ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​អភិបាល​ក្រុង​ស.រ.អា.អំពាវនាវ​ឱ្យមាន​វិធានការ​ថ្មីៗ​ខាង​ការ​គ្រប់គ្រង​កាំភ្លើង


អ្នក​គាំទ្រ​វិធានការ​គ្រប់គ្រង​កាំ​ភ្លើង​ប្រមូល​ផ្តុំ​គ្នា​នៅ​អគារអង្គនីតិ​បញ្ញតិ​នៅ​ទីក្រុង Concord រដ្ឋ New Hampshire កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៩។
អ្នក​គាំទ្រ​វិធានការ​គ្រប់គ្រង​កាំ​ភ្លើង​ប្រមូល​ផ្តុំ​គ្នា​នៅ​អគារអង្គនីតិ​បញ្ញតិ​នៅ​ទីក្រុង Concord រដ្ឋ New Hampshire កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពួក​អភិបាល​ក្រុង​ជាង២០០​ក្នុង​ស.រ.អា.​បានទាមទារឱ្យ​ពួក​សមាជិក​ព្រឹទ្ធសភាស.រ.អា.​វិល​ត្រឡប់មក​ពី​ការ​ឈប់សម្រាក​ក្នុងរដូវក្តៅ​ដើម្បី​អនុម័ត​សេចក្តី​ព្រាងច្បាប់​អំពីការ​គ្រប់គ្រង​កាំភ្លើង​នៅ​ក្រោយមាន​ការ​បាញ់​សម្លាប់រង្គាលពីរ​លើក​កាលពី​ដំណាច់​សប្តាហ៍​មុន​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៣១នាក់​ស្លាប់​នៅ​ក្នុង​រដ្ឋ Texas និង​រដ្ឋ​ Ohio។

អង្គការ​សន្និសីទ​ពួក​អភិបាល​ក្រុង​ស.រ.អា.ដែល​តំណាងក្រុង​២១៤ជាមួយ​ពួក​មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋនិង​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ប្រាប់លោក Mitch McConnell មេដឹកនាំ​ពួក​ភាគច្រើន​ខាងគណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​និង​លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ព្រឹទ្ធសភាថា​ជា​ការ​បន្ទាន់សម្រាប់ឱ្យ​ព្រឹទ្ធសភា​អនុម័ត​វិធានការ​ទាំង​ឡាយដែល​សភា​តំណាង​រាស្ត្រអាមេរិកាំង​បានអនុម័ត​កាល​ពី​ខែ​កុម្ភៈ។

សេចក្តី​ព្រាង​ច្បាប់នេះអំពាវនាវ​ឱ្យមានការ​ឆែកឆេរ​ជីវប្រវត្តិពួក​អ្នកទិញ​កាំភ្លើង​ទាំង​អស់ហើយអាច​ពន្យា​ពេល​រង់ចាំ​សម្រាប់ការ​ទិញ​កាំ​ភ្លើង​ពីបី​ទៅ​១០ថ្ងៃ​នៅ​ពេល​ការ​ពិនិត្យមើលនាំ​ឱ្យមាន​សំណួរ​អំពីពួកជនដែលអាច​ជា​អ្នកទិញ​កាំភ្លើង។​

លោក Schumer ក៏​បានសុំ​ឱ្យមាន​ការ​អនុម័ត​ដោយ​ព្រឹទ្ធសភា​ដែរ​ ក៏​ប៉ុន្តែ​លោក McConnell បាន​រារាំង​ការ​បោះឆ្នោតពី​ព្រោះ​លោក​បានជំទាស់នឹង​វិធានការទាំងនេះ។

ពួក​អភិបាល​ក្រុងទាំងនេះ​បាននិយាយ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់ផ្ញើរ​ទៅ​ឱ្យ​អ្នកតាក់​តែង​ច្បាប់ទាំងនេះ​ថា​«ក្នុង​ឆ្នាំ២០១៩​មាន​ការបាញ់​សម្លាប់​រង្គាល​ជាង​២៥០រួច​ទៅហើយ»។ ​អភិបាល​ក្រុង​ទាំងនេះ​បានថ្លែង​ថា«ព្រឹត្តិការណ៍​ជា​សោដនាដកម្ម»​នៅក្នុង​ក្រុង El Paso នៅ​ជិត​ព្រំដែន​រវាងស.រ.អា.និង​ប្រទេស​ម៉ិកស៊ិក​និង​នៅក្នុង​ក្រុង Dayton រដ្ឋ​ Ohio នា​ប៉ែក​កណ្តាលខាងលិច​ស.រ.អា.«គ្រាន់​តែ​ជា​ការរំលឹក​ថ្មីបំផុត​ថា​ប្រទេស​ជាតិ​យើង​មិន​អាច​រង់ចាំឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​របស់​យើង​ចាត់​វិធានការ​ចាំបាច់​ដើម្បី​រារាំង​ក្រុម​ដែល​មិន​គួរមាន​កាំភ្លើង មិន​ឱ្យ​អាចទិញ​កាំ​ភ្លើង​បាន»៕

XS
SM
MD
LG