ខណៈពេលដែលការផ្គត់ផ្គង់ប្រេងសាំងកំពុងជួបការខ្វះខាត និងមនុស្សមួយចំនួនកំពុងរួសរាន់ក្នុងការចេញទៅចាក់សាំងសម្រាប់រថយន្តរបស់ខ្លួននោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងស្វះស្វែងដើម្បីធានាថា ប្រេងសាំងសម្រាប់គ្រឿងយន្តទាំងអស់ នឹងមានគ្រប់គ្រាន់ឡើងវិញ ក្នុងរយៈប៉ុន្មានថ្ងៃឆាប់ៗខាងមុខនេះ ក្រោយបំពង់បង្ហូរប្រេងដ៏សំខាន់មួយត្រូវបានបិទលែងដំណើរការ បន្ទាប់ពីមានការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រដែលមានប្រភពពីរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងថាមពល និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក បានថ្លែងនៅសេតវិមានកាលពីរសៀលថ្ងៃអង្គារ ដោយស្នើកុំឲ្យបារម្ភនិងចេញសារព្រមាន ស្របពេលដែលតម្លៃប្រេងសាំងកំពុងឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក អ្នកស្រី Jennifer Granholm បានទទួលស្គាល់ថា មានអភិបាលរដ្ឋជាច្រើនបានសម្តែងក្តីបារម្ភរបស់ខ្លួន អំពី«ស្ថានីយប្រេងសាំង អស់សាំង» សម្រាប់លក់ឲ្យអតិថិជនរបស់ខ្លួន។
អ្នកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ដែលរួមមានរដ្ឋ North Carolina រដ្ឋ South Carolina រដ្ឋ Tennessee រដ្ឋ Georgia និងរដ្ឋ Virginia ត្រូវបានគេមើលឃើញថា បានរងផលប៉ះពាល់ជាខ្លាំងដោយសារការផ្អាកដំណើរការបំពង់ប្រេងនោះ ដែលបានលាតសន្ធឹងប្រវែងជិត៩.០០០ គីឡូម៉ែត្រ។
អភិបាលរដ្ឋ Virginia លោក Ralph Northam បានប្រកាសដាក់រដ្ឋនេះក្នុងគ្រាមានអាសន្នកាលពីថ្ងៃអង្គារ ដើម្បី«ជួយឲ្យរដ្ឋ Virginia ត្រៀមខ្លួន សម្រាប់ការខ្វះខាតដ៏ខ្លាំងក្លានៃការប្រើប្រាស់ប្រេងឥន្ធនៈ ហើយដើម្បីធានាថាអ្នកបើកបររថយន្តអាចទទួលបាននូវប្រេងប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ» ខណៈស្ថានភាពកំពុងវិវត្តតទៅទៀត។
ទន្ទឹមនឹងនេះដែរ រដ្ឋ North Carolina ក៏បានចេញសេចក្តីប្រកាសប្រហាក់ប្រហែលគ្នាមួយនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក ក៏បានទទួលស្គាល់ផងដែរថា ប៉ុន្មានថ្ងៃខាងមុខទៀតនឹងមានការលំបាក ប៉ុន្តែអ្នកស្រីបានដល់វិស័យឧស្សាហកម្មមួយនេះថា «យើងនឹងមិនអត់ឱននោះទេ សម្រាប់ការដំឡើងតម្លៃប្រេងសាំងនោះ។ វាមិនគួរមានហេតុផលណាមួយដែលត្រូវទិញប្រេងស្តុកទុក សម្រាប់លក់យកចំណេញនោះទេ»។
ត្រឹមល្ងាចថ្ងៃពុធ ក្រុមហ៊ុនប្រេងឥន្ធនៈ Colonial Pipeline ដែលមានទីស្នាក់ការធំក្នុងរដ្ឋ Georgia ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តដើម្បីដាក់ដំណើរការឡើងវិញនូវបំពង់បង្ហូរប្រេងដែលត្រូវបានផ្អាកដំណើរការ៕