ឆ្មាំការពារដែនសមុទ្រជប៉ុនបានរកឃើញមនុស្សម្នាក់និងកម្ទេចបាក់បែកនៅក្នុងមហាសមុទ្រជាទីកន្លែងដែលយន្តហោះយោធាសហរដ្ឋអាមេរិក Ospreyដែលដឹកមនុស្ស៨នាក់បានធ្លាក់នៅថ្ងៃពុធនេះនៅផ្ទៃទឹកភាគខាងត្បូងប្រទេសជប៉ុន។ នេះបើតាមពួកមន្ត្រីហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកនាំពាក្យឆ្មាំការពារដែនសមុទ្រជប៉ុនលោក Kazuo Ogawa បាននិយាយថាមូលហេតុនៃការធ្លាក់ហើយស្ថានភាពរបស់អ្នកដែលទើបស្រង់បាននិងមនុស្សផ្សេងទៀតនៅលើយន្តហោះនោះមិនត្រូវបានគេដឹងភ្លាមៗនោះទេ។
លោកបាននិយាយទៀតថាឆ្មាំការពារដែនសមុទ្របានទទួលទូរសព្ទគ្រាអាសន្នមកពីទូកនេសាទនៅក្បែរទីកន្លែងធ្លាក់យន្តហោះនោះនៅផ្ទៃទឹកទល់មុខកោះ Yakushima ដែលជាកោះមួយនៅភាគខាងត្បូងក្រុង Kagoshima នៅលើកោះ Kyushu ដែលជាកោះដ៏សំខាន់មួយ។
លោក Ogawa បាននិយាយថាយន្តហោះឆ្មាំការពារដែនសមុទ្រនិងនាវាយាមល្បាតបានរកឃើញមនុស្សម្នាក់ដែលស្ថានភាពរបស់មនុស្សនោះមិនត្រូវបានគេដឹងភ្លាមៗនោះទេនិងមានកម្ទេចបាក់បែកពណ៌ប្រផេះដែលគេជឿថាមកពីយន្តហោះនោះ។ ការរកឃើញនេះមាននៅចម្ងាយប្រហែល ១គីឡូម៉ែត្រនៅផ្ទៃសមុទ្រភាគខាងកើតកោះ Yakushima។
ទីភ្នាក់ងារសារព័ត៌មាន Kyodo បានដកស្រង់សម្តីពួកមន្ត្រីខេត្ត Kagoshima មកចុះផ្សាយថាពួកអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរាយការណ៍ពីការឃើញភ្លើងឆេះចេញពីម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះ Osprey នោះ។
ពួកមន្ត្រីសហរដ្ឋអាមេរិកនិងជប៉ុនបាននិយាយថាយន្តហោះនោះជារបស់មូលដ្ឋានទ័ពអាកាស Yokota នៅភាគខាងលិចក្រុងតូក្យូ។ ពួកមន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិកនៅឯមូលដ្ឋានទ័ពអាកាស Yokota បាននិយាយថាពួកគេនៅមិនទាន់បញ្ជាក់ពីព័ត៌មាននេះហើយមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ៕