាញ​អគ្គិសនី​របស់​សហរដ្ឋ​អាមេរិក។

លោក Frank J. Cilluffo នាយក​វិទ្យាស្ថាន McCrary ផ្នែក​សន្តិសុខ​តាម​អ៊ីនធឺណេត និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏​សំខាន់ នៃ​សាកល​វិទ្យាល័យ​ Auburn University បាន​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖

«នេះ​ជា​បញ្ហា​សំខាន់​មួយ​ចំនួន ហើយ​វា​មាន​ភាពស្រដៀង​គ្នា​ទៅ​នឹង​ការជជែក​ដេញដោល​រឿង​ដែល​ទាក់ទង​នឹង​ក្រុមហ៊ុន Huawei ក្រុមហ៊ុន ZTE សម្រាប់​ការប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍ 5G។ វា​ច្បាស់ណាស់​ថា លោក​អ្នក​ចង់​ឃើញ​ឲ្យ​ជាក់​ច្បាស់ និង​មាន​ទំនុកចិត្ត លើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទាំងអស់​នៅក្នុង​ប្រទេស​របស់​លោក​អ្នក»។

លោក Cilluffo បាន​ថ្លែង​បន្ថែម​ថា វិធានការ​នេះ គឺជា «ជំហាន​ដ៏​ប្រយ័ត្ន​ប្រយែង»​មួយ ដែល​មាន​គោលដៅ​ធានា​សន្តិសុខ​ផ្នែក​ «ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏​សំខាន់​បំផុត» ពីព្រោះ​ហេដ្ឋារចនា​សម្ពន្ធ័​ដទៃ​ទៀត ស្ទើរតែ​ទាំងអស់ពឹង​ផ្អែក​លើ​បណ្តាញ​អគ្គិសនី​ក្នុងការ​ដំណើរការ។ លោក Cilluffo បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ហេដ្ឋារចនា​សម្ព័ន្ធ​ថាមពល​អគ្គិសនី មាន​សារៈសំខាន់​ខ្លាំង មិនមែន​ដោយសារតែ​ការ​ពឹង​អាស្រ័យ​ទៅ​លើ​វា តែ​មួយ​មុខ​នោះ​ទេ។ នៅពេលដែល​អ្នក​ក្រឡេក​មើល ពី​ផលប៉ះពាល់​ដោយសារ​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ និង​មនុស្ស​គ្រប់​គ្នា​ធ្វើការ​នៅ​ផ្ទះ នោះ​យើង​ឃើញ​ថា មនុស្ស​កាន់តែ​មាន​ការយល់ដឹង​ច្រើន​ពី​ភាពងាយ​រងគ្រោះ​មួយ​ចំនួន។ ខ្ញុំ​គិត​ថា លោកអ្នក​នឹង​ពិនិត្យ​កាន់តែ​ច្បាស់​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​របស់​យើង»។

ប្រព័ន្ធ​ថាមពល​ក្នុង​ចំនួន​ច្រើន​សំដៅ​ទៅ​លើ​ទីតាំង និង​ប្រព័ន្ធ​ត្រួតពិនិត្យ ដែល​ចាំបាច់​សម្រាប់​បណ្តាញ​អគ្គិសនី​ជាតិ។

ក្រោម​បទបញ្ជា​ប្រតិបត្តិ​នេះ ក្រសួង​ថាមពល នឹង​ធ្វើការ​ត្រួត​ពិនិត្យ​មណ្ឌល​គ្រប់គ្រង ម៉ាស៊ីន​ផលិត​ថាមពល​អគ្គីសនី​ខ្នាតធំ ម៉ាស៊ីន​ទួរប៊ីន​ផលិត​ថាមពល​អគ្គិសនី ឧបករណ៍​ទប់​ភ្លើង​អគ្គីសនី​កុំ​ឲ្យ​ឡើង​ចុះ​ហួស​កម្រិត ម៉ាស៊ីន​បំលែង​និង​ឧបករណ៍​អគ្គិសនី​ផ្សេងៗ​ទៀត ដើម្បី​ «កំណត់​អត្តសញ្ញាណ តាមដាន​ត្រួតពិនិត្យ និង​ដូរ​ថ្មី​ទៅ​តាម​ការគួរ»។

