ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឌុច​ត្រូវ​ជាប់​ពន្ធាគារ​អស់​មួយជីវិត​​ តែជន​រងគ្រោះ​​ខកចិត្ត​ដោយសារ​គ្មាន​សំណង​​សម្រាប់​ពួក​គេ


លោក​ប៊ូ ​ម៉េង ​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ ឬ​ស-២១
លោក​ប៊ូ ​ម៉េង ​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ ឬ​ស-២១

ឌុច ​អតីត​ប្រធាន​គុក​ទួល​ស្លែង​ដ៏​ទារុណ​ក្នុង​របប​ខ្មែរក្រហម ​ត្រូវ​ជាប់​ពន្ធាគារ​អស់​មួយជីវិត​ នេះ​គឺ​ជា​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ។ ​ក៏ប៉ុន្ដែ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ខកខាន​ ក្នុង​ការ​សម្រេចលើ​ផ្ដល់​សំណង​តាម​ការទាមទារ​ជា​ច្រើន​របស់​ក្រុម​ជន​រងគ្រោះ។​

លោក​ចៅក្រម​គង់​ ស្រ៊ីម​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​ បាន​អាន​សាលដីកា​ នៅ​ចំពោះ​មុខ​ ឌុច ​ដែល​ត្រូវ​នាំ​ខ្លួន​យក​មក​ដាក់​ក្នុង​រង្វង់​ក្រចកសេះ​ជា​លើក​ចុង​ក្រោយ។​

លោក​គង់ ​ស្រ៊ីម​បញ្ជាក់​ថា ​ការ​ដាក់​ទោស​នេះ​ដោយ​ផ្អែក​លើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ក្រោម​ការ​គ្រប់គ្រង​របស់​ឌុច​ មាន​ភាព​ធ្ងន់ធ្ងរ​បំផុត។​

«ឧក្រិដ្ឋ​កម្ម​ដែល​កាំង ​ហ្គិចអ៊ាវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​រឿង​ក្តី​នេះ​គឺ​ពិត​ជា​ឧក្រិដ្ឋកម្ម​មួយ​នៅ​ក្នុង​ចំណោម​ឧក្រិដ្ឋ​កម្ម​ដ៏​អាក្រក់​បំផុត ​នៅ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ សម្រេច​ផ្តន្ទាទោស​កាំង ​ហ្គិចអ៊ាវ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១០​ ខែ​ឧសភា​ ឆ្នាំ​១៩៩៩​ត​ទៅ ​ដោយ​គិត​មក​ទល់​ពេល​នេះ។​ កាំង​ ហ្គិចអ៊ាវ​បាន​ទទួល​រង​ទោស​អស់​រយៈពេល​១២​ឆ្នាំ​ និង​២៦៩​ថ្ងៃ​ រួច​ហើយ»។​

មាន​អ្នក​ទោស​នៅ​មន្ទីរ​ស-២១​ ឬ​គុក​ទួលស្លែង​យ៉ាង​តិច​១២៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​មុន​នឹង​ត្រូវ​សម្លាប់​ចោល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឌុច ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

នេះ​គឺ​ជា​សាលដីកា​ស្ថាពរ​ដែល​មិន​អាច​ធ្វើ​ការ​ប្ដឹង​ជំទាស់ត​ទៅ​ទៀត​បាន​ឡើយ។ ​ឌុច​ ដែល​រុំ​ខ្លួន​ទៅ​ដោយ​អាវ​រងារ ​បាន​ឈរ​ក្នុង​រង្វង់​ក្រចកសេះ​ដោយ​ទឹក​មុខ​ស្ងួត ​និង​ស្រងូត​ស្រងាត់។​ តុលាការ​មិន​បាន​ផ្ដល់​ឱកាស​ឲ្យពិរុទ្ធ​ជន​រូប​នេះ​ថ្លែង​សម្តី​ចុង​ក្រោយ​នោះ​ទេ។ ​ឌុច​បាន​លើក​ដៃ​សំពះ​នៅ​ពេល​ដែល​ចៅក្រម​អាន​សាលដីកា​ចប់ ​ហើយ​គាត់​ត្រូវ​កង​សន្តិសុខនាំ​ខ្លួន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​ភ្លាម​ៗ​ដែរ។​

លោក​ចៅក្រម​គង់ ​ស្រ៊ីម​បាន​ប្រកាស​ថា ​ឌុច​នឹង​ត្រូវ​បន្ដ​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​របស់​សាលាក្ដី​ខ្មែរក្រហម​មួយ​រយៈ​ថែម​ទៀត​មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​របស់​រដ្ឋាភិបាល។​

កាំង ​ហ្គិចអ៊ាវ ​ហៅ​ឌុច ​អាយុ​៦៩​ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ អំពើ​មនុស្ស​ឃាត ​និង​ទារុណកម្ម។​ ឌុច​ត្រូវ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា ​ឆ្នាំ​២០១០។ ​ក៏ប៉ុន្ដែ​ការ​ផ្តន្ទាទោស​នេះ​ត្រូវ​បន្ធូរបន្ថយ​នៅ​ត្រឹម​១៩​ឆ្នាំ​វិញ​ ដោយ​ហេតុ​ថា ​ឌុច​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​គុក​យោធា​របស់​រដ្ឋាភិបាល​អស់​រយៈពេល​ជាង​ដប់​ឆ្នាំ ​និង​ឌុច​បាន​ចូលរួម​សហការ​ជាមួយ​សាលាក្ដី​ខ្មែរក្រហម​បាន​យ៉ាង​ល្អ។​

ក៏ប៉ុន្ដែ​លោក​ចៅក្រម​គង់ ​ស្រ៊ីម​នៃ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​បញ្ជាក់​ថា ​នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​មាន​កំហុស​ផ្លូវ​ច្បាប់ ​ហើយ​ឧក្រិដ្ឋកម្ម​របស់​ឌុច ​មិន​គួរ​មាន​ស្ថាន​សម្រាលទោស​ណា​មួយ​ឡើយ។​

មន្ដ្រីទូត ​អតីត​កម្មាភិបាល​ខ្មែរក្រហម ​ព្រះសង្ឃ ​សិស្សានុសិស្ស ​និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​រយ​នាក់ ​បាន​ចូលរួម​ស្ដាប់​ការ​ប្រកាស​សាលដីកា​កំណត់​ទោស​ឌុច​នេះ។ ​ដោយឡែក​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ ក៏​បាន​ធ្វើ​ការ​ផ្សាយ​បន្ដផ្ទាល់​ផង​ដែរ។​

សហមេធាវី​របស់​ឌុច ​លោក​កង ​ឫទ្ធារី​បាន​ប្រតិកម្ម​ទៅ​លើ​ការ​បកស្រាយ​អំពី​អង្គ​ច្បាប់​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល។​

«ខ្ញុំ​ពិបាក​អត្ថាធិប្បាយ​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ វា​មាន​បញ្ហា​ចម្រូងចម្រាស់​ការ​បកស្រាយ​ច្បាប់។​ ខ្ញុំ​ទើប​តែ​នឹង​ឮ​បទ​បញ្ញាត្តិ​ថ្មី ​ដែល​តុលាការ​កំពូល​បាន​បក​ស្រាយ​ថា​ កិច្ច​ព្រមព្រៀង​ អ.ស.ប. ​និង​រដ្ឋាភិបាល​កម្ពុជា​គ្រប​ដណ្តប់​លើ​កម្មាភិបាល​ខ្មែរក្រហម​ទាំង​អស់។ ​អញ្ចឹង​ឲ្យ​តែ​កម្មាភិបាល​ខ្មែរក្រហម​ ពី​ថ្ងៃ​ហ្នឹង​ទៅ​ ប្រុង​ខ្លួន​ឲ្យ​ហើយ​ទៅ។ ​ហើយ​មិនមែន​តែ​រឿង​០០៣ ​និង​០០៤​ទេ ​វា​អស់​រាប់​ពាន់​ករណី​ឯណោះ»។​

លោកស្រី​ជា ​លាង ​សហព្រះរាជអាជ្ញា​ជាតិ​ បាន​ថ្លែង​ភ្លាមៗ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា​ នេះ​គឺ​ជា​សញ្ញា​នៃ​ការ​លុប​បំបាត់​និទណ្ឌភាព។​

«យុត្តិធម៌​ ក្រោយ​៣៣​ឆ្នាំ​ត្រូវ​បាន​មក​ដល់​ហើយ។ ​ខ្ញុំ​គិត​ថា​ និទណ្ឌភាព​ត្រូវ​បាន​លុប​បំបាត់»។​

ដៃ​គូ​របស់​លោកស្រី​ គឺ​លោក​សហ​ព្រះរាជអាជ្ញា ​អែនឌ្រូ ​ខេលី ​អធិប្បាយ​ថា ​នេះ​គឺ​ជា​ជោគជ័យ​របស់​ក្រុម​សហ​ព្រះរាជអាជ្ញា ​ដែល​បាន​ទាមទាម​ឲ្យ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ផ្ដន្ទាទោស​ឌុច ​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ចំនួន​៤៥​ឆ្នាំ។​

«យើង​ទទួល​បាន​ជោគជ័យ ​ហើយ​ខ្ញុំ​គិត​ថា ​ជន​រងគ្រោះ​អាច​សប្បាយ​រីករាយ​ចំពោះ​ការ​ដាក់ទោស​នេះ។ ​យើង​ទទួល​បាន​ការ​ផ្ដន្ទាទោស​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​ទាមទារ​ទៅ​ទៀត»។​

ប្រទេស​បារាំង ​និង​ប្រទេស​ជប៉ុន​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​រួម​មួយ​ ដោយ​អះអាង​ថា ​ប្រទេស​ផ្តល់​ជំនួយ​សូម​ចែក​រំលែក​មោទនភាព​នេះ​ជាមួយ​ប្រទេស​កម្ពុជា ​អង្គការ​សហប្រជាជាតិ ​និង​ប្រជាពលរដ្ឋ​កម្ពុជា។ ​ក៏ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​បាន​ឆ្លៀត​ក្រើន​រំឭក​ពី​ក្ដីប្រាថ្នា​របស់​ខ្លួន​ចង់​ឃើញ​ចៅក្រម ​មេធាវី​ និង​បុគ្គលិក​ទាំង​ពីរ​ភាគី​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ «លើក​កម្ពស់​ផ្នែក​បទដ្ឋាន​ និង​នីតិវិធី​ច្បាប់​ឲ្យ​បាន​ខ្ពស់​បំផុត»។​

លោក​ស្ដេហ្វេន ​រ៉េប ​ឯក​អគ្គរដ្ឋទូត​ផ្នែក​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​របស់​សហរដ្ឋ​អាមេរិក ​ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រកាស​សាលដីកា​នេះ ​ក៏​បាន​ចាត់​ទុក​ថា ​ការ​ផ្ដន្ទា​ទោស​ឌុច​ នៅ​ថ្ងៃ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ។​

«ខ្ញុំ​គិត​ថា ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​សំណុំ​រឿង​ទី​មួយ ​និង​គឺ​ជា​សំណុំរឿង​ដ៏​មាន​សារសំខាន់​អាច​បិទ​បញ្ចប់។ ​ហើយ​ខ្ញុំ​គិត​ថា ​គឺ​ជា​ជំហាន​ដ៏​មាន​សារសំខាន់​សម្រាប់​យុត្តិធម៌ ​និង​ការ​ផ្សះផ្សារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ​ហើយ​ខ្ញុំ​គិត​ថា ​គឺ​ជា​ការ​ត្រឹមត្រូវ​ដែល​មាន​ការផ្ដន្ទាទោស​អស់​មួយ​ជីវិត»។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​សុខ ​អាន ​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ថា​ ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​ការ​ឈឺ​ចាប់។​

«ការ​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំពូល​នៃ​អ.វ.ត.ក.​របស់​យើង​នេះ​ ពិត​ជា​បាន​រំលែក​នូវ​ការ​ឈឺ​ចាប់ ​ការ​សោក​សង្រែង​ទុក្ខ​លំបាក​វេទនា ​ដែល​ជន​រងគ្រោះ​យើង​បាន​ឆ្លង​កាត់»។​

ក៏ប៉ុន្ដែ​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​សម្តែងការ​ខក​ចិត្ត​ទៅ​វិញ​ នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មិន​បាន​សម្រេច​ផ្ដល់​សំណងច្រើន​សម្រាប់​ជន​រងគ្រោះ​នោះ​ទេ​ គឺ​គ្រាន់​តែ​សម្រេច​ថា ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​សាលដីកា​នេះ​ រួម​ទាំង​បញ្ចូល​ឈ្មោះ​ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​ផ្នែក​នៃ​ការ​ផ្ដល់​សំណង។​

យោងតាម ​លោក​សហព្រះរាជអាជ្ញា ​អេនឌ្រូ ​ខេលី ​បាន​ឲ្យ​ដឹង​ថា​ តាម​ច្បាប់​ជាតិ​របស់​ប្រទេស​កម្ពុជា ​ឌុច​អាច​ស្នើសុំ​ការ​ដោះលែង​ទោស​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ទៀត​ គឺ​នៅ​ពេល​ដែល​ឌុច​ទទួល​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ ដោយ​គិត​ចាប់​ពី​ការ​ចាប់​ខ្លួន​នៅ​ឆ្នាំ​១៩៩៩​មក ​សរុប​បាន​ចំនួន​២០​ឆ្នាំ។​
ក៏ប៉ុន្ដែ​លោក​អេនឌ្រូ​ ខេលី​បញ្ជាក់​ថា ​នោះ​គឺ​ជា​នីតិ​វិធី​ស្មុគ្រស្មាញ​មួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG