ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​សម្រេច​ថា អតីត​មេធាវី​សេតវិមាន​លោក Don McGahn ត្រូវតែ​ផ្ដល់​សក្ខីកម្ម​ដល់​រដ្ឋសភា


រូប​ឯកសារ៖ លោក Don McGahn ស្តាប់​ចៅក្រម Brett Kavanaugh​ ខណៈ​លោក​ផ្តល់​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក​បាន​សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា អតីត​មេធាវី​សេតវិមាន​លោក Don McGahn ត្រូវតែ​គោរព​តាម​ដីកា​កោះហៅ​របស់​រដ្ឋសភា​ដោយ​ត្រូវ​ផ្ដល់​សក្ខីកម្ម​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។

អ្នកស្រី​ចៅក្រម Ketanji Brown Jackson បាន​និយាយ​ថា ប្រធានាធិបតី «គ្មាន​អំណាច‍» នៅ​ក្នុង​ការ​លើកលែង​ចំពោះ​លោក McGahn ឬ​ក៏​មន្ត្រី​សេតវិមាន​ទាំង​បច្ចុប្បន្ន ឬ​ក៏​កាល​ពី​មុន​ណា​ម្នាក់​មិន​ឲ្យ​ផ្ដល់​សក្ខីកម្ម​បាន​ទេ។

រដ្ឋបាល​របស់​លោក Trump មាន​គម្រោង​ប្ដឹង​បន្ត​ទៅ​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​របស់​អ្នកស្រី​ចៅក្រម Jackson នេះ។ មេធាវី​របស់​លោក McGahn បាន​និយាយ​ថា លោក​នឹង​ធ្វើ​តាម​ដីកា​កោះ​ហៅ​របស់​រដ្ឋសភា ក្នុង​ករណី​ណា​ដែល​តុលាការ​ផ្អាក​ការ​សម្រេច​នេះ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​រង់ចាំ​ការ​សម្រេច​ចំពោះ​បណ្ដឹង​ឧទ្ធរណ៍​នេះ​សិន។

មន្ត្រី​ផ្សេង​ទៀត​ដែល​បាន​ជំទាស់​មិន​ព្រម​ចូល​ខ្លួន​ផ្ដល់​សក្ខីកម្ម​មាន​ដូចជា លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton និង​ប្រធាន​ស្ដីទី​នាយ​ខុទ្ទកាល័យ​លោក Mick Mulvaney។

គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ស៊ើប​អង្កេត​ថា​តើ​គួរ​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង ឬ​ក៏​អត់ សម្រាប់​ករណី​ដែល​លោក Trump ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើប​អង្កេត​លើ​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។ គណបក្ស​ប្រជាធិបតេយ្យ​ជឿ​ថា មន្ត្រី​ជាន់​ខ្ពស់​ដែល​កោះ​ហៅ​ទាំង​នេះ​អាច​ផ្ដល់​ភស្តុតាង​សំខាន់​បាន​ទាក់ទិន​នឹង​រឿង​នេះ៕

XS
SM
MD
LG