ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ពេញ​អង្គ​អនុម័ត​ជា​ផ្លូវការ​លើ​ការ​ចោទ​ប្រកាន់​លោក Trump ដើម្បី​ទម្លាក់​ចេញ​ពី​តំណែង


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយ។

កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ជា​ផ្លូវការ​លើ​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ចេញ​ពី​តំណែង ក្រោម​បទ​ចោទ​ប្រកាន់​ថា​លោក​បាន​រំលោភ​អំណាច​ជា​ប្រធានាធិបតី​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផ្នែក​នយោបាយ​របស់​លោក និង​បាន​រារាំង​កិច្ច​ប្រឹងប្រែង​របស់​សភា​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ទង្វើ​របស់​លោក។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ដំណើរការ​នេះ​នឹង​ត្រូវ​បញ្ជូន​លឿន​ប៉ុណ្ណា​ទៅ​កាន់​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trump សម្រាប់​សវនាការ​មួយ​ដែល​ទំនង​ជា​នឹង​កាត់​ក្ដី​ថា​លោក Trump គ្មាន​ទោស។

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​បាន​និយាយ​ថា សវនាការ​កាត់​ក្ដី​លោក Trump គឺ​ជា​អាទិភាព​ចម្បង​នៅ​ខែ​មករា​ខាង​មុខ​នេះ។ លោក McConnell បាន​បន្ថែម​ថា លោក​គ្រោង​នឹង​ថ្លែង​អំពី​ការ​ចោទ​ប្រកាន់​ដើម្បី​ដក​តំណែង​របស់​លោក Trump នេះ​នៅ​ឯ​អង្គ​ប្រជុំ​ព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មុន​ពេល​ព្រឹទ្ធសភា​អាច​ចាត់​វិធានការ​លើ​បញ្ហា​នេះ​បាន ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ត្រូវតែ​បញ្ជូន​បទ​ចោទ​ប្រកាន់​លោក Trump ទាំង​ពីរ​ករណី​ទៅ​កាន់​ព្រឹទ្ធសភា ប៉ុន្តែ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​របស់​រដ្ឋសភា​ពេញ​អង្គ​សម្រេច​ជា​ផ្លូវការ​លើ​ការ​ចោទ​ប្រកាន់​លោក Trump នេះ បាន​បញ្ចប់​ភ្លាមៗ​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​មក អ្នកស្រី​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ពេល​វេលា​នៃ​ការ​បញ្ជូន​បទ​ចោទ​ទាំង​នេះ​ទៅ​កាន់​ព្រឹទ្ធសភា​នោះ​ទេ។

អ្នកស្រី Pelosi បាន​លើក​ឡើង​ថា អ្នកស្រី​ចង់​ដឹង​បន្ថែម​ទៀត​ពី​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​អំពី​ថា​តើ​ពួកគេ​គ្រោង​នឹង​បើក​សវនាការ​លើ​រឿង​នេះ​តាម​វិធី​ណា មុន​ពេល​ដែល​រដ្ឋសភា​ជ្រើសរើស​អ្នក​ដែល​នឹង​ត្រូវ​ធ្វើ​ជា​រដ្ឋអាជ្ញា​នោះ។

សេតវិមាន​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ភ្លាមៗ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​របស់​រដ្ឋសភា​នេះ​បាន​បញ្ចប់​ទៅ ដោយ​ហៅ​វា​ថា​ជា «ការ​ចោទ​ប្រកាន់​ក្លែងក្លាយ» និង​ជា​ចំណុច​ខ្ពស់​បំផុត​នៃ «ព្រឹត្តិការណ៍​នយោបាយ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក»។

សេចក្ដី​ប្រកាស​នេះ​បាន​បន្ថែម​ថា៖ «លោក​ប្រធានាធិបតី​ជឿជាក់​ថា ព្រឹទ្ធសភា​នឹង​ស្ដារ​ឡើង​វិញ​នូវ​របៀបរបប​ត្រឹមត្រូវ​តាម​ច្បាប់ ភាព​យុត្តិធម៌ និង​នីតិ​វិធី​ត្រឹមត្រូវ ដែល​ចំណុច​ទាំង​អស់​នេះ​មិន​ត្រូវ​បាន​រដ្ឋសភា​ពិចារណា​នៅ​ក្នុង​ដំណើរការ​របស់​ខ្លួន​លើ​បញ្ហា​នេះ​ទេ។ លោក​ប្រធានាធិបតី​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ជំហាន​បន្ទាប់ និង​មាន​ជំនឿ​ជឿជាក់​ថា លោក​នឹង​ត្រូវ​គេ​ប្រកាស​ថា​គ្មាន​ទោស»៕

XS
SM
MD
LG