ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបាញ់ប្រហារ​ពីរ​ធ្វើ​ឲ្យ​មាន​ការផ្តោត​ឡើងវិញ​ទៅលើ​អំពើហិង្សា​ដោយ​កាំភ្លើង​នៅ​ក្នុង​អាមេរិក


ទង់ជាតិ និងផ្កាត្រូវបានដាក់នៅកន្លែងដែលរងការវាយប្រហារដោយកាំភ្លើង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅហាងលក់ឥវ៉ាន់មួយ នៅក្រុង El Paso រដ្ឋ Texas។

ករណី​បាញ់ប្រហារ​នៅ​សហរដ្ឋ​អាមេរិក​នាពេលបច្ចុប្បន្ននេះ​មាន​ច្រើនជាង​២៥០​ករណី​ក្នុង​ឆ្នាំ​នេះ។

មាន​ការបាញ់ប្រហារ​ចំនួន​ពីរ​កើតឡើង​ក្នុង​រយៈពេល​តែ​១៣​ម៉ោង​ប៉ុណ្ណោះ។ បច្ចុប្បន្ន​មាន​ហេតុការណ៍​បាញ់ប្រហារ​ដូចនេះ​ចំនួន​ ២៥០​ករណី​ក្នុង​ឆ្នាំនេះ ​ដែល​មនុស្ស​យ៉ាងហោចណាស់​ ៤​នាក់​ត្រូវបាន​បាញ់​របួស​ឬ​ស្លាប់ក្នុង​ករណី​នីមួយ​ៗ​ក្រៅពី​ខ្មាន់កាំភ្លើង។

មន្ត្រី​នៅក្នុង​ទីក្រុង Dayton នៃ​រដ្ឋ Ohio និង​ទីក្រុង El Paso នៃ​រដ្ឋTexas រាយការណ៍​ថា មាន​មនុស្ស​ស្លាប់​៣០​នាក់ ​និង​យ៉ាងហោចណាស់​៥០​នាក់​ទៀត​ត្រូវ​បាន​រងរបួស​ពី​ការបាញ់ប្រហារ​កាល​ពី​ចុង​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង​ទាំងពីរ។ អ្នកនយោបាយ​មកពី​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ក្នុង​កម្មវិធី «សប្តាហ៍​នេះ​»​ របស់បណ្តាញ​ទូរទស្សន៍ ABC។

កាលពី​ថ្ងៃ​អាទិត្យ​នៅក្នុង​ទីក្រុង Dayton នៃ​រដ្ឋ Ohio មាន​ការបាញ់ប្រហារ​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​មួយ​នៅ​វេលាម៉ោង១​ រំលងអាធ្រាត្រ។

ខ្មាន់កាំភ្លើង​បានបាញ់​សម្លាប់​មនុស្ស​ចំនួន​ ៩​នាក់ ​និង​មនុស្ស​ ២៧​នាក់​បានរងរបួស មុនពេល​ដែល​ប៉ូលិស​បាន​បាញ់​សម្លាប់​ខ្មាន់កាំភ្លើង​នោះ​។

ត្រឹមតែ​១៣​ម៉ោង​ប៉ុណ្ណោះ​មុន​ការបាញ់ប្រហារ​នេះ មាន​ការបាញ់ប្រហារ​មួយ​ទៀត​នៅក្នុង​ទីក្រុង El Paso នៃ​រដ្ឋ Texas ដែល​មន្ត្រី​ប៉ូលិស​បាន​ឆ្លើយតប​ទៅនឹង​ខ្មាន់កាំភ្លើង​មួយ​ទៀត​នៅឯ​ផ្សារ Wal-Mart។ នៅទីនោះ ខ្មាន់កាំភ្លើង​បាន​សម្លាប់​មនុស្ស​២០​នាក់​ និង​មនុស្ស​យ៉ាងហោចណាស់ ​២៦​នាក់​ទៀត​ត្រូវបាន​រងរបួស​។ មន្ត្រី​សហព័ន្ធ​បាន​ហៅ​ការបាញ់ប្រហារ​នេះ​ថា ជា​សកម្មភាព​ភេរវកម្ម​ក្នុង​ស្រុក។

ករណី​បាញ់ប្រហារ​នៅ​សហរដ្ឋ​អាមេរិក​នាពេលបច្ចុប្បន្ននេះ​មាន​ច្រើនជាង​២៥០​ករណី​ក្នុង​ឆ្នាំ​នេះ។

លោក​ប្រធានាធិបតី​ Trump បាន​សរសេរ​សារ​ Twitter អំពីការគាំទ្រ​របស់​លោក​ចំពោះ​លោក​អភិបាល​រដ្ឋ Texas ដោយ​និយាយ​ថា «ព្រះ​នឹង​នៅ​ជាមួយ​អ្នក​ទាំងអស់​គ្នា»! លោក​បាន​និយាយ​ថា ក្រុមស៊ើបអង្កេត​សហព័ន្ធ FBI អាជ្ញាធរ​រដ្ឋ​និង​អាជ្ញាធរ តាម​តំបន់​កំពុង​ធ្វើការ​ជាមួយគ្នា​នៅ​ក្នុង​ទីក្រុង​ទាំងពីរ។​

បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០២០ មកពី​គណបក្ស​ប្រជាធិបតេយ្យ​ លោក Julian Castro បាន​ស្តី​បន្ទោស​ទៅ​ខ្មាន់កាំភ្លើង ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា វោហាសាស្រ្ត​ពី​ការស្អប់​របស់​លោក​ប្រធានាធិបតី​ Trump នាំឲ្យ​មាន​ភេរវករ​ក្នុង​ប្រទេស។

លោក Julian Castro បាន​មានប្រសាសន៍​ថា៖

«លោក​ប្រធានាធិបតី​បាន​ឲ្យ​អាជ្ញាបណ្ណ​ទៅ​ពួកជ្រុលនិយម​ស្បែកស​ដើម្បី​បង្កើត​ឲ្យ​មាន​បញ្ហា​ជាច្រើន​នៅ​ក្នុង​ប្រទេស​យើង​។​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្នុងនាម​ជា​អ្នកដឹកនាំ​ថ្នាក់ជាតិ​របស់​ពួកយើង លោកប្រធានាធិបតី​អាច​នាំ​ឲ្យ​មាន​ការបែកបាក់​បន្ថែម​ ឬក៏​អាច​ព្យាយាម​នាំ​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ប្រវត្តិ​ខុសៗគ្នា​ឲ្យ​រូបរួម​គ្នា»​។

ប្រធាន​ខុទ្ទកាល័យ​ស្តីទី​នៃ​ការិយាល័យ​ប្រធានាធិបតី លោក Mick Mulvaney បាន​មានប្រសាសន៍​ថា គួរតែ​ស្តី​បន្ទោស​ខ្មាន់កាំភ្លើង​ មិនគួរ​បន្ទោស​វោហាសាស្ត្រ​នយោបាយ​នោះទេ។

លោក Mick Mulvaney បាន​មានប្រសាសន៍​បន្តទៀត​ថា៖

«វា​គ្មាន​ផលចំណេញ​អ្វី​នោះទេ​ក្នុងការព្យាយាម​យក​បញ្ហា​នេះ​មកធ្វើ​ជារឿង​នយោបាយ។ នេះ​គឺ​ជា ​បញ្ហា​សង្គម ហើយ​ពួកយើង​ត្រូវ​រក​ដំណោះស្រាយ។ អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវរឿង​នេះ​គឺ​ជា ​អ្នក​ដែល​បង្ក​បញ្ហា​នេះ​ឡើង។ ពួកយើង​ត្រូវការ​រក​វិធី​កាត់បន្ថយ​មនុស្ស​របៀបនេះ​នៅក្នុង​សង្គម​ ហើយ​មិនត្រូវ​ព្យាយាម​ស្វែងរក​មនុស្ស​ដើម្បី​ស្តី​បន្ទោស​ពី​រឿង​នេះ នៅ​ពេល​បោះឆ្នោត​ខាងមុខ​នោះទេ»។

