រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិស្តីទីរបស់សហរដ្ឋអាមេរិក បានការពារកាលពីថ្ងៃអាទិត្យចំពោះការវាយឆ្មក់កាលពីសប្តាហ៍មុនលើរោងចក្រផលិតម្ហូបអាហារនៅក្នុងរដ្ឋមីស៊ីស៊ីពីដើម្បីស្វែងរកជនចំណាកស្រុកគ្មានក្រដាសស្នាមរាប់រយនាក់ ក៏ប៉ុន្តែ បានទទួលស្គាល់ថា «ជាពេលវេលាមិនគប្បី» ទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើងបានវាយប្រហារ និងសម្លាប់ជនជាតិ Hispanics ២២នាក់នៅក្នុងការបាញ់ប្រហារនៅក្នុងទីក្រុង El Paso រដ្ឋតិចសាស។
លោក Kevin MxAleenan រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិស្តីទី បានប្រាប់កម្មវិធី Meet the Press នៃបណ្តាញទូរទស្សន៍ NBC ជនចំណាកស្រុក៦៨០នាក់ បានត្រូវឃុំខ្លួននៅក្នុងកិច្ចប្រតិបត្តិការវាយឆ្មក់លើក្រុមហ៊ុនចំនួន៥ ជនចំណាកស្រុក២រយនាក់មានប្រវត្តិឧក្រិដ្ឋកម្មហើយនឹងត្រូវបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។
រូបភាពតាមទូរទស្សន៍ បានបង្ហាញពីកូនក្មេងយំនៅពេលដែលពួកគេបានដឹងថា ឪពុកម្តាយរបស់ខ្លួនត្រូវបានគេឃុំខ្លួននៅក្នុងការវាយឆ្មក់ហើយនឹងមិនអាចទៅទទួលពួកគេបាននៅពេលដែលពួកគេចេញពីរៀនកាលពីថ្ងៃពុធសប្តាហ៍មុន។ ក៏ប៉ុន្តែ លោក MxAleenan បាននិយាយថា ការវាយឆ្មក់នោះ បានធ្វើឡើងដោយមានការស្មុគ្រស្មាញបំផុត ហើយបញ្ហានៃការថែទាំកូនក្មេងត្រូវបានពិចារណា។
លោក បាននិយាយទៀតថា ជនអន្តោប្រវេសន៍៣២នាក់ ដែលត្រូវបានចាប់ខ្លួន បានត្រូវដោះលែងវិញក្នុងរយៈពេលមួយម៉ោង ហើយ២៧០នាក់ទៀតបានដោះលែងក្នុងរយៈពេលមួយថ្ងៃ ពីព្រោះតែការទាក់ទិននឹងការថែទាំកូនក្មេង។
គោលនយោបាយនៅឯទីភ្នាក់ងារអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក ដែលជា ផ្នែកមួយនៃក្រសួងសន្តិសុខមាតុភូមិ ទាមទារឲ្យកាត់ទោសក្រុមហ៊ុនដែលបានជួលជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមដោយចេតនាមុនពេលចាប់ខ្លួនកម្មករចំណាកស្រុក។ក៏ប៉ុន្តែ លោក MxAleenan បានឆ្លើយបង្វែសំណួរអំពីហេតុអ្វីបានជាកម្មករទាំងនោះត្រូវចាប់ខ្លួន មិនមែនក្រុមហ៊ុននោះ៕