ក្រុមសកម្មជនមីយ៉ាន់ម៉ាបានធ្វើបាតុកម្មកាន់តែច្រើនឡើងថែមទៀត ប្រឆាំងនឹងមេដឹកនាំយោធានៅថ្ងៃសុក្រនេះ។
ស្របពេលជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួននឹងផ្អាកការផ្លាស់ប្តូរវិស័យការពារប្រទេសជាមួយមីយ៉ាន់ម៉ា និងពិចារណាឡើងវិញពីជំនួយអភិវឌ្ឍន៍ដល់ប្រទេសនេះ ដោយសារតែការបង្ក្រាបដ៏ឃោរឃៅរបស់ក្រុមយោធាលើបាតុករ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការធ្វើបាតុកម្មនៅថ្ងៃសុក្រនេះ បានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីក្រុមអង្គការសិទ្ធិមនុស្សមួយបានបញ្ជាក់ថា កងកម្លាំងសន្តិសុខបានសម្លាប់បាតុករ ១២ នាក់ ហើយមេធាវីរបស់អ្នកស្រី Aung San Suu Kyi មេដឹកនាំដែលត្រូវបានយោធាទម្លាក់ពីតំណែង បានសើចចំអកចំពោះការចោទប្រកាន់របស់យោធាអំពីអំពើពុករលួយថ្មីមកលើអ្នកស្រី។
សមាគមជួយអ្នកទោសនយោបាយបានប្រាប់ឲ្យដឹងថា បាតុករជាង ៧០ នាក់ ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារមក។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ថ្វីបើមានការទាមទារម្តងហើយម្តងទៀតពីសហគមន៍អន្តរជាតិក៏ដោយ រួមទាំងពីប្រទេសកូរ៉េខាងត្បូងផង មានជនរងគ្រោះកើនឡើងបណ្តាលមកពីសកម្មភាពហិង្សារបស់ក្រុមអាជ្ញាធរយោធានិងប៉ូលិស»។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងសេអ៊ូលនឹងផ្អាកការផ្លាស់ប្តូរខាងវិស័យការពារជាតិ ហាមឃាត់ការនាំអាវុធចេញ កម្រិតការនាំចេញរបស់របរសំខាន់ៗផ្សេងទៀត ពិចារណាជំនួយអភិវឌ្ឍន៍និងធ្វើការលើកលែងខាងមនុស្សធម៌ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋមីយ៉ាន់ម៉ាអាចស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង រហូតទាល់តែស្ថានភាពប្រសើរឡើងវិញ៕