នៅ​ថ្ងៃចន្ទ​ទី​៤ ខែឧសភា កន្លង​ទៅ​នេះ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ក៏​បាន​ប្រកាស​ផងដែរ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ដំណើរការ​ស៊ើបអង្កេត​ទៅ​លើ​ពន្ធ​គយ ហៅ Section ២៣២ ដើម្បី​កំណត់​ថា តើ​បរិមាណ​នៃ​ឧបករណ៍​បំលែង​ដែល​នាំចូល និង​ការពាក់ព័ន្ធ​របស់​វា គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក​ដែរ ឬ ទេ។

បណ្តាញ​សារព័ត៌មាន Politico រាយការណ៍​ថា មន្រ្តី​នៃ​ក្រសួង​ថាមពល​មួយ​រូប បាន​ថ្លែង​ថា ក្រុមហ៊ុន​ថាមពល​អគ្គិសនី​សហរដ្ឋ​អាមេរិក កំពុង​ទិញឧបករណ៍​ដែល​ប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ជាតិ ដូចជា​ម៉ាស៊ីន​បំលែង​ថាមពល​ជាដើម​ពី​សត្រូវ​បរទេស​របស់​សហរដ្ឋ​អាមេរិក ដោយសារតែ​មាន​តម្លៃទាប។

ប្រទេស​ចិន បាន​នាំ​ចេញ​ម៉ាស៊ីន​បំលែង​ថាមពល​អគ្គិសនី​ធំៗ ​មកលក់​នៅសហរដ្ឋ​អាមេរិក​ក្នុង​តម្លៃ​ទាប។ ទីផ្សារ​ម៉ាស៊ីន​បំលែង​ថាមពល​អគ្គិសនី​ធំៗ ក្នុង​ប្រទេស​ចិន កំពុង​បង្ហាញ​សញ្ញា​ថា មាន​ច្រើន​លើសលប់។

របាយការណ៍​របស់​ក្រសួង​ថាមពល​នៅ​ក្នុង​ឆ្នាំ ២០១៤ បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុនប្រហែល ៣០ នៅក្នុង​ប្រទេស​ចិន ដែល​អាច​ផលិត​ម៉ាស៊ីន​បំលែង​ថាមពល បាន ២២០ គីឡូវ៉ាត់ និង​ខ្ពស់​ជាងនេះ ហើយ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ដូចជា ABB ជាដើម កំពុង​បង្កើត​រោងចក្រ​នៅ​ប្រទេស​ចិន។

លោក Charles Durant អនុ​ប្រធាន​ការិយាល័យ​ប្រឆាំង​នឹង​ការស៊ើបការណ៍​សម្ងាត់​នៃ​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅក្នុង​ឆ្នាំ ២០១៩ ថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ម៉ាស៊ីន​បំលែង​ថាមពល​ធំ ៗ​របស់​ចិន​ជាង ២០០ គ្រឿង​បាន​ចូល​ក្នុង​ប្រព័ន្ធ​ថាមពល​របស់​សហរដ្ឋ​អាមេរិក។

«នៅ​មុន​នោះ គឺ​មិន​មាន​ទាល់តែ​សោះ»។

លោក Cilluffo បាន​ប្រាប់ VOAថា មាន​ក្រុម​លួច​ចូល​វាយ​ប្រហារ​បណ្តាញ​អគ្គិសនី​របស់​ប្រទេស​មួយ ក្នុង​ពេល​កន្លង​មក។

នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ប្រព័ន្ធ​ថាមពល​នៃ​ប្រទេស​អ៊ុយក្រែន បាន​ទទួល​រង​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​បាន​បណ្តាល​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​ក្នុង​ទ្រង់ទ្រាយ​ធំ។ ប្រទេស​អ៊ុយក្រែន បាន​ចោទ​សេវាកម្ម​សន្តិសុខ​របស់​រុស្ស៊ី​ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយ​ប្រហារ​នេះ។

លោក Cilluffo បាន​ថ្លែង​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«ដូច្នេះ ប្រសិនបើ​លោក​អ្នក​គិត​អំពី ការពឹង​អាស្រ័យ​របស់​យើង​ទៅ​លើ​ថាមពល​អគ្គិសនី​នោះ វា​មិនមែន​ត្រឹមតែ​ជា​រចនា​សម្ព័ន្ធ​តែ​មួយ​ប៉ុណ្ណោះ​ទេ គឺ​វា​ប៉ះពាល់ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ទាំងអស់​របស់​យើង»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG