ស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក (Overseas Private Investment Corporation) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន១២៥លានដុល្លារអាមេរិក ជាមួយធនាគារក្នុងស្រុកមួយ ដើម្បីគាំទ្រសហគ្រាសនៅកម្ពុជា។
បើតាមសេចក្ដីថ្លែងការណ៍រួមចេញនៅថ្ងៃទី២៤ ខែសីហា ដោយធនាគារអេស៊ីលីដា (ACELEDA) និងសាជីវកម្មវិនិយោគឯកជនក្រៅប្រទេស ហៅកាត់ថា OPIC បង្ហាញថា OPIC ដែលជាស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានដល់ធនាគារអេស៊ីលីដា ភីអិលស៊ី ចំនួន១២៥លានដុល្លារអាមេរិក (មួយរយម្ភៃប្រាំលានដុល្លារអាមេរិកគត់) ដើម្បីគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម (MSMEs)។ សេចក្តីថ្លែងការណ៍បន្ថែមថា ហិរញ្ញប្បទាននេះជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ឱកាសការងារ ផលិតផល និងសេវាកម្មក្នុងវិស័យឯកជននៅប្រទេសកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ដដែល លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី លើកឡើងថា ការទទួលបានហិរញ្ញប្បទានរយៈពេលវែងពី OPIC ធ្វើឲ្យធនាគារអេស៊ីលីដា ភីអិលស៊ី អាចពង្រីកលទ្ធភាពផ្តល់កម្ចីទៅសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមនៅទូទាំងកម្ពុជា ក្នុងការចាប់ផ្តើម ពង្រីកធុរកិច្ច និងបង្កើនចំណូល។
ចំណែកលោកស្រី អីលីហ្សាបេត លីថលហ្វីល (Elizabeth Littlefield) ប្រធាននាយកប្រតិបត្តិរបស់ OPIC បញ្ជាក់ថា ហិរញ្ញប្បទានរបស់ OPIC នឹងផ្តល់លទ្ធភាពដល់ធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ធុរកិច្ចចីរភាពនៅកម្ពុជា ព្រមទាំងធ្វើឲ្យជីវភាពរស់នៅ និងការធ្វើធុរកិច្ចរបស់ពលរដ្ឋកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។
OPIC ជាទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កើតឡើងក្នុងឆ្នាំ១៩៧១។ ស្ថាប័ននេះបានកៀងគរមូលធនឯកជនដើម្បីគាំទ្រគម្រោងអភិវឌ្ឍសំខាន់ៗ ឆ្លើយតបទៅនឹងអាទិភាពសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិក។ OPIC វិនិយោគជាមួយវិស័យឯកជនសហរដ្ឋអាមេរិក និងជំរុញឲ្យធុរកិច្ចរបស់សហរដ្ឋអាមេរិក បោះជំហានទៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍន៍ មានចំណូលខ្ពស់ ផ្តល់ឱកាសការងារទាំងក្នុងនិងក្រៅប្រទេស៕