ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កូនៗ​របស់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា


រូបឯកសារ៖ រូប​របស់​អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រូវ​បាន​គេគូស​ខ្វែង​ នៅ​ទីក្រុង​រ៉ង់ហ្គូន ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ រូប​របស់​អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រូវ​បាន​គេគូស​ខ្វែង​ នៅ​ទីក្រុង​រ៉ង់ហ្គូន ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក Aung Pyae Sone និង​អ្នកស្រី Khin Thiri Thet Mon ដែល​ជា​កូន​របស់​លោក Min Aung Hlaing មេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា។

ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក ដែល​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​កាលពី​ថ្ងៃទី១០ ខែមីនា បាន​ចោទប្រកាន់​លោក Min Aung Hlaing ថា​ជា «តួអង្គ​ដឹកនាំ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​បាន​ឈ្នះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

ក្រសួង​រតនាគារ​បាន​សរសេរ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា «លោកAung Pyae Sone និង​អ្នកស្រី Khin Thiri Thet Mon កាន់កាប់​អាជីវកម្ម​ជាច្រើន ដែល​ទទួល​បាន​ប្រយោជន៍​ដោយ​ផ្ទាល់​ពី​តួនាទី​និង​ឥទ្ធិពល​អាក្រក់​របស់​ឪពុក​ពួកគេ»។

អ្នក​ទាំង​ពីរ​នឹង​ត្រូវ​រារាំង​ពី​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ទាំង​អស់​លើ​ទ្រព្យ​សម្បត្តិ «ដែល​ជា​កម្មសិទ្ធិ​ដោយ​ប្រយោល​ឬ​ដោយ​ផ្ទាល់​ដែល​ពួកគេ​មាន​ភាគហ៊ុន​៥០ភាគរយ​ឬច្រើន​ជាង​នេះ មិនថាពួកគេកាន់កាប់តែ​ឯកឯង​ឬ​កាន់កាប់​រួមជាមួយ​នឹង​បុគ្គល​ផ្សេងទៀត​ដែល​ត្រូវ​បាន​ហាមឃាត់​ មិនថា​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឬ​ជា​កម្មសិទ្ធិ​ឬ​គ្រប់គ្រង​ដោយ​ជនជាតិ​អាមេរិកាំង​ក៏ដោយ។

សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នកស្រី​អោងសាន ស៊ូជី មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ លោក​ប្រធានាធិបតី Win Myint ដែល​ត្រូវ​បាន​បណ្តេញ​ពី​តំណែង បាតុករ អ្នក​សារព័ត៌មាន និង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​យ៉ាង​អយុត្តិធម៌​ចាប់​តាំង​ថ្ងៃទី១ ខែកុម្ភៈ​មក។

កាលពី​ខែ​មុន​សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ទណ្ឌកម្ម​លើ​របប​យោធា​មីយ៉ាន់ម៉ា។ ចាប់​ពី​ខែធ្នូ ឆ្នាំ២០១៧​មក សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ជន​រ៉ូហ៊ីងយ៉ា ដែល​រួម​មាន​លោក​ឧត្តមសេនីយ៍ Min Aung Hlaing និង​លោក​ឧត្តមសេនីយ៍ Soe Win ដែល​ជា​មេបញ្ជាការ​រង​ផងដែរ៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

XS
SM
MD
LG