ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​តំណាងរាស្ត្រ​របស់​អាមេរិក​ចង់​បាន​ភស្តុតាង​ពី​លោក​ Trump ពាក់ព័ន្ធ​នឹង​ការ​លួច​ថត​សំឡេង


លោក Devin Nunes ប្រធាន​គណៈកម្មាធិកា​ស៊ើបអង្កេត​របស់​សភា​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Devin Nunes ប្រធាន​គណៈកម្មាធិកា​ស៊ើបអង្កេត​របស់​សភា​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

គណៈកម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​របស់​សភា​អាមេរិក​កំពុង​អំពាវ​នាវ​ឲ្យ​លោក​ប្រធានាធិបតី Donald Trump បង្ហាញ​ភស្តុតាង​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ ដែល​លោក​បាន​លើក​ឡើង​ថា ទូរស័ព្ទ​នៅ​អាគារ Trump Tower ត្រូវ​បាន​គេ​លួច​ថត​សំឡេង​ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ឡូឡា​តាម​រយៈ​សារមួយ​នៅ​លើ​បណ្តាញ​សង្គម Twitter កាលពី​សប្តាហ៍​មុន​ ដោយ​ថា​ លោក​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​លួច​ថត​សំឡេង​ទូរស័ព្ទ​នៅ​ក្នុង​អាគារ​ Trump Tower របស់​លោក ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ភស្តុតាង​អ្វី​នោះ​ទេ។ លោក​ប្រធានាធិបតី​បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​សង្គម Twitter នោះ​ថា៖«អាក្រក់ណាស់។ ទើប​តែ​ដឹង​ថា​លោក អូបាម៉ា បាន​លួច​ថត​សំឡេង​ទូរស័ព្ទ​របស់​ខ្ញុំ នៅ​ក្នុង​អាគារ Trump Tower មុន​នឹង​ខ្ញុំ​ទទួល​ជ័យ​ជម្នះ។ គ្មាន​អ្វី​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ។ នេះ​គឺ​ជា​ការ​អនុវត្ត​បែប McCarthyism‍»។

ប្រធាន​គណៈកម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​របស់​សភា លោក Devin Nunes ដែល​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ California ហើយ​និង​លោក Adam Schiff ដែល​មក​ពី​រដ្ឋ California ផង​ដែរ​នោះ​ បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក Trump ដើម្បី​ស្នើ​សុំ​ភស្តុតាង​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​លោក​ដែល​ថា លោក អូបាម៉ា បាន​ថត​សំឡេង​ទូរស័ព្ទ​របស់​លោក។

អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​លោក អូបាម៉ា បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​របស់​លោក Trump គឺ​ខុស​តែ​ម្តង។

លោក Trump មិន​បាន​ផ្តល់​អត្ថាធិប្បាយ​អ្វី​នោះ​ទេ​ទៅ​លើ​បញ្ហា​នៃ​ការ​លួច​ថត​សំឡេង​ទូរស័ព្ទ ចាប់​តាំង​ពី​លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Twitter នោះ​រួច​មក។

តាម​ច្បាប់​របស់​អាមេរិក ប្រធានាធិបតី​មិន​អាច​បញ្ជា​ឲ្យ​ថត​សំឡេង​ទូរស័ព្ធ​របស់​នរណា​ម្នាក់​បាន​នោះ​ទេ។ លោក​ត្រូវ​ការ​ ការ​យល់​ព្រម​ពី​ចៅក្រម​សហព័ន្ធ​ហើយ​លោក​ត្រូវ​ផ្តល់​ហេតុផល​ណាមួយ​ឲ្យ​បាន​ជាក់​លាក់​ ថា​មូលហេតុ​អ្វី​បាន​ជា​ត្រូវ​តាម​ដាន​ការ​ហៅ​ទូរស័ព្ទ​របស់​ពលរដ្ឋ​ណា​ម្នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG