ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចង់​ដាក់​កំហិត​ចំពោះ​ទម្លាប់​ផ្ដល់​តំណែង​ជា​ឯក​អគ្គរដ្ឋទូត​ដល់​អ្នក​ឧបត្ថម្ភ​ថវិកា​ផ្នែក​នយោបាយ


លោក Gordon Sondland ដែល​ជា​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​ស្បថ​ដើម្បី​ផ្តល់​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​នៅ​ក្នុង​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងសទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកស្រី Elizabeth Warren ដែល​ជា​បេក្ខជន​មួយ​រូប​នៅ​ក្នុង​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​អំពាវនាវ​ឲ្យ​បេក្ខជន​ផ្សេង​ទៀត​ដែល​ជា​គូ​ប្រជែង​របស់​អ្នកស្រី​ជួយ​បញ្ចប់​ទម្លាប់​ផ្ដល់​តំណែង​ជា​ឯក​អគ្គរដ្ឋទូត​ដល់​អ្នក​ឧបត្ថម្ភ​ថវិកា​នយោបាយ។

ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​បាន​ផ្ដោត​អារម្មណ៍​ខ្លាំង​លើ​សក្ខីកម្ម​របស់​លោក Gordon Sondland ដែល​ជា​ម្ចាស់​សណ្ឋាគារ​អ្នក​មាន​ម្នាក់ ដែល​លោក​ប្រធានាធិបតី Donald Trump បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​ប្រចាំ​សហភាព​អឺរ៉ុប។ សមាជិក​សភា​មួយ​ចំនួន​ផ្ដោត​លើ​មូលហេតុ​ដែល​លោក Trump ផ្ដល់​តំណែង​ដែល​គេ​ចង់​បាន​នេះ​ដល់​លោក Sondland។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Eric Swalwell បាន​សួរ​ថា៖ «លោក​ឧបត្ថម្ភ​ថវិកា​មួយ​លាន​ដុល្លារ​ដល់​គណៈកម្មាធិការ​រៀបចំ​ការ​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី Trump មែន​ទេ?‍»។

លោក Sondland ឆ្លើយ​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ទិញ​សំបុត្រ VIP សម្រាប់​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី Trump‍»។

លោក Eric Swalwell សួរ​បន្ត​ថា៖ «នោះ​គឺ​ថ្លៃ​ណាស់ មែន​ទេ?‍»។

លោក Sondland ឆ្លើយ​ថា៖ «វា​ថ្លៃ​ណាស់‍»។

នៅ​ក្នុង​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​សហការ​រៀបចំ​ដោយ​ទូរទស្សន៍ MSNBC និង​កាសែត Washington Post អ្នកស្រី Elizabeth Warren ដែល​ជា​បេក្ខជន​មួយ​រូប​នៅ​ក្នុង​នោះ បាន​អំពាវនាវ​ឲ្យ​បេក្ខជន​ផ្សេង​ទៀត​ដែល​ជា​គូ​ប្រជែង​របស់​អ្នកស្រី​ជួយ​បញ្ចប់​ទម្លាប់​ផ្ដល់​តំណែង​ជា​ឯក​អគ្គរដ្ឋទូត​ដល់​អ្នក​ឧបត្ថម្ភ​ថវិកា​នយោបាយ។

