សមាជិកសភាសហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងមួយលើកញ្ចប់ថវិកាចំនួន ៤៥០ ពាន់លានដុល្លារ ដើម្បីជួយអាជីវកម្មតូចៗ និងមន្ទីរពេទ្យ នៅក្នុងវិធានការថ្មីចុងក្រោយដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩។
ព្រឹទ្ធសភាអាមេរិកអាចបោះឆ្នោតលើសំណើច្បាប់នេះនៅថ្ងៃអង្គារនេះ។
លោក Steny Hoyer មេដឹកនាំគណបក្សសាធារណរដ្ឋនៃរដ្ឋសភា បាននិយាយថា ប្រសិនបើព្រឹទ្ធសភាអនុម័តលើសំណើច្បាប់នេះនៅថ្ងៃអង្គារនេះ រដ្ឋសភា «អាចជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍» ដើម្បីពិចារណាលើសំណើច្បាប់នេះ។
ថវិកាភាគច្រើននៃកញ្ចប់ថវិកានេះគឺសំដៅលើអាជីវកម្មតូចៗដែលមិនបានដាក់បញ្ចូលនៅក្នុងកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចកាលពីលើកដំបូង។
សម្រាប់កញ្ចប់ថវិកាលើកនេះ ប្រសិនបើកន្លែងអាជីវកម្មណាប្រើថវិកាជំនួយបើកប្រាក់បៀវត្សរ៍ឲ្យបុគ្គលិកនៅក្នុងអំឡុងពេល ២ ខែខាងមុខ នោះរដ្ឋាភិបាលនឹងទទួលខុសត្រូវសម្រាប់រាល់ការចំណាយទាំងនេះ ហើយកន្លែងអាជីវកម្មនោះមិនចាំបាច់សងវិញទេ។
រដ្ឋាភិបាលចង់ជួយប្រជាពលរដ្ឋឲ្យនៅមានការងារធ្វើ និងចង់ឲ្យកន្លែងអាជីវកម្មនានាត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបង្កើនសកម្មភាពរបស់ខ្លួន នៅពេលដែលស្ថានការណ៍វិបត្តិជំងឺកូវីដ ១៩ មានសុវត្ថិភាពសម្រាប់អតិថិជន៕