ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​អាច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស ៤ ដែល​បដិសេធ​មិន​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បញ្ជូន​ចេញ


លោក​ប្រធានាធិបតី Donald Trump​ ជួប​ជាមួយ​នឹង​មន្ត្រី​ដើម្បី​ពិភាក្សា​ពី​រដូវកាល​ខ្យល់​ព្យុះ​ខាង​មុន កាលី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​អាច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ដល់​ប្រទេស​ចំនួន ៤ ដែល​មិន​សហប្រតិបត្តិការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បញ្ជូន​ចេញ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សន្តិសុខ​មាតុភូមិ​លោកស្រី Elaine Duke បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រសួង​ការបរទេស​កាល​ពី​សប្ដាហ៍​មុន ដោយ​កំណត់​នូវ​ប្រទេស​ចំនួន ៤ ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​លោក David Lapan បាន​បដិសេធ​មិន​ពិភាក្សា​អំពី​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ ឬ​ក៏​កំណត់​ឈ្មោះ​ប្រទេស​ទាំង ៤ ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទាំង​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ដល់​ពលរដ្ឋ​ដែល​មក​ពី​ប្រទេស​ទាំង​នោះ​ផង​ដែរ។

ប៉ុន្តែ បណ្ដាញ​ព័ត៌មាន CNN បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ម្នាក់ ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ប្រទេស​ទាំង ៤ ដែល​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នោះ គឺ​ប្រទេស​កម្ពុជា អេរីត្រេ ហ្គីណេ និង​សៀរ៉ាឡែអូន។

តាំង​ពី​ឆ្នាំ ២០០០ មក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចំនួន ២ គឺ ប្រទេស​ហ្គីណេ និង​ប្រទេស​ហ្គំប៊ី ដោយ​ឈប់​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​របស់​ពួកគេ​មួយ​ចំនួន៕

XS
SM
MD
LG