ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ឥណ្ឌា​ថា ប្រទេស​ទាំង​ពីរ​កំពុង​ធ្វើ​ការ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​​ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​​ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​ឥណ្ឌា​កំពុង​ធ្វើ​ការ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ។ លោក​ទាំង​ពីរ​ថ្លែង​ដូច្នេះ បន្ទាប់ពី​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង​ញូវដេលី​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Trump ទៅ​កាន់​ប្រទេស​ឥណ្ឌា។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «ក្រុម​របស់​ពួក​យើង​បាន​សម្រេច​នូវ​ដំណើរ​វិវឌ្ឍ​ដ៏​អស្ចារ្យ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​មួយ ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ពួក​យើង​អាច​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​ដែល​មាន​សារៈសំខាន់​ខ្លាំង​បំផុត​សម្រាប់​ប្រទេស​ទាំង​ពីរ‍»។

បន្ថែម​ពី​នេះ លោក Trump បាន​ប្រកាស​អំពី​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ ដែល​ឥណ្ឌា​និង​ទិញ​ឧទ្ធម្ភាគចក្រ និង​ឧបករណ៍​យោធា​ផ្សេង​ទៀត​តម្លៃ ៣ ពាន់​លាន​ដុល្លារ​ពី​សហរដ្ឋ​អាមេរិក ហើយ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ទាំង​ពីរ​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រឆាំង​អំពើ​ភេរវកម្ម បញ្ហា​សន្តិសុខ​តាម​អ៊ីនធឺណិត និង​បញ្ហា​សន្តិសុខ​ដែន​សមុទ្រ។

លោក Trump បាន​ប្រកាស​ថា ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ឥណ្ឌា នៅ​ពេល​នេះ គឺ​ជា​ទំនាក់ទំនង «ខ្លាំងក្លា​យ៉ាង​ពិត​ប្រាកដ​ជាង​ពេល​ណាៗ​ទាំង​អស់‍»។

លោក Modi ក៏​បាន​ថ្លែង​សរសើរ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​លោក​បាន​និយាយ​ថា លោក Trump បាន​បង្កើន​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​បង្កើន​ទំនាក់ទំនង​ដល់​កម្រិត​ខ្ពស់​មួយ។

លោក Modi បាន​បញ្ជាក់​ថា លោក និង​លោក Trump បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ផ្លែផ្កា​លើ​ទិដ្ឋភាព​សំខាន់ៗ​មួយ​ចំនួន​នៃ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ​ដូចជា​បញ្ហា​យោធា និង​សន្តិសុខ បញ្ហា​ថាមពល និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​ជា​ដើម។

ជាង​នេះ​ទៀត មុន​ពេល​លោក Trump និង​លោក Modi ថ្លែង​ដូច្នេះ មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​អំពី​អនុសារណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​សុវត្ថិភាព​នៃ​ផលិតផល​ថ្នាំ​ពេទ្យ ក៏​ដូចជា​លិខិត​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ប្រេង​ផង​ដែរ៕

XS
SM
MD
LG