ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Trump ​ចង់បាន​ចៅក្រម​ថ្មី​បើក​សវនាការ​សំណុំ​រឿង​ក្លែង​បន្លំ​ការ​បោះឆ្នោត​


អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump រៀប​ឡើង​យន្តហោះ​នៅ​អាកាសយានដា្ឋន Ronald Reagan Washington National Airport ក្រោយ​បង្ហាញ​ខ្លួន​នៅ​តុលាការ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣។
អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump រៀប​ឡើង​យន្តហោះ​នៅ​អាកាសយានដា្ឋន Ronald Reagan Washington National Airport ក្រោយ​បង្ហាញ​ខ្លួន​នៅ​តុលាការ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​ Donald Trump ​បាន​តវ៉ា​កាលពី​ថ្ងៃ​អាទិត្យ​ថា​ ចៅក្រម​សហព័ន្ធ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​មិនបាន​ព្រាង​ទុក​ដើម្បី​កាន់សំណុំរឿងដែល​ចោទ​ប្រកាន់​លោក​ពី​បទ​សម​គំនិត​បដិសេធ​បរាជ័យ​របស់​លោក​ក្នុង​ការ​បោះឆ្នោត​ឡើង​វិញ​ឆ្នាំ​ ២០២០​នោះ នឹង​មិន​ផ្តល់​យុត្តិធម៌​ដល់លោក​ទេ​ ហើយ​គួរតែ​ដូរ​ចេញ។​

លោកក៏​បាន​និយាយ​ផង​ដែរ​ថា​ សំណុំ​រឿង​នេះ​គួរតែ​ត្រូវ​បានប្តូរ​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោនដែលពលរដ្ឋ​បាន​បោះឆ្នោត​យ៉ាង​លើស​លប់​ប្រឆាំង​នឹង​លោក​ ​ហើយ​អនាគត ​គណៈវិនិច្ឆ័យ​នឹង​ត្រូវជ្រើសរើស​ពី​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទីនោះ។​

នៅ​លើ​គេហ​ទំព័រ ​Truth Social ​របស់​លោក​ លោក Trump ​បាន​សរសេរ​ជា​អក្សរ​ពុម្ព​ធំៗថា៖​ «គ្មាន​ផ្លូវ​ដែល​ខ្ញុំ​អាច​ទទួល​បាន​ការ​កាត់ក្តីដោយ​យុត្តិធម៌​ពី​ចៅក្រម​ ដែល​ត្រូវ​បាន​ចាត់​តាំង​ទេ»។ លោក​សរសេរ​ដូច្នេះសំដៅ​ចៅក្រម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​គឺ​អ្នកស្រី​ Tanya Chutkan ។​

តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិកមិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់ ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ។​

អ្នកស្រី​ Chutkan ​បាន​កាត់​ទោស​អ្នកគាំទ្រ​លោក​ Trump ​ទាំង៣៨​នាក់​ឱ្យ​ជាប់គុក​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​របស់​អ្នកស្រី​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ​ដែល​កើត​ចេញ​ពី​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​កុប្បកម្ម​នៅ​ថ្ងៃ​ទី ​៦ ខែ​មករា​ឆ្នាំ ២០២១​ នៅ​ពេល​ដែល​អ្នក​គាំទ្រលោក​ ​Trump ​ចំនួន ​២.០០០​ នាក់​បាន​សម្រុក​ចូលវិមាន​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​យល់​ព្រម​ពី​សភា​ថា​ លោក​ Joe Biden​ បេក្ខជន​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នោះ។

នៅ​ក្នុង​សំណុំ​រឿង​ចំនួន​បួន​នៃសំណុំ​រឿង​ដែល​អ្នកស្រី​ Chutkan ​បាន​កាត់​ក្តី​នោះ​ ​រដ្ឋ​អាជ្ញា​មិន​បាន​ស្នើសុំ​ឱ្យ​ដាក់​ទោស​ឱ្យ​ជន​ជាប់​ចោទ​ជាប់​ពន្ធនាគារ​នោះ​ទេ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហ​រដ្ឋ​អាមេរិក​បាន​រាយ​ការណ៍​ថា​ នៅ​ក្នុង​ចំណោម​ចៅក្រម​សហព័ន្ធ​ជាង​២០​នាក់​ដែល​កាន់​សំណុំ​រឿងថ្ងៃទី ​៦​ ខែ​មករា​នោះ ​ អ្នកស្រី​ Chutkan​ នៅ​ក្នុង​ចំណោម​ចៅក្រម​ដែល​កាត់ទោស​ដ៏​តឹងតែង​បំផុត។​

មហា​គណៈ​វិនិច្ឆ័យរបស់​តុលាការ​សហព័ន្ធ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​សប្តាហ៍​មុន ​បានចោទ​ប្រកាន់​ចំនួន​បួន​ករណី​ប្រឆាំង​លោក Trump​ ដូច​អ្វី​ដែល​លោក​ Jack Smith រដ្ឋអាជ្ញាពិសេស​របស់​ក្រសួង​យុត្តិធម៌​ស្វែង​រក។ ​លោក​ Trump​ ប្រកែក​ កាលពី​ថ្ងៃព្រហស្បតិ៍​នៅ​ចំពោះ​មុខ​ចៅក្រមថា លោក​មិនមាន​កំហុសទេ ​ប៉ុន្តែ​ឥឡូវ​នេះ​អ្នកស្រី​ Chutkan​ បាន​កាន់​សំណុំ​រឿង​នេះ​ជា​បន្ត​ ហើយ​គ្រោង​នឹង​កំណត់​កាល​បរិច្ឆេទ​បើក​សវនាការ​នៅ​ថ្ងៃទី​២៨​ ខែ​សីហា៕

XS
SM
MD
LG