ទាំង​លោក Mulvaney និង​លោក Castro ហាក់បីដូចជា​យល់ស្រប​ថា ការកាត់បន្ថយ​លទ្ធភាព​ទិញអាវុធ​គឺ​ជា​ជំហាន​មួយ​ទៅកាន់​ទិសដៅ​ដ៏​ត្រឹមត្រូវ​។​

លោក Julian Castro បាន​មានប្រសាសន៍​ថា៖

«ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​គឺ​ មិនមែន​កាំភ្លើង​ថែមទៀត​នោះទេ។ ដំណោះស្រាយ​នោះ​គឺ​ធ្វើឲ្យ​ប្រាកដ​ថា អាវុធ​សម្រាប់​សង្គ្រាម​ និង​អាវុធ​ស្វ័យប្រវត្តិ​ទាំងនេះ​មិនត្រូវឲ្យធ្លាក់​ទៅក្នុង​ដៃ​មនុស្ស​ណា​ដែល​នឹង​ប្រើ​វា​ពាសវាលពាសកាល​នោះទេ»។

លោក Mulvaney បាន​មាន​ប្រសាសន៍​បន្តទៀត​ថា​៖

«ខ្ញុំ​គិត​ថា ពួកយើង​ទាំងអស់​យល់ស្រប​ថា មនុស្ស​អាក្រក់​ដែល​មាន​បំណង​នឹង​ធ្វើរឿងទាំងអស់​នេះ មិនគួរ​អាចទិញ​កាំភ្លើង​ដោយស្របច្បាប់​បាន​នោះទេ។ ពិតណាស់ បញ្ហា​ចម្បង​ដែល​យើង​មាន​នោះ​គឺ​ការព្យាយាម​កំណត់អត្តសញ្ញាណ​មនុស្ស​មួយណា​ដែល​អាក្រក់ នៅពេលដែល​ពួកគេ​ព្យាយាម​ទិញ​អាវុធ​ ហើយ​យើង​ត្រូវតែ​មាន​កិច្ចពិភាក្សា​បែបនេះ​»។​

ការថ្លែង​ដែល​ពោរពេញ​ទៅដោយ​ការស្អប់​និង​ការប្រឆាំង​ជនអន្តោប្រវេសន៍​បាន​កើតមានឡើង​លើ​បណ្តាញ​អ៊ីនធឺណេត​ជិត​ ២០​នាទី​មុនពេល​ដែល​ការបាញ់ប្រហារ​បាន​កើតឡើង​នៅក្នុង​រដ្ឋ Texas។ អាជ្ញាធរ​មិនទាន់​បាន​បញ្ជាក់​នៅឡើយទេ​ថា​នរណា​ជា​អ្នកថ្លែង​នោះ​ទេ។​

ជនរងគ្រោះ​ម្នាក់​នៅក្នុង​ការបាញ់ប្រហារ​ក្នុង​ទីក្រុង​ Dayton គឺ​ជា​ប្អូនស្រី​របស់​ខ្មាន់កាំភ្លើង។ ការបាញ់ប្រហារ​ទាំងអស់​នេះបានធ្វើឲ្យ​ចុងសប្តាហ៍​មុន ជា​សប្តាហ៍​ដែល​មានការបាញ់ប្រហារ​ដ៏​សាហាវ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​មួយ​ដែល​ញាំញ៉ី​ដោយ​អំពើហិង្សា​ដោយ​កាំភ្លើង៕

ប្រែសម្រួលដោយ លី វួចនា

XS
SM
MD
LG