ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​អាមេរិកាំង​សុំ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ពិចារណា​ព្យួរ​អាសនៈ​កម្ពុជា​និង​ដាក់​ទណ្ឌកម្ម


នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៣ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​វិមាន​សភា​អាមេរិក​​ក្នុង​​រដ្ឋធានីវ៉ាស៊ីនតោន លើ​បញ្ហា​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​។
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៣ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​វិមាន​សភា​អាមេរិក​​ក្នុង​​រដ្ឋធានីវ៉ាស៊ីនតោន លើ​បញ្ហា​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​។
វ៉ាស៊ីនតោន៖ មេធាវី​អាមេរិកាំ​ងដែល​តំណាង​ឱ្យ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បាន​សរសេរ​លិខិត​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ទៅ​លោក​បាន គីមូន​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​សុំ​ឱ្យពិចារណា​ព្យួរ​អាសនៈកម្ពុជា​នៅក្នុងស្ថាប័ន​ពិភព​លោក​មួយ​នេះ​ និង​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​របស់​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែលពួកគេបាន​ចោទ​ថា ​បាន​រំលោភ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ និង​បន្លំ​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ ទី​២៦ ខែ​វិច្ឆិកា​ ហើយ​វីអូអេ​ទទួល​បាន​មួយ​ច្បាប់​ដែរ​ លោក ម៉ាក ម័រស្តឹន មេធាវី​នៃ​ក្រុម​ហ៊ុន​មេធាវី Rees Broome ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Virginia ​បាន​បញ្ជាក់​ដោយ​លើក​ឡើង​ពី​ការ​រំលោភ​លើ​ចំណុច​ជាច្រើន​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ ក្នុង​នោះ មាន​ការ​មិន​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ហើយ​ត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​រកឃើញ​យ៉ាង​ច្បាស់ ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​រួម​មាន​ការ​បាញ់​សម្លាប់​យ៉ាង​គ្មាន​ច្បាប់​ទម្លាប់​ក្នុង​ពេល​បង្រ្កាប​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​និង​ក្រុម​កម្មករ​ជាដើម។

លិខិត​ដដែល​នោះ បាន​ចំឡង​ជូន​ដល់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ហត្ថលេខី​ទាំង​អស់​នៃ​សន្និសញ្ញា​ទីក្រុង​ប៉ារីស ហើយ​ក៏​មាន​ការ​សុំ​ឱ្យ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​នៅ ប្រទេស​កម្ពុជា​និង​ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​ផងដែរ។​

គេ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តបភ្លាមៗ​បែបណា​ពី​អង្គការ​សហប្រជាជាតិ​និង​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ៕
XS
SM
MD
LG