ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ពិធី​រំឮក​វិញ្ញាណក្ខន្ធ​ក្នុង​ក្រុង​ប៉ារីស លោក Hollande សន្យា​ថា​នឹង​កម្ទេច​ក្រុម​ជ្រុល​និយម


មនុស្ស​ដែល​រងរបួស ក្នុង​ការ​វាយប្រហារ​ក្នុង​ក្រុង​ប៉ារីស​កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា រង់ចាំ​ការ​ចាប់ផ្តើម​នៃ​ពិធី Invalides ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
មនុស្ស​ដែល​រងរបួស ក្នុង​ការ​វាយប្រហារ​ក្នុង​ក្រុង​ប៉ារីស​កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា រង់ចាំ​ការ​ចាប់ផ្តើម​នៃ​ពិធី Invalides ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សុក្រ​ លោក​ប្រធានាធិបតី​បារាំង​ Francois Hollande បាន​ប្តេជ្ញា​ថា​ នឹង​កម្ទេច​ «កងទ័ព​នៃ​ពួក​និយម​សាសនា​ហួស​ហេតុ» ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​ក្នុង​ខែ​នេះ​ក្នុង​ក្រុង​ប៉ារីស នៅ​ពេល​លោក​ធ្វើ​ជា​អធិបតី​នៃ​ពិធីជាតិ​មួយ​ដើម្បី​រំឮក​ដល់​វិញ្ញាណក្ខន្ធ​នៃ​ក្រុម​ជន​រងគ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​ទាំង​នោះ។​

ពិធី​រំឭក​នេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​វិមាន​ជាតិ​ Invalides នៃ​ក្រុង​ប៉ារីស​បាន​ចាប់ផ្តើម​ជាមួយ​ការ​អាន​ដោយ​ស្រងូតស្រងាត់​នូវ​ឈ្មោះ​មនុស្ស​១៣០​នាក់​ដែល​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ទាំង​នោះ​ដែល​បាន​ត្រូវ​អះអាង​ថា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​រដ្ឋ​ឥស្លាម។

អស់​រយៈពេល​ពីរ​សប្តាហ៍​មក​ហើយ​ដែល​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​មួយ​ក្រុម​បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប៉ារីស​ដោយ​បាន​បំផ្ទុះ​អាវ​កាក់​មាន​គ្រឿង​ផ្ទុះ​សម្រាប់​ធ្វើ​អត្តឃាត​ និង​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ក្រុម​ជន​រងគ្រោះ​ស្លូត​ត្រង់​ នៅ​ក្នុង​កន្លែង​មួយ​ចំនួន​ដោយ​រួម​មាន​ទាំង​សាល​ប្រគុំ​តន្ត្រី​មួយ​ដែលមាន​មនុស្ស​ពេញ​ផងដែរ។​

លោក Hollande បាន​មាន​ប្រសាសន៍​ថា «នៅ​ថ្ងៃ​នេះ​ប្រទេស​ជាតិ​ទាំង​មូល​កាន់​ទុក្ខ​សម្រាប់​ក្រុម​ជន​រងគ្រោះ​ដែល​មាន​១៣០ឈ្មោះ ជីវិត​មនុស្ស​១៣០នាក់​ដែល​បាន​ត្រូវ​សម្លាប់ វាសនា​១៣០​ដែល​បាន​ត្រូវ​ដណ្តើម​យក សំណើច​របស់​មនុស្ស​១៣០​នាក់​ដែល​នឹង​មិន​ឮ​ទៀត​ទេ និង​សំឡេង​១៣០​ដែល​នឹង​មិន​និយាយ​ទៀត​ទេ»។

ពិធី​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​មេដឹកនាំ​បារាំង​ជាន់​ខ្ពស់​ឯ​ទៀតៗ​ និង​គ្រួសារ​នៃ​ពួក​ជន​រងគ្រោះ​ ព្រមទាំង​ជន​រាប់​រយ​នាក់​ទៀត​ដែល​បាន​ត្រូវ​របួស​នៅ​ក្នុង​អ្វី​ដែល​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រទេស​បារាំង។​

នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក​ Hollande បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ឯកភាព ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​បារាំង​នឹង​

«មិន​មាន​ភាព​ភ័យខ្លាច​ ឬ​ភាព​ស្អប់​ខ្ពើម​ទេ»។ ក៏​ប៉ុន្តែ​លោក​បាន​សន្យា​ថា​ នឹង​យក​ជ័យជម្នះ​លើ​ក្រុម​រដ្ឋ​ឥស្លាម ដែល​លោក​បាន​មាន​ប្រសាសន៍​ថា ត្រូវ​បាន​ជំរុញ​ដោយ «បុព្វហេតុ​ឆ្កួត​លីលា​មួយ» និង​ថា «ក្រុម​នេះ​ក្បត់​អាទិទេព​របស់​ពួក​គេ»។

នៅ​ក្នុង​អាទិត្យ​នេះ មេដឹកនាំ​បារាំង​រូប​នេះ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ខាង​ការ​ទូត​មួយ​នៅ​ក្នុងការ​ប៉ុនប៉ង​មួយ​ដើម្បី​ស្ថាបនា​កងកម្លាំង​អន្តរជាតិ​មួយ​តឹងរ៉ឹង​ជាង​មុន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម ដែល​ត្រួតត្រា​តំបន់​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG