ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក គ្រោង​បង្កើន​អត្រា​ការប្រាក់​នៅ​ខែ​មីនា​ខាង​មុខ


រូបឯកសារ៖ អតិថិជន ទិញ​ទំនិញ​នៅ​ហាង​លក់រាយ​មួយ​កន្លែង នៅ​រដ្ឋ Ilinois កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ អតិថិជន ទិញ​ទំនិញ​នៅ​ហាង​លក់រាយ​មួយ​កន្លែង នៅ​រដ្ឋ Ilinois កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក ​បាន​ផ្តល់​សញ្ញា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ខ្លួន​មាន​គម្រោង​ចាប់ផ្តើម​បង្កើន​អត្រា​ការប្រាក់​នៅ​ខែ​មីនា​ខាង​មុខ ដើម្បី​ទប់ទល់​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ ដែល​នឹង​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​អតិផរណា។

ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ បាន​រក្សា​អត្រា​ការប្រាក់​ឲ្យ​នៅ​ក្បែរ​សូន្យ​ចាប់តាំងពី​ពេល​ដែល​ជំងឺ​កូវីដ១៩ ចាប់ផ្ដើម​រាតត្បាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ខែ​មីនា ឆ្នាំ ២០២០ មក។ ការ​ធ្វើ​ដូច្នេះ ​គឺ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​លឿន​ជាង​ការ​រំពឹងទុក និង​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ កាលពី​ខែ​ធ្នូ​កន្លង​ទៅ តម្លៃ​ទំនិញ​បាន​កើន​ឡើង ៧% ក្នុង​រយៈពេល​មួយ​ឆ្នាំ ដែល​ជា​ការ​កើនឡើង​បែប​នេះ​ដ៏​ខ្លាំង​បំផុត ​នៅ​ក្នុង​រយៈពេល ៤ ទសវត្សរ៍​ចុងក្រោយ​នេះ។

បន្ទាប់ពី​ជំនួប​រយៈពេល ២ ថ្ងៃ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​មក ក្រុម​អ្នក​តាក់តែង​គោលនយោបាយ​សហរដ្ឋ​អាមេរិក​ មិន​បាន​និយាយ​អំពី​ថា ​តើ​អត្រា​ការ​ប្រាក់​ចំនួន​ប៉ុន្មាន​ដែល​នឹង​ត្រូវ​បង្កើន​នោះទេ ក៏ប៉ុន្តែ អ្នក​វិភាគ​ហិរញ្ញវត្ថុ​នានា​បាន​សន្និដ្ឋាន​ថា អត្រា​ការប្រាក់​ ប្រហែលជា​អាច​នឹង​បង្កើន​ចំនួន ០,២៥% ហើយ​នៅ​ក្នុង​ឆ្នាំ ២០២២ នេះ អាច​នឹង​មាន​ការ​បង្កើន​ដូច​នេះ​ប្រហែលជា ៣ ដង​ទៀត៕

XS
SM
MD
LG