ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិក​កំពុង​​ជួយ​ក្រុមហ៊ុន​​​បង្ហូរ​​​ប្រេងសាំង​​ក្រោយ​រង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា


រូបឯកសារ៖ អាង​ស្ដុក​ប្រេង​របស់​ក្រុមហ៊ុន Colonial Pipeline នៅ​ក្រុង​ Woodbridge រដ្ឋ New Jersey សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ អាង​ស្ដុក​ប្រេង​របស់​ក្រុមហ៊ុន Colonial Pipeline នៅ​ក្រុង​ Woodbridge រដ្ឋ New Jersey សហរដ្ឋ​អាមេរិក។

សេតវិមានកាល​ពី​ថ្ងៃ​អាទិត្យបាន​ធ្វើការ​យ៉ាង​លម្អិត​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃក្រុមហ៊ុនបំពង់បង្ហូរ​ប្រេង​អាមេរិក​ Colonial Pipeline ដើម្បី​ជួយ​ស្តារ​ប្រព័ន្ធ​នេះ​ឡើង​វិញ​ក្រោយ​ការ​វាយ​ប្រហារតាម​ប្រព័ន្ធ​កុំព្យូទ័រ ​ដើម្បី​ទារ​ប្រាក់​លោះ ដែលនេះ​បានបង្ខំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ផ្គត់​ផ្គង់ឥន្ធនៈ​ដល់បណ្តា​រដ្ឋ​មួយចំនួននៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក ដែល​មាន​ប្រជាជន​ដ៏​ច្រើន​រស់​នៅ​នោះ។

​នេះ​ជា​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ឌីជីថល​ដើម្បី​ទាមទារប្រាក់​លោះដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​ត្រូវ​បាន​រាយការណ៍​ ហើយ​ដែលបណ្តាល​ឲ្យមាន​ការ​អំពាវនាវ​ពី​ក្រុមសមាជិក​សភា​អាមេរិកឲ្យ​ពង្រឹង​ការ​ការពារហេដ្ឋារចនាសម្ព័ន្ធថាមពល​អាមេរិក​ពី​ការ​ចូល​វាយ​ប្រហារ​ក្នុង​ពេល​អនាគត​។​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មអាមេរិក​អ្នក​ស្រី​ Gina Raimondo លើក​ឡើង​ថា​ ការ​ជួសជុល​នូវបំពង់​បង្ហូរ​ប្រេង​នោះ​ ​ជា​ការងារ​អាទិភាពមួយ​របស់​រដ្ឋបាល​លោក Biden​ ហើយរដ្ឋាភិបាល​អាមេរិក​កំពុងធ្វើ​ការងារ​នេះ​ ដើម្បីជៀសវាង​ការ​រាំង​ស្ទះដល់​ការ​ផ្គត់ផ្គង់​ប្រេង​ឧស្ម័ន​ ដោយ​ជួយដល់​ក្រុមហ៊ុន​ថាមពល​ Colonial​ ឲ្យ​ដំណើរការ​វិញ​បាន​ឆាប់​រហ័ស​នូវ​បណ្តាញ​បំពង់​ផ្គត់ផ្គង់​ប្រេងសាំង​របស់​ខ្លួនប្រវែង​ជាង ​៨.៨០០​គីឡូម៉ែត្រ​ ដែលរត់​ឆ្លង​កាត់​ពី​រដ្ឋ Texas រហូត​ដល់​រដ្ឋ New Jersey​ នោះ។​

ក្រុមហ៊ុន​ Colonial បាន​និយាយកាល​ពីថ្ងៃ​អាទិត្យ​ថា​ បំពង់​បង្ហូរ​ប្រេង​មេ​របស់​ខ្លួននៅ​តែ​ពុំ​ទាន់​ដំណើរការ​ឡើង​វិញ​ ប៉ុន្តែបំពង់​តូចៗ​ដែល​រត់​ឆ្លង​កាត់​រវាង​បណ្តាញ​ធំ​និង​ចំណុច​ចែកចាយបាន​បើក​ដំណើរ​ការ​ឡើង​វិញ​ហើយ។ គេ​មិន​ទាន់​ដឹង​ថាពេល​ណា បំពង់​បង្ហូរ​ប្រេងសាំង​របស់​ក្រុមហ៊ុន Colonial នឹង​ដំណើរការ​ឡើងវិញ​ទាំង​ស្រុង​នោះ​ទេ។​ ​

ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃផ្សារ​ភាគហ៊ុន​ប្រេងសាំង​នៅ​អាមេរិក​កើន​តម្លៃជាង​៣%​ រហូត​ដល់​ ២​ដុល្លារ​២១​សេន​ ក្នុង​មួយ​ហ្កាឡុង​ឬ​ស្មើ​ប្រមាណ​ជិត​៤​លីត្រ​ ដែល​ជាតម្លៃខ្ពស់បំផុត​ចាប់តាំង​ពីខែ​ឧសភា​ ឆ្នាំ​២០១៨​មក៕

XS
SM
MD
LG