អ្នកស្រី Warren ថ្លែង​ដូច្នេះ​ថា៖ «តើ​លោក​ឯក​អគ្គរដ្ឋទូត Sondland បាន​កាន់​តំណែង​នេះ​តាម​វិធី​ណា? អ្នក​ដឹង​ទេ លោក​មិន​មែន​ជា​អ្នក​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នោះ​ទេ លើក​លែង​តែ​មួយ​តែ​ប៉ុណ្ណោះ ដែល​នោះ​គឺ លោក​បាន​ផ្ដល់​ថវិកា​មួយ​លាន​ដុល្លារ។ ចំណុច​នេះ​បង្ហាញ​ប្រាប់​យើង​អំពី​អ្វី​ដែល​កំពុងតែ​កើត​ឡើង​នៅ​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​នោះ​គឺ​អំពើ​ពុករលួយ ដែល​លុយ​អាច​ទិញ​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​បាន‍»។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Ami Bera បាន​ស្នើ​ច្បាប់​មួយ​ឲ្យ​ដាក់​កំហិត​ចំពោះ​ទម្លាប់​បែប​នេះ និង​ឲ្យ​ពង្រឹង​អ្នក​មាន​វិជ្ជាជីវៈ​បែប​អាជីព​នៅ​ឯ​ក្រសួង​ការបរទេស។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ក្នុង​ប្រវត្តិសាស្ត្រ តំណែង​ជា​ឯក​អគ្គរដ្ឋទូត​ចំនួន ៣០ ភាគរយ គឺ​តែងតាំង​បែប​នយោបាយ និង ៧០ ភាគរយ បាន​មក​ពី​ការ​ឡើង​តាម​ឋានៈ។ ដូច្នេះ​យើង​កំណត់​យក​ចំនួន​នេះ​ជា​ចំនួន​កំណត់។ យើង​មិន​ចង់​តឹងតែង​ជ្រុល​ចំពោះ​ប្រធានាធិបតី​នោះ​ទេ។ ពួកគេ​អាច​មក​សុំ​ការ​យល់ព្រម​ពី​គណៈកម្មាធិការ​កិច្ចការ​បរទេស ឬ​ក៏​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​បាន ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​ការ​តែងតាំង​តាម​បែប​នយោបាយ​លើស​ពី ៣០ ភាគរយ។ ប៉ុន្តែ យើង​ពិតជា​គិត​ថា ការ​ផ្ដោត​ជា​ចម្បង​លើ​វិជ្ជាជីវៈ​បែប​អាជីព​គឺ​សំខាន់‍»។

លោក​សមាជិក​រដ្ឋសភា Bera បញ្ជាក់​ថា លោក Sondland ខុស​ពី​មន្ត្រី​ការទូត​អាជីព​មួយ​ចំនួន ដែល​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

លោក​លើក​ឡើង​ដូច្នេះ​ថា៖ «តើ​លោក Sondland មាន​ជំនាញ​ការទូត​ពិសេស​ណា​មួយ​ទេ? លោក​គឺ​ខុស​ពី​បុគ្គល​ពីរ​នាក់​ទៀត​ដែល​សារព័ត៌មាន​ផ្សព្វផ្សាយ។ លោក​ឯក​អគ្គរដ្ឋទូត Bill Taylor និង​លោក​អគ្គរដ្ឋទូត George Kent ក៏​ដូចជា​អ្នកស្រី​ឯក​អគ្គរដ្ឋទូត Marie Yovanovitch ផង​ដែរ គឺ​សុទ្ធ​សឹង​តែ​ជា​មន្ត្រី​ការទូត​មាន​វិជ្ជាជីវៈ​បែប​អាជីព ដែល​បាន​កាន់​តំណែង​នេះ​តាម​ការ​ឡើង​តាម​ឋានៈ ដោយ​ពួកគេ​បាន​បម្រើ​ប្រទេស​ជាតិ‍»។

អតីត​ឯក​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ុយក្រែន​អ្នកស្រី Marie Yovanovitch បាន​ស្នើ​ឲ្យ​មាន​ការ​គាំទ្រ​ចំពោះ​មន្ត្រី​ការទូត​អាមេរិកាំង​ដែល​ធ្វើ​ការ​នៅ​បរទេស។

«ឯក​អគ្គរដ្ឋទូត​គឺ​ជា​និមិត្តរូប​របស់​សហរដ្ឋ​អាមេរិក​នៅ​បរទេស។ ពួកគេ​គឺ​ជា​អ្នក​តំណាង​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី។ ពួកគេ​គួរតែ​តែងតែ​ធ្វើ និង​និយាយ​ដោយ​មាន​អំណាច​ពេញលេញ ដើម្បី​និយាយ​គាំទ្រ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក។ ប្រសិនបើ​ឯក​អគ្គរដ្ឋទូត​ត្រូវ​គេ​ដាក់​ពិន័យ វា​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​របស់​យើង​នៅ​ក្នុង​ការ​ការពារ​ប្រយោជន៍​សន្តិសុខ​ជាតិ​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក‍»។

អ្នកស្រី Yovanovitch គឺ​ជា​មន្ត្រី​ការទូត​អាជីព​រយៈពេល ៣៣ ឆ្នាំ ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​លាលែង​ពី​តំណែង​ជា​ឯក​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​ឧសភា តាម​សំណើ​របស់​ប្រធានាធិបតី ទោះបីជា​ក្រសួង​ការបរទេស​ថា អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG