ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ចិន៖ ​អាមេរិក​មាន​សកម្មភាព​យោធា​ខ្លាំង​កាល​ពី​ឆ្នាំ​មុន​នៅ​តំបន់​សមុទ្រ​មាន​ជម្លោះ​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន


រូបឯកសារ៖ រូបថតដោយយោធាជើងទឹករបស់សហរដ្ឋអាមេរិក បង្ហាញឲ្យឃើញយន្តហោះចម្បាំង F/A-18E Super Hornet ចុះចតនៅលើនាវាចម្បាំង USS Ronald Reagon នៅតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។
រូបឯកសារ៖ រូបថតដោយយោធាជើងទឹករបស់សហរដ្ឋអាមេរិក បង្ហាញឲ្យឃើញយន្តហោះចម្បាំង F/A-18E Super Hornet ចុះចតនៅលើនាវាចម្បាំង USS Ronald Reagon នៅតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។

វិទ្យាស្ថាន​ស្រាវជ្រាវ​ចម្បងមួយអំពី​ប្រទេស​ចិន​នា​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា ​កង​កម្លាំង​យោធា​អាមេរិក​បាន​បង្ហាញវត្តមាន​ខ្លាំងក្លាខុស​ប្លែក​ពី​មុន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វះស្វែង​តាមដាន​ការពង្រីក​ខ្លួន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ដែន​សមុទ្រ​នេះ។​

របាយ​ការណ៍ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១២​ ខែ​មីនា ​ឈ្មោះ​ថា «របាយ​ការណ៍​មិន​ពេញ​លេញ​ស្តី​ពី​ប្រតិបត្តិ​ការ​របស់​យោធា​អាមេរិក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូងឆ្នាំ​ ២០២០​» បាន​សរសេរ​ថា៖ ​«វត្តមាន​ខ្លាំងក្លា​គឺ​ទំហំ​ចំនួន​និង​រយៈពេល​នៃ​សកម្មភាព​នានា​របស់​យោធា​អាមេរិក​ នៅ​ក្នុង​តំបន់​កាល​ពី​ឆ្នាំ​ ២០២០ ​គឺ​កម្របានឃើញ​ណាស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ»។

«ជា​ដំបូង​កងកម្លាំង​យោធា​អាមេរិកដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​គឺ​មាន​ទំហំ​ធំ​និងឈរ​ជើងរយៈពេល​យូរ»។​ នេះ​បើ​យោង​ទៅ​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​គម្រោង​គំនិត​ផ្តួចផ្តើម​តាមដាន​ស្ថានការណ៍​យុទ្ធសាស្រ្ត​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​

បញ្ជាការដ្ឋាន​អាមេរិក​ទទួល​បន្ទុក​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មាន​មូលដ្ឋាន​នៅ​កោះហាវ៉ៃ ​បាន​បញ្ជាក់​ថា នាវា​ចម្បាំង​អាមេរិក​បានធ្វើ​ដំណើរ​ចំនួន ១ ០​លើកចូល​ទៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​ឆ្នាំ​មុន​ ហើយ​កាល​ពីឆ្នាំ​ ២០១៩ មាន​ការ​ធ្វើ​ដំណើរ​ចំនួន​ ១០ ​លើក​ដូច​គ្នា​ដែរ។​

នាវា​ចម្បាំង​អាមេរិកធ្វើ​ដំណើរ​តែ​ប្រាំ​លើក​ប៉ុណ្ណោះក្នុង​មួយ​ឆ្នាំៗ​ រយៈពេល​ពីរ​ឆ្នាំ​ជាប់គ្នា​ មុន​ឆ្នាំ​ ២០១៩។​ កាល​ពី​ខែ​កក្កដាឆ្នាំ​មុន​ កងកម្លាំង​ដែន​អាកាស​អាមេរិក​ក៏​បាន​បញ្ជាក់​ពី​ការ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ ​B-52 Stratofortress ​ដើម្បី​ចូល​រួម​ជាមួយ​នឹង​នាវា​ដឹក​យន្តហោះ​ចម្បាំង​ក្នុង​សមយុទ្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

​អ្នក​នាំពាក្យ​បញ្ជាការដ្ឋានខាង​លើ​នេះ​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អធិប្បាយថា តើ​ឆ្នាំ ​២០២០ ​ជា​ឆ្នាំ​ខុស​ប្លែក​ពី​ធម្មតា ​ឬយ៉ាងណា​សម្រាប់​យោធា​អាមេរិក។

​ក្រុម​អ្នក​វិភាគ​និយាយ​ថា ​កងកម្លាំង​អាមេរិក​បាន​ពន្យឺតប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ការ​ដាក់​ពង្រាយ​យោធា​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន ហើយ​ក៏​បានបន្សាប​រាល់​មហិច្ឆតា​ណា​មួយរបស់​ចិន ​ក្នុងការពង្រីក​ឬ​កាន់កាប់​កោះតូចៗ​នៅ​ទីនោះ​ដែរ។

​ប្រទេសព្រុយណេ ​ម៉ាឡេស៊ី​ហ្វីលីពីន​ កោះ​តៃវ៉ាន់​ និង​វៀតណាម ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងលើ​តំបន់​ផ្លូវ​ទឹក​ទំហំ ​៣,៥ ​លាន​គីឡូម៉ែត្រ​ការេ៉​នោះ។ ​ប្រទេស​ចិន​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ខ្លាំង​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់ ​ដែល​ជំរុញឲ្យ​បណ្តា​ប្រទេស​ភាគី​ទាមទារ​ដទៃ​ទៀត​ងាក​ទៅ​រក​សហ​រដ្ឋអាមេរិក​ដើម្បី​សុំ​ការ​គាំទ្រ។

​លោក​ Oh Ei Sun ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​សិង្ហបុរី​ ដែល​មាន​ជំនាញ​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​និយាយ​ថា៖​ ​«ការណ៍​ពិត គឺប្រាកដ​ណាស់ ​ចិន​ចង់​ក្តោប​យកឥទ្ធិពល​និង​បង្កើតតំបន់ខែល​មួយ​ ហើយពិតណាស់សហ​រដ្ឋ​អាមេរិក​កំពុង​តែ​ព្យាយាម​បន្សាប​ឥទ្ធិពល​និង​បំបែក​តំបន់​ខែល​នេះ»។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លើក​ឡើងនូវ​កំណត់ត្រាការ​ប្រើប្រាស់​ពី​ប្រវត្តិសាស្រ្ត​ ដើម្បី​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន​ប្រហែល​ ៩០ ភាគរយ នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ជលផល ​និង​ឥន្ទនៈ​ផូស៊ីល​នៅ​បាត​សមុទ្រ។ ​ចិន​ក៏​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅអាស៊ី​ដទៃ​ទៀតដែល​ទាមទារ​ដែន​អធិបតេយ្យ​នៅសមុទ្រ​នេះ​ភ្ញាក់​ផ្អើលផង​ដែរ ​ដោយសារ​ចិន​អភិវឌ្ឍ​កោះតូចៗ​ សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​និងបញ្ជូន​នាវា​របស់​ខ្លួន​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​បណ្តា​ប្រទេស​ដទៃ​ទៀត។

រូបឯកសារ៖ រូបថតដោយកងកម្លាំងជើងទឹកប្រចាំតំបន់ខាងលិចហ្វីលីពីន បង្ហាញនាវាចិននៅតំបន់ថ្មប៉ប្រះទឹក Whitsun ក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ រូបថតដោយកងកម្លាំងជើងទឹកប្រចាំតំបន់ខាងលិចហ្វីលីពីន បង្ហាញនាវាចិននៅតំបន់ថ្មប៉ប្រះទឹក Whitsun ក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១។

បញ្ជាការដ្ឋាន​អាមេរិកទទួល​បន្ទុក​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បាន​ធ្វើការ​ទាមទារ​យកដែន​សមុទ្រ​នោះ​ទេ ​ប៉ុន្តែ​បាន​តាមដាន​សកម្មភាព​របស់​មហា​អំណាច​ចិន​ដែល​ជា​គូ​ប្រជែង​និង​ជា​ការ​គំរាម​កំហែង​ជាសក្តានុពល​លើ​សម្ព័ន្ធ​មិត្ត​របស់​សហ​រដ្ឋ​អាមេរិក ​ដូចជា កោះតៃវ៉ាន់ ​និង​ហ្វីលីពីន។ ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump ​បាន​ជំរុញ​នូវ​ការ​ធ្វើ​ដំណើរ​របស់​កងយោធា​ជើង​ទឹក​អាមេរិក​ ដោយ​ហៅ​ថា​ប្រតិបតិ្តការ​សេរីភាពការ​ធ្វើ​នាវាចរណ៍​ ដើម្បី​បង្ហាញ​ថា​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​បើក​ចំហ​ជា​អន្តរជាតិ។​

លោក ​Oh Ei Sun ​និយាយ​ថា​ សកម្មភាព​យោធា​អាមេរិក​មិន​មាន​អ្វី​ថ្មី​នោះ​ទេ ​ប៉ុន្តែ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​កាល​ពី​ឆ្នាំ​មុន ​ពីព្រោះ​លោក​ Trump​ «មាន​ទំនោរ​ប្រឆាំង​នឹង​ចិន​ពេញ​ទំហឹង»។​

រដ្ឋបាល​លោក​ Trump​ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ពាក់ព័ន្ធ​នឹងពាណិជ្ជ​កម្ម​និង​ការ​ចែក​រំលែក​បច្ចេកវិទ្យា ​ក៏ដូចជា​ការ​ពង្រីក​ឥទ្ធិពល​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​របស់​ចិន។​ លោក Joe Biden ​ប្រធានាធិបតី​អាមេរិក​នា​ពេល​បច្ចុប្បន្ន បាន​បន្ត​យុទ្ធសាស្រ្ត​របស់​លោក ​Trump​ សម្រាប់សមុទ្រ​ចិន​ខាង​ត្បូង ​ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែងនៅ​ខែ​មករា។

លោក ​Shariman Lockman ​អ្នក​ស្រាវជ្រាវ​គោល​នយោបាយ​ការ​បរទេស​ជាន់ខ្ពស់​និង​អ្នក​វិភាគ​ផ្នែក​សិក្សា​សន្តិសុខ​នៅ​វិទ្យាស្ថាន​សិក្សា​គោល​នយោបាយ​យុទ្ធសាស្រ្ត​និង​អន្តរជាតិ ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បាន​និយាយ​ថា ​បណ្តា​ប្រទេសនៅ​អាស៊ី​អាគ្នេយ៍​ដែល​ជា​ភាគី​ទាមទារ​អធិប​តេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទាំងអស់​ ហើយ​ដែល​សុទ្ធតែ​មាន​កងទ័ព​អន់ខ្សោយ​ជាង​ប្រទេសចិន​នោះបាន​ស្វាគមន៍​វត្តមាន​របស់​សហ​រដ្ឋ​អាមេរិក​ ប៉ុន្តែ​បាន​ព្រួយ​បារម្ភ​ខ្លាំង​ថា​ ការ​ងាក​ទៅ​រក​សហ​រដ្ឋ​អាមេរិក​ខ្លាំង​ពេក​នឹង​ធ្វើ​ឲ្យ​ចិន​ពង្រឹង​យោធា​របស់​ខ្លួន។​

លោក ​Lockman ​បាន​ថ្លែង​ថា៖​ «វា​ជា​កាំបិត​មុខពីរ​ជា​មធ្យោបាយ​រារាំងនិងជាលេស​ ដែល​ចិន​អាច​និយាយ​ថា ​«សូម​មើលចុះ!​យើង​នៅ​ទីនោះ​ដោយសារ​តែ​ពួក​អាមេរិកាំង»។​

របាយ​ការណ៍​ចុះ​កាល​ពី​ថ្ងៃ​ទី ១២ ​ខែ​មីនា​ និយាយ​ថា​