ថ្ងៃព្រហស្បតិ៍ គឺជាទិវាកាន់ទុក្ខទូទាំងសហរដ្ឋអាមេរិក ចំពោះមរណភាពអតីតប្រធានាធិបតីលោក Jimmy Carter ដោយរដ្ឋាភិបាលបិទដំណើរការ ខណៈមន្ត្រីកំពូលៗទៅជួបជុំគ្នានៅព្រះវិហារគ្រិស្ត Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមបុណ្យសពថ្នាក់រដ្ឋ សម្រាប់ប្រធានាធិបតីទី៣៩របស់សហរដ្ឋអាមេរិក។
លោក Carter បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងអាយុ១០០ឆ្នាំ។ លោកគឺជាអតីតប្រធានាធិបតីអាមេរិកអាយុវែងជាងគេទាំងអស់ ដែលមិនសូវខ្វល់ខ្វាយពីភាពផ្លូវការនយោបាយនៃការគ្រប់គ្រងក្នុងរដ្ឋធានីវ៉ាស៊ីនតោនទេ។ អ្នកស្នងតំណែងប្រធានាធិបតីទាំង៥នាក់បន្ទាប់ពីលោកដែលនៅមានជីវិតរួមមាន លោក Bill Clinton លោក George W. Bush លោក Barack Obama លោក Donald Trump និងលោក Joe Biden សុទ្ធតែបានចូលរួមក្នុងពិធីបុណ្យសពរបស់លោក ដោយលោក Biden ជាអ្នកថ្លែងវិយោគកថា។
លោក Biden បានហៅលោក Carter ដែលជាគ្រិស្តសាសនិកឥតងាករេម្នាក់ថាជា«អ្នកបម្រើព្រះនិងពលរដ្ឋអាមេរិកដ៏ល្អនិងស្មោះស្ម័គ្រ»។ លោក Biden ថា លោក Carter «រស់នៅដោយមានគោលដៅនិងមានជីវិតពោរពេញដោយអត្ថន័យ»។
លោក Bidenថា លោក Carter «ប្រើប្រាស់ជីវិតរបស់លោកអស់សក្តានុពលនិងថានោះគឺជានិយមន័យនៃឆាកជីវិតដ៏ល្អមួយ»។
សាធារណជនដែលកាន់ទុក្ខបានគោរពវិញ្ញាណក្ខន្ធលោក Carterពេលមឈូសដាក់សពរបស់លោកដែលរុំដោយទង់ជាតិអាមេរិក ត្រូវបានតម្កល់នៅសភាសហរដ្ឋអាមេរិក តាំងពីថ្ងៃអង្គារ។
ក្រោយពីពិធីបុណ្យសពចប់សព្វគ្រប់ សពលោក Carter ត្រូវបានដឹកត្រឡប់ទៅរដ្ឋ Georgia ដែលជារដ្ឋកំណើតរបស់លោកវិញ ដែលនៅទីនោះ សពលោកត្រូវបានដាក់ក្នុងកន្លែងបញ្ចុះសពគ្រួសាររបស់លោក ជាប់ផ្នូរអ្នកស្រី Rosalynn Carter ភរិយារបស់លោកដែលលោកបានរៀបការនិងរស់នៅជាមួយអស់ពេល៧៧ឆ្នាំ មុនពេលអ្នកស្រីទទួលមរណភាពកាលពីចុងឆ្នាំ២០២៣៕
វេទិកាបញ្ចេញមតិ