ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ចាត់​វិធានការ​ទប់ស្កាត់​ការ​ដួល​រលំ​ប្រព័ន្ធ​ធនាគារ


និមិត្តសញ្ញា​ធនាគារ SVB (Silicon Valley Bank) ដែល​បាន​បែក​ខ្ទេចខ្ទី កាល​ពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣។
និមិត្តសញ្ញា​ធនាគារ SVB (Silicon Valley Bank) ដែល​បាន​បែក​ខ្ទេចខ្ទី កាល​ពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden នឹង​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ អំពី​ប្រព័ន្ធ​ធនាគារ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ ដើម្បី​ព្យាយាម​ទប់​ស្កាត់​វិបត្តិ​ដែល​អាច​កើត​ឡើង​ពី​បរាជ័យ​នៃ​ធនាគារ​ធំៗ​ពីរ។​

លោក Biden បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​«‍ពលរដ្ឋ​អាមេរិកាំង​និង​ក្រុមហ៊ុន​អាមេរិក អាច​ជឿជាក់​ថា​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ​របស់​ពួកគេ​នឹងមាន​ពេល​ណា​ពួកគេ​ត្រូវការ​វា»។ លោក​ថ្លែង​បន្ត​ថា «‍ខ្ញុំ​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា​នឹង​ឲ្យ​អ្នក​ទាំង​ឡាយ​ណា​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នេះ ទទួល​ខុសត្រូវ​ទាំង​ស្រុង ហើយ​នឹង​បន្ត​ការ​ខិតខំ​របស់​យើង​ ដើម្បី​ពង្រឹង​ការ​ត្រួត​ពិនិត្យ​និង​បទប្បញ្ញត្តិ​លើ​ធនាគារ​ធំៗ​ជាង​នេះ ដើម្បី​កុំ​ឲ្យ​យើង​ជួប​បញ្ហា​នេះ​ទៀត»។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​អ្នក​ដាក់​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ Silicon Valley Bank ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ California និង​ក្នុង​ធនាគារ Signature Bank ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ New York នឹង​អាច​ចូល​ដកប្រាក់​ទាំង​អស់​របស់​ពួកគេ​បាន​នៅ​ថ្ងៃ​ចន្ទ​នេះ។​

ក្រុម​និយ័តករ ក៏​បាននិយាយ​ដែរ​ថា​អ្នក​បង់​ពន្ធ​ នឹង​មិន​មែន​ជា​អ្នក​ទទួល​បន្ទុក​លើ​ការ​ខាតបង់​ដែល​ពាក់​ព័ន្ធ​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ធនាគារ Silicon Valley Bank និង Signature Bank ទេ។​

ដោយ​មាន​ទ្រព្យ​ប្រមាណ​២​០០​ពាន់​លាន​ដុល្លារ បរាជ័យ​របស់​ធនាគារ Silicon Valley Bank គឺ​ជា​បរាជ័យ​ធំ​ជាង​គេ​បង្អស់​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។ ធនាគារ​នេះ ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​នឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន​មូលធន​រួម​គ្នា ជា​ពិសេស​ខាងវិស័យ​បច្ចេកវិទ្យា។​

ធនាគារ Signature Bank ក៏​មាន​អតិថិជន​មួយ​ភាគ​ធំ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែរ​រួមទាំង​ផ្នែក cryptocurrency​ផង។ បរាជ័យ​នៃ​ធនាគារ​នេះ ដែល​មាន​ទ្រព្យ​ជាង១​០០​ពាន់​លាន​ដុល្លារ គឺ​ជា​បរាជ័យ​ធំ​ជាង​គេ​បង្អស់​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។​
ធនាគារ​ទាំងពីរ​នេះ​ រង​ផល​ប៉ះពាល់​ពី​ការ​កើន​ឡើង​នូវ​អត្រា​ការប្រាក់ ដែល​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​តម្លៃ​ទី​ផ្សារ​នៃ​ទ្រព្យ​មួយ​ភាគ​ធំ​របស់​ធនាគារ​ទាំង​នេះ​ដូច​ជា​មូលបត្រ​បំណុល​និងមូលបត្រ​ទ្រព្យ​បញ្ចាំ៕



(ព័ត៌មាន​មួយ​ចំនួន​សម្រាប់​រឿង​នេះ​បាន​មកពី​ទីភ្នាក់ងារ​សារព័ត៌មានAP, Agence France-Presse និង Reuters)

XS
SM
MD
LG