ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រឈម​នឹង​ការបាត់បង់​ការគ្រប់គ្រង​អាជីវកម្ម​នៅ New York


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​បន្ទប់​តុលាការ​ក្នុង​រដ្ឋ New York នៅ​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​បន្ទប់​តុលាការ​ក្នុង​រដ្ឋ New York នៅ​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​រដ្ឋ New York កាលពី​ថ្ងៃ​ចន្ទ ដែល​នៅ​ទី​នោះ ចៅក្រម​កំពុង​ពិចារណា​លើ​សំណុំ​រឿង​មួយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​រំលាយ​ចោល​ផល​ប្រយោជន៍​អាជីវកម្ម​ជា​ច្រើន​របស់​លោក​នៅ​ក្នុង​រដ្ឋ New York និង​ការ​ហាម​ឃាត់​លោក​និង​កូន​ប្រុស​ច្បង​ពីរ​នាក់​របស់​លោក​មិន​ឱ្យ​ធ្វើ​អាជីវកម្មនៅ​ទីនោះទៀតឡើយ។

សំណុំ​រឿង​នេះ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សវនាការ​ដំបូង​តាំងពី​ខែ​មករា​មក ត្រូវ​បាន​ប្ដឹង​ដោយ​អគ្គរដ្ឋអាជ្ញា​រដ្ឋ New York អ្នកស្រី Letitia James និង​បាន​ចោទ​ប្រកាន់​លោក Trump កូន​ប្រុស​ពីរ​នាក់​របស់​លោក​ឈ្មោះ Donald Jr. និង​ឈ្មោះ Eric ក្រុមហ៊ុន Trump Organization និង​ចុង​ចោទ​មួយ​ចំនួន​ផ្សេង​ទៀត​ថា​បាន​ប្រព្រឹត្តបទ​ល្មើស​ជា​ច្រើន​នៅ​ក្រោម «កម្មវត្ថុ​នៃ​បណ្ដឹង» ចំនួន៦។

កម្មវត្ថុ​នៃ​បណ្ដឹង​ទាំង​នោះ​មាន​ដូចជា​ការ​ក្លែង​បន្លំ​កំណត់ត្រា​អាជីវកម្ម ការ​ឃុបឃិត​ដើម្បី​ក្លែង​បន្លំ​កំណត់ត្រា​អាជីវកម្ម ការ​ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ក្លែងក្លាយ ការ​ឃុបឃិត​ដើម្បី​ក្លែង​បន្លំ​របាយការណ៍​ហិរញ្ញវត្ថុ​ក្លែងក្លាយ ការ​ក្លែង​បន្លំ​ធានា​រ៉ាប់រង និង​ការ​ឃុបឃិត​ដើម្បី​ប្រព្រឹត្តការ​ក្លែង​បន្លំ​ធានា​រ៉ាប់រង។

ក្នុង​ចំណោម​អង្គហេតុ​ផ្សេង​ទៀត អ្នកស្រី James បាន​ចោទ​ចុង​ចោទ​ថា​បាន​ផ្ដល់​នូវ​ការ​លាត​ត្រដាង​ព័ត៌មាន​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ​និង​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ទៅ​ឱ្យ​ភាគី​ហិរញ្ញវត្ថុ​ម្ខាង​ទៀត​របស់​ខ្លួន​ដែល​រួម​មាន​ទាំង​ធនាគារ​ផង​ដែរ ដែល​ចុងចោទ​ទាំង​នេះ​បាន​ស្នើ​សុំ​កម្ចី។

សវនាការ​បាន​ចាប់ផ្ដើម​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ចៅក្រម Arthur F. Engoron បាន​សម្រេច​ចេញ​សាលក្រម​សង្ខេប​លើ​ស្ថានភាព​នៃ​ផ្នែក​សំខាន់​មួយ​នៃ​សំណុំ​រឿង​នេះ។ នៅ​ក្នុង​ការ​សម្រេច​នោះ លោក Engoron បាន​រក​ឃើញ​ថា​ ស្ថានភាព​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ លោក Trump និង​សហ​ចុងចោទ​របស់​លោក​បាន​ប្រព្រឹត្ត «ការ​ក្លែង​បន្លំ​ជា​បន្ត​ម្ដង​ហើយ​ម្ដង​ទៀត» នៅ​ក្នុង​ការ​លាត​ត្រដាង​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​ខ្លួន ដែល​មិន​ត្រូវ​តម្រូវ​ឱ្យ​ជជែក​រក​ហេតុ​ផល​លើ​ផ្នែកសំខាន់​នេះ​នៅ​ក្នុង​សំណុំ​រឿង​នេះ​ក្នុង​អំឡុង​ពេល​សវនាការ។

ជា​លទ្ធផល​នៃ​សាលក្រម​សង្ខេប​នេះ លោក Engoron បាន​បញ្ជា​ឱ្យ​លុបចោល​អាជ្ញាបណ្ណ​អាជីវកម្ម​នៅ​ក្នុង​រដ្ឋ New York ទាំង​អស់​ដែល​លោក Trump និង​សហ​ចុងចោទ​របស់​លោក​បាន​ដាក់ និង​បាន​សម្រេច​ថា ​សាជីវកម្ម​ពាក់ព័ន្ធ​នានា​នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ភាគី​ទី​បី។ នេះ​មាន​ន័យ​ថា​ ការ​គ្រប់គ្រង​ប្រចាំ​ថ្ងៃ​លើ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​របស់​លោក Trump នៅ​ក្នុង​រដ្ឋ New York ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អគារ Trump Tower អគារ 40 Wall Street និង​ទ្រព្យ​សម្បត្តិ​និង​អាជីវកម្ម​ផ្សេង​ជា​ច្រើន​ទៀត​នឹង​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ប្រចាំ​ថ្ងៃ​របស់​លោក Trump នោះ​ទេ។

លោក Trump បាន​ប្រកាស​ថា​លោក​មិន​មាន​ទោស​នោះ​ទេ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ ដោយ​បាន​ចោទ​អ្នកស្រី​អគ្គរដ្ឋអាជ្ញា​រដ្ឋ New York ដែល​ជា​ជាតិ​សាសន៍​ស្បែក​ខ្មៅ ថា​បាន​រើងអើស​ជាតិ​សាសន៍​នៅ​ក្នុង​ការ​សម្រេច​របស់​អ្នកស្រី​លើ​ការ​ចោទ​ប្រកាន់​រូប​លោក និង​ថា​ការ​សម្រេច​នេះ​គឺ​ធ្វើ​ឡើង​ដោយ​មាន​លក្ខណៈ​នយោបាយ។ លោក Trump ក៏​បាន​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​ផង​ដែរ​លើ​លោក​ចៅក្រម Engoron៕

XS
SM
MD
LG