ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Lavrov ព្រមាន​ថា អាមេរិក​និង​រុស្ស៊ី​ជិត​ឈាន​ដល់ «ជម្លោះ​យោធា​ដោយ​ផ្ទាល់»


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅទីក្រុងប៉េកាំង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅទីក្រុងប៉េកាំង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ខិត​កាន់តែ​ជិត​ទៅ​ដល់​ការ​ប្រឡូក​នៅក្នុង «ជម្លោះ​យោធា​ដោយ​ផ្ទាល់»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ចូល​មក​ដល់។

លោក Lavrov បាន​ប្រាប់​កាសែត Hurriyet Daily News ដោយ​មិន​បាន​រៀបរាប់​លម្អិត​ថា៖ «នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក Joe Biden ដែល​បាន​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​នៃ​ការ​ស្អប់​រុស្ស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឈាន​ដល់​ការ​ចាត់ទុក​ដូច្នេះ ប្រទេស​របស់​យើង [ទាំងពីរ] ជិត​ឈាន​ដល់​ជម្លោះ​យោធា​ដោយ​ផ្ទាល់​ហើយ»។

នៅពេល​សួរ​អំពី​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​ដែល​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​សាធារណរដ្ឋ​លោក Donald Trump ប្រជែង​នឹង​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Kamala Harris លោកLavorvបាន​និយាយ​ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ទោះជា​បេក្ខជន​ណា​ជាប់​ក៏ដោយ​គឺ​គ្មាន​អ្វី​ប្លែក​ខ្លាំង​សម្រាប់​រុស្ស៊ី​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «យើង​មិន​មាន​ទំនោរ​ទៅ​រក​បេក្ខជន​ណា​ម្នាក់​នោះឡើយ។ នៅពេល​ដែល​លោក Trump កាន់​អំណាច រដ្ឋបាល​របស់​លោក​បាន​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ច្រើន​បំផុត​ប្រឆាំង​នឹង​រុស្ស៊ី​បើ​ធៀប​ទៅនឹង​អ្នក​កាន់​តំណែង​មុន​លោក»។

លោក​បាន​បន្ថែម​ថា៖ «មិន​ថា​នរណា​ឈ្នះ​ការ​បោះឆ្នោត​នេះ​ទេ យើង​មិន​គិត​ថា​ការ​ប្រឆាំង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​រុស្ស៊ី​អាច​ផ្លាស់ប្តូរ​នោះឡើយ»៕

XS
SM
MD
LG