ករណីរដ្ឋធម្មនុញ្ញរបស់ប្រទេសស៊ីរីគឺជាដើមហេតុចម្បងនៃទំនាស់រវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។ អង្គការសហប្រជាជាតិចង់ឃើញរដ្ឋាភិបាលក្រុមប្រឆាំងនិងសមាជិកនៃអង្គការសង្គមស៊ីវិលទាំងអស់ ធ្វើសេចក្តីព្រាងច្បាប់ធម្មនុញ្ញថ្មីមួយ។
ក្រុមប្រឆាំងបានឯកភាពយល់ព្រមលើជំហរបង្កើតរដ្ឋធម្មនុញ្ញថ្មីនេះ ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar Assad យល់ព្រមឲ្យមានត្រឹមតែការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញដែលមានស្រាប់តែប៉ុណ្ណោះ។
លោក Staffan de Mistura ដែលប្រេសិតអ.ស.ប.ប្រចាំប្រទេសស៊ីរីបានរាយការណ៍ថា មានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ ចំពោះការបង្កើតរដ្ឋធម្មនុញ្ញថ្មីនេះ។លោកបាននិយាយថា រដ្ឋាភិបាលប្រទេសស៊ីរីបានផ្ញើបញ្ជីឈ្មោះបុគ្គល៥០រូប ដែលរដ្ឋាភិបាលបានជ្រើសរើសឲ្យធ្វើជាគណៈកម្មការរដ្ឋធម្មនុញ្ញនេះហើយក្រុមប្រឆាំងក៏កំពុងរៀបចំបញ្ជីឈ្មោះរបស់ពួកគេផងដែរ។
លោក Staffan de Mistura បានបញ្ជាក់ថា៖
«ខណៈពេលដែលយើងបន្តធ្វើការតាមក្បួនខ្នាតនិងដោយប្រុងប្រយ័ត្ន ដើម្បីសម្របសម្រួលដល់ការបង្កើតគណៈកម្មការរដ្ឋធម្មនុញ្ញដែលដឹកនាំនិងបង្កើតដោយជនជាតិស៊ីរីនោះយើងក៏ចាំថាការបង្កើតរដ្ឋធម្មនុញ្ញថ្មីនេះគឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើឲ្យដំណើរការនយោបាយប្រសើរឡើងវិញ។ ប៉ុន្តែនិយាយឱ្យត្រង់ទៅចុះខ្ញុំមិនរំពឹងថានឹងមានភាពរីកចម្រើនអស្ចារ្យពេកនោះទេ។ យ៉ាងណាក៏ដោយខ្ញុំមានជំនឿជាក់ថា ភាពរីកចម្រើនខ្លះអាចកើតមានឡើង»។
លោក Staffan De Mistura បានអញ្ជើញមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រុស្ស៊ីនិងតួកគីមកកាន់ទីក្រុងហ្សឺណែវដើម្បីពិគ្រោះប្រឹក្សាអំពីយុទ្ធសាស្ត្រជំរុញឲ្យដំណើរការបង្កើតគណៈកម្មការរដ្ឋធម្មនុញ្ញនេះឆ្ពោះទៅមុខ។
លោកក៏បានបញ្ជាក់ដែរថាលោកបានអញ្ជើញប្រទេសមួយក្រុមតូចដូចជា បារាំង អាល្លឺម៉ង់ ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក មកទីក្រុងហ្សឺណែវនៅសប្ដាហ៍បន្ទាប់ ក្រោយពីជំនួបនេះដើម្បីបញ្ចេញមតិយោបល់លើបញ្ហារដ្ឋធម្មនុញ្ញប្រទេសស៊ីរីនេះ។ លោកបានថ្លែងថាសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួននឹងមានវត្តមានសម្រាប់ថ្ងៃ២៥ខែមិថុនា ហើយសង្ឃឹមថានឹងរៀបចំកិច្ចប្រជុំនៅថ្ងៃដដែលនេះតែម្តង។
សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ដែលគិតមកដល់ពេលនេះមានរយៈកាល៨ឆ្នាំហើយនោះ បានធ្វើឲ្យប្រជាជនជាង១១លាននាក់ ផ្លាស់ទីជម្រក៕
ប្រែសម្រួលដោយ កោះ សុគន្ធី