កងយោធាស.រ.អា.បាននិយាយថាពួកគេ «មានហេតុផលស្ទើរតែប្រាកដប្រជាថាពួកគេបានសម្លាប់ Jihadi John» ដែលជាជនសកម្មប្រយុទ្ធរដ្ឋឥស្លាមសញ្ជាតិអង់គ្លេសដ៏អប្រិយដែលបានចេញបង្ហាញខ្លួនក្នុងវីដេអូជាអ្នកសម្លាប់ចំណាប់ខ្មាំងបស្ចឹមប្រទេស នៅក្នុងការវាយប្រហារតាមអាកាសមួយក្នុងប្រទេសស៊ីរី។
លោកវរសនីយ៍ឯក Steve Warren នៃកងទ័ពជើងគោកស.រ.អា.ដែលជាអ្នកនាំពាក្យនៃក្រុមចម្រុះដឹកនាំដោយស.រ.អា.បាននិយាយថា ក្រុមមន្ត្រីមានជំនឿថាការវាយប្រហារមួយដោយយន្តហោះគ្មានមនុស្សបើក ទៅលើឡានមួយគ្រឿងកាលពីយប់ថ្ងៃព្រហស្បតិ៍ត្រូវចំគោលដៅហើយថា «ក្រុមបុគ្គលិកនៅក្នុងគោលដៅនោះ» ត្រូវបានសម្លាប់។
លោក Warren បាននិយាយថា គេត្រូវការឱ្យមានការពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយបង្អស់ដើម្បីឱ្យដឹងច្បាស់លាស់ថាតើ Jihadi John បានបាត់បង់ជីវិតមែនឬទេ។
លោកបានថ្លែងថា មនុស្សម្នាក់ទៀតដែលត្រូវបានសម្លាប់ប្រហែលជាអ្នកបើកឡាន ឬជានរណាម្នាក់ដែលអមដំណើរ Jihadi John នៅទីនោះ។ លោកបាននិយាយថា មិនមានបុគ្គលជាន់ខ្ពស់នៃក្រុមភេរវជនឯទៀតបានស្លាប់ក្នុងការវាយប្រហារតាមអាកាសនេះទេ។
Jihadi John ដែលទីភ្នាក់ងារស៊ើបការសម្ងាត់បស្ចឹមប្រទេសប្រាប់អត្តសញ្ញាណថាគាត់មានឈ្មោះពិតប្រាកដថា Mohamed Emwazi ត្រូវបានយកជាទីដៅនៃការវាយប្រហារនៅពេលគាត់ជិះឡាននៅក្នុងក្រុង Raqqa នៃប្រទេសស៊ីរីដែលជារដ្ឋធានីនៃពួករដ្ឋឥស្លាម។ ក្រុមមន្ត្រីស.រ.អា.ជាន់ខ្ពស់បានពណ៌នាការវាយប្រហារនេះថា ជាការវាយប្រហារចំរថយន្តនោះតែម្តង៕