ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​សុំ​ឱ្យ​លោក​ហ៊ុន សែន ចុះចេញ​ពី​តំណែង

  • ហេង រស្មី

លោក កឹម សុខា (ឆ្វេង​ទីបី) អនុ​ប្រធាននិង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣។
ភ្នំពេញ៖ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​សម្ពាធ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ឱ្យចុះ​ចេញពី​មុខ​តំណែង​ដោយ​សារ​តែ​មិន​មាន​ការ​ពេញ​ចិត្ត​ពី​ប្រជាពលរដ្ឋ​និង​បាន​ឡើង​កាន់​កាប់​មុខ​តំណែង​ដោយ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រាប់​VOA​សំឡេង​សហរដ្ឋ​អាមេរិក​ថា​មូល​ហេតុ​នៃការ​ទាមទារ​ឱ្យលោក​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពីមុខ​តំណែង​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិនអាច​ទទួល​យក​នូវ​លទ្ធផលបោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ​នេះទេ​ទើប​ប្រជា​ពលរដ្ឋ​ទាមទារ​រក​យុត្តិធម៌។​

លោក​បញ្ជាក់​ថា​បើការ​ទាមទារ​ឱ្យលោក​ហ៊ុន សែន​ចុះចេញ​ពីមុខ​តំណែង​ហើយ​លោក​នៅតែ​មិន​ព្រម​ចុះ​នោះ​កម្ពុជា​នឹង​មាន​អស្ថិរភាព​យូរ​អង្វែង​ ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​គោល​ការណ៍​ទាមទារ​ដោយ​សន្តិវិធី​ដើម្បី​ចៀស​វាងនូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា។​

លោក​និយាយ​ថា៖

​«តែបើ​សុំ​គាត់​ចុះ​ដោយ​កិត្តិយស​ហើយ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ប្រជា​ពលរដ្ឋ​នៅ​គោរព​គាត់​ហើយ​យើង​នឹង​កសាង​ប្រទេស​បាន​ល្អប្រសើរ។​តែបើសិន​ជាគាត់​ចុះមិន​ចុះ​ក៏ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏មិន​មាន​ការ​ប្រើ​ប្រាស់​អំពោះ​ហិង្សា​ដែរ»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ត្រូវ​បាន​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​បាន​បោះឆ្នោត​ជាកញ្ចប់​ជាមួយ​នឹង​សមាជិក​រដ្ឋាភិបាល​គាំទ្រ​លោក​ជា​នាយក​រដ្ឋ​មន្ត្រី​អណត្តិ​ទី​៥​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កញ្ញា។​

គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ចូល​រួម​បើក​សម័យ​ប្រជុំ​សភា​ដំបូងនិង​បោះ​ឆ្នោត​តែង​តាំង​នាយក​រដ្ឋមន្ត្រី​ទេ​គណបក្ស​នេះ​បាន​ប្រកាស​ថា​លោក​ហ៊ុន​ សែន​ឡើង​កាន់​កាប់​មុខ​តំណែង​ជាថ្មី​នេះ​បាន​ដោយ​ខុស​ច្បាប់​និង​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​តែ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​និង​គោរព​ច្បាប់​តែគណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​ច្បាប់​ព្រៃមួយ​ទៀត​ដោយ​ខ្លួន​ឯង។​

លោក​បាន​ឱ្យដឹង​ថា​ការទាមទារ​ឱ្យលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះចេញពី​មុខ​តំណែង​គឺផ្ទុយ​ទៅ​នឹង​ច្បាប់។​

លោក​និយាយ​ថា៖

​«ការទាមទារ​ហ្នឹង​គ្រាន់​តែ​ជា​យុទ្ធនាការ​ឃោសនា​ទេ​អ្វី​ដែល​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេចអគ្គសេនាបតី​តេជោ​ ហ៊ុន សែន​គឺជា​តំណែង​កើត​ចេញ​ពីមហាជន​ភាគ​ច្រើន​កើត​ចេញ​ពី​ច្បាប់​របស់​កម្ពុជា​គឺមិន​មែន​កើត​ចេញពី​ច្បាប់​ព្រៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មក​ដល់​ពេល​នេះ​បាន​ចូល​កាន់​កាប់​មុខ​តំណែង​សារ​ជាថ្មី​បាន​រយៈ​ពេល​ជាង​ពីរ​ខែ​ហើយ។​

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ការ​ដាក់​សម្ពាធ​ឱ្យលោក​ហ៊ុន​ សែន​ចុះចេញ​ពី​មុខតំណែង​អាច​ទៅ​រួច​តែ​មាន​ការ​លំបាក​បន្តិច​ដោយ​សារ​តែ​លោក​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​គាំទ្រ​ពីក្រោយ។​

លោក​និយាយ​ថា៖​

«​និយាយ​ទៅ​យោធា​និង​មន្ត្រី​យោធា​ជាច្រើន​អ្នក​ដែល​មាន​លុយ​ជាច្រើន​គាត់​ពឹង​ផ្អែក​លោក​ហ៊ុន សែន​ជា​ខ្នង​។​ដោយ​ហេតុ​នេះ​ហើយ​ពួក​គាត់​និង​ការ​ពារ​អំណាច​លោក​ហ៊ុន សែន​ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន​ដែរ»។​

លោក​អ៊ូ វីរៈ​បាន​បញ្ជាក់​ទៀត​ថា​បើ​ចង់​ឱ្យលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​មុខ​តំណែង​ទាល់​តែ​មាន​ការ​យល់​ព្រម​ពី​សមាជិក​ខាង​គណបក្ស​ប្រជាជន​ផ្សេង​ដែល​គេ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​ដឹក​នាំ​ដ៏យូរ​ឆ្នាំ​របស់​លោក​ហ៊ុន សែន។​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ចាប់​ពី​ថ្ងៃទី​១០​រហូត​ដល់​ថ្ងៃទី​១៥​ខែធ្នូ​ខាង​មុខនេះនឹង​មាន​រៀបចំ​ពិធី​ប្រមូល​ផ្តុំ​មហាជន​នៅ​ក្នុង​ខេត្ត​សៀមរាប​ ព្រះ​វិហារ​ កំពង់​ធំ និង​នៅ​ក្នុងទីលាន​ប្រជាធិបតេយ្យ​ទីក្រុង​ភ្នំពេញ។​

គណបក្ស​នេះ​ក៏បាន​ប្រកាស​ថា​ចាប់​ពី​ថ្ងៃទី​១៥ខែធ្នូ​ ​ទៅ​ជារៀង​រាល់​ថ្ងៃ​អាទិត្យ​និង​ធ្វើ​ពិធី​ជួប​ជុំ​មហាជន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​រក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត៕
XS
SM
MD
LG