ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​ចោទ​អ្នកស្រី Suu Kyi ពី​ការទទួល​សំណូក ខណៈ​យោធា​ត្រូវ​រងការ​ចោទ​ថា​ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រឆាំង​បាតុករ


រូបឯកសារ៖ ក្រុមអ្នកតវ៉ា កាន់បដា​និង​បង្ហាញ​រូបភាព​នៃ​មេដឹកនាំ​ស៊ីវិល គឺ​អ្នកស្រី Aung San Suu Kyi (ឆ្វេង) ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពីតំណែង នៅពេល​ពួកគេ​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅមុខ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមអ្នកតវ៉ា កាន់បដា​និង​បង្ហាញ​រូបភាព​នៃ​មេដឹកនាំ​ស៊ីវិល គឺ​អ្នកស្រី Aung San Suu Kyi (ឆ្វេង) ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពីតំណែង នៅពេល​ពួកគេ​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅមុខ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ បាន​ចោទប្រកាន់​អ្នកស្រី Aung San Suu Kyi មេដឹកនាំ​ដែល​គេ​ទម្លាក់​ចេញ​ពី​តំណែង​ពី​ការ​ទទួល​សំណូក​ខុស​ច្បាប់ ខណៈមាន​សេចក្តី​រាយការណ៍​ថា មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ពេល​ដែល​កងកម្លាំង​សន្តិសុខ​ បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ហ្វូងបាតុករ​ប្រឆាំង​រដ្ឋប្រហារ។ នេះ​តាម​អ្នក​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​នឹង​ភ្នែក​ និង​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក ​ដែល​ត្រូវ​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ឧត្តមសេនីយ៍​ត្រី Zaw Min Tun អ្នក​នាំពាក្យ​ក្រុម​យោធា បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ក្នុង​រដ្ឋធានី​ណៃពីដោ​ថា អ្នកស្រី Suu Kyi បាន​ទទួល​សំណូក​ខុសច្បាប់​ដែល​គិត​ជា​ប្រាក់​មាន​តម្លៃចំនួន​៦០០.០០០​ដុល្លារ​ និង​មាស​ ខណៈដែល​កំពុងដឹកនាំ​រដ្ឋាភិបាល។

លោក​បាន​និយាយ​ទៀត​ថា ប្រធានាធិបតី Win Myint និង​រដ្ឋមន្ត្រី​ជាច្រើន​ទៀត​របស់​លោក​ក៏​បាន​ទាក់ទិនក្នុង​អំពើ​ពុករលួយ​ដែរ​ ហើយ​ថា លោក​បាន​ដាក់​គំនាប​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ មិន​ធ្វើអ្វី​ទាក់ទងនឹង​របាយការណ៍​យោធាពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​ចោទ​ប្រកាន់​យោធាមីយ៉ាន់ម៉ា​ពី​ការ​ប្រើ​យុទ្ធសាស្ត្រសង្គ្រាម​ប្រឆាំង​នឹង​ក្រុម​បាតុករ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា មនុស្ស​៦​នាក់​បាន​ត្រូវ​សម្លាប់​នៅ​កណ្តាល​ក្រុង Myaing នៅ​ពេល​ដែល​កងកម្លាំង​បាន​បាញ់​ទៅ​លើ​ការ​តវ៉ា​ប្រឆាំង។ បុរស​ម្នាក់​ដែល​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម​នោះ ​ហើយ​បាន​ជួយ​ដឹក​សាកសព​ទៅ​កាន់​មន្ទីរពេទ្យ​ បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តាម​ទូរស័ព្ទ។

នៅ​មុន​ការ​ស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​តស៊ូមតិមួយ​ បាន​បញ្ជាក់​ថា បាតុករ​ជាង​៦០​នាក់​បាន​ត្រូវ​សម្លាប់​ ហើយ​ប្រហែល​២.០០០​នាក់​ទៀត​ បាន​ត្រូវ​កង​កម្លាំង​សន្តិសុខ​ចាប់​ខ្លួន​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក៕

XS
SM
MD
LG