អ្នកកាសែតអាមេរិកាំងលោក Danny Fenster ត្រូវបានដោះលែងពីពន្ធនាគារក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគឺប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការមួយនៅក្នុងប្រទេសនេះបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារចំនួន១១ឆ្នាំពីបទចោទប្រកាន់មួយរបស់របបយោធាមីយ៉ាន់ម៉ា។
លោក Sonny Swe ដែលជាចាងហ្វាងការផ្សាយនៃទស្សនាវត្តីអនឡាញ Frontier Myanmar ដែលមានមូលដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយដែលមានលោក Fenster បំរើការងារជានិពន្ធនាយកគ្រប់គ្រងនោះបានប្រកាសនៅក្នុងបណ្តាញ Twitter ពីការដោះលែងនៅថ្ងៃចន្ទនេះដោយមិននិយាយលម្អិតថា«នេះជាព័ត៌មានដ៏ល្អមួយ»។
«លោក Danny ជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ដោយរបបយោធានៅក្នុងប្រទេសនេះដោយគ្រាន់តែធ្វើការងារផ្សព្វផ្សាយព័ត៌មានរបស់ពួកគេ ចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈមក។យើងអំពាវនាវឲ្យរបបយោធាដោះលែងអ្នកកាសែតទាំងអស់ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។នេះបើតាមការលើកឡើងរបស់ទស្សនាវត្តី Frontier Myanmar នៅក្នុងបណ្តាញ Twitter។
លោក Bill Richardson អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបានប្រាប់ទីភ្នាក់ងារព័ត៌មាន The Associated Press ថាលោក Fenster ត្រូវបានដោះលែងហើយត្រូវបានប្រគល់ឲ្យលោកហើយថាលោក Fensterនឹងត្រឡប់មកសហរដ្ឋអាមេរិកវិញក្នុងពេលឆាប់ៗខាងមុខនេះតាមរយៈប្រទេសប្រទេសកាតា។
លោក Richardson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្ញើទៅឲ្យទីភ្នាក់ងារព័ត៌មានAP ថា « យើងរំភើបចិត្តណាស់ដែលលោក Danny នៅទីបំផុតត្រូវបានដោះលែងហើយអាចទៅជួបជុំជាមួយក្រុមគ្រួសាររបស់លោកវិញដែលបានធ្វើការតស៊ូមតិឲ្យមានការដោះលែងរូបលោក ក្នុងកាលៈទេសៈយ៉ាងលំបាកនេះ»។
លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានស្វាគមន៍ចំពោះការដោះលែងលោក Danny Fenster «ដែលត្រូវបានឃុំឃាំងដោយខុសច្បាប់អស់ជិត៦ខែ»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃចន្ទ លោក Blinken កោតសរសើរលោកឯកអគ្គរដ្ឋទូត Tom Vajda និងក្រុមការងាររបស់លោកនៅស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងរ៉ង់ហ្គូន ព្រមទាំងលោក Bill Richardson ដែលបានជួយសម្រួលដល់ការដោះលែងលោក Danny។ លោក Blinken ថ្លែងថា «យើងរីករាយដែលលោក Danny នឹងជួបជុំគ្រួសារលោកនៅពេលឆាប់ៗនេះ ខណៈដែលយើងបន្តអំពាវនាវឲ្យមានការដោះលែងអ្នកដទៃទៀតដែលនៅជាប់ឃុំដោយអយុត្តិធម៌ក្នុងប្រទេសភូមា»។
លោក Fenster ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ខែឧសភា នៅអាកាសយានដ្ឋានទីក្រុងរ៉ង់ហ្គូននៅពេលលោកកំពុងត្រៀមឡើងយន្តហោះមកកាន់សហរដ្ឋអាមេរិកវិញ។លោកត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន១១ឆ្នាំពីបទចោទប្រកាន់នឹងការពាក់ព័ន្ធមិនស្របច្បាប់ការញុះញង់ប្រឆាំងនឹងរបបយោធានិងការរំលោភទៅលើបទបញ្ញត្តិទិដ្ឋាការ។លោកក៏ត្រូវបានចោទប្រកាន់២ករណីបន្ថែមទៀតផងដែរគឺអំពើភេរវកម្ម និងការបះបោរ ដែលអាចធ្វើឲ្យលោកជាប់ពន្ធនាគារបន្ថែមរហូតដល់ទៅ៣០ឆ្នាំទៀត។
បើយោងតាមគេហទំព័រឃ្លាំមើលព័ត៌មានអាស៊ីមួយដែលមានឈ្មោះថា Reporting ASEAN អ្នកកាសែតនិងបុគ្គលិកព័ត៌មានប្រមាណជាង១០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបដោយរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press Reuters.