ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​ចោទ​ប្រកាន់​ដក​​​​លោក Trump រៀបចំ​គម្រោង​រឿង​ក្តី​​ដ៏​ល្អិតល្អន់


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ក្រុម​រដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​ចោទ​ប្រកាន់​ដក​ប្រធានាធិបតី​ចេញពី​តំណែង កំពុង​រៀបចំ​គម្រោង​ដើម្បី​បង្ហាញ​ពី​តួនាទី​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​នាំ​ឲ្យ​មាន​ការ​វាយ​សង្គ្រប់​ដ៏​ប្រល័យ​កាលពី​សប្តាហ៍​មុន​ នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ​នៅ​ពេល​ដែល​ក្រុម​នេះព្យាយាម​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​ពី​ការញុះញង់​ឲ្យ​មាន​ការបះបោរ​ នៅឯ​ការ​កាត់​ទោស​ប្តឹង​ទម្លាក់​ប្រធានាធិបតី​នៅព្រឹទ្ធសភា​ ដែល​មាន​គម្រោង​ចាប់​ផ្តើម​នៅ​ពេល​ឆាប់ៗ​នេះ ​បន្ទាប់​ពី​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden ត្រូវ​ស្បថ​ចូល​កាន់​តំណែង ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ។

លោក​ស្រី Diana DeGette សមាជិក​រដ្ឋសភា​នៃ​រដ្ឋ Colorado បាន​ប្រាប់​ទូរទស្សន៍ CNN កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោកស្រី​និង​អ្នក​រៀបចំ​ចាត់ចែង​ការប្តឹង​ទម្លាក់​ប្រធានាធិបតី​ផ្សេង​ទៀត នឹង​បង្ហាញ​វីដេអូ​ពី​ពួក​កុបករ​វាយ​សង្គ្រប់​វិមាន​សភា​ភ្លាមៗ​ បន្ទាប់​ពី​លោក​ប្រធានាធិបតី Trump បាន​អង្វរករ​ពួកគេ​នៅឯ​ការ​ប្រជុំ​មហាជន​មួយឲ្យ​ពួកគេ​ដើរ​ទៅ​កាន់​វិមាន​សភា ​ដើម្បី «ប្រយុទ្ធ»​ ដើម្បី​ប្រែ​ក្រឡាស់​ការ​ចាញ់​ឆ្នោត​របស់​លោក។

នៅពេល​នោះ ក្រុម​សមាជិក​សភា​បាន​ស្ថិត​នៅ​ក្នុង​ប្រជុំ​ដំណាក់កាល​ដំបូង​ដើម្បីបញ្ជាក់​សំឡេង​អង្គបោះឆ្នោត​ដែល​បង្ហាញ​ថា លោក Biden ឈ្នះ។

លោកស្រី DeGette បាន​ថ្លែង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋសភា​បាន​បោះឆ្នោត​ ដោយ​សំឡេង​ ២៣២​ ទល់​នឹង ​១៩៧​ ដើម្បី​ប្តឹង​ទម្លាក់​លោក Trump ចេញ​ពី​តំណែង​ថា៖ «នេះ​ជាស្ថាន​ការណ៍​មួយ​ដែល​លោក​ប្រធានាធិបតី​បាន​ប្រព្រឹត្ត​កំហុសឃើញ​ជាក់លើ​បណ្តាញ​ទូរទស្សន៍​ជាតិ។ យើង​នឹង​យក​រូបភាព​ទាំង​អស់​នោះ។ យើង​នឹង​ប្រាប់​រឿងរ៉ាវ​នោះ​ទៅ​កាន់​ពួក​សមាជិក​ព្រឹទ្ធសភា»។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ ចំនួន​១០​រូប បាន​ចូលរួម​ជាមួយគណបក្ស​ប្រជាធិបតេយ្យដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​ប្រឆាំង​នឹង​លោក Trump ដែល​ជា​អ្នក​សាធារណរដ្ឋ។

ការ​បោះឆ្នោត​នៅ​រដ្ឋសភា​បាន​ធ្វើ​ឲ្យ​លោក Trump ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើក​ទីមួយ​ ដែល​ត្រូវ​បាន​ប្តឹង​ចោទប្រកាន់​ទម្លាក់​ចេញ​ពី​តំណែង​២ដង។

កាល​ពី​ចុង​ឆ្នាំ​២០១៩ លោក​បាន​ត្រូវ​ប្តឹង​ទម្លាក់​ចេញ​ពី​តំណែង​ដោយ​រដ្ឋសភា​ចំពោះ​ការ​រក​ការ​ជួយ​ឧបត្ថម្ភ​របស់​ប្រទេស​អ៊ុយក្រែន​ នៅ​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ដើម្បី​ប្រឆាំង​លោក Biden មុន​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ក៏​ប៉ុន្តែ​ត្រូវ​បាន​ព្រឹទ្ធសភា​កាត់​ទោស​ឲ្យ​រួច​ខ្លួន​ កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ទៅ៕

XS
SM
MD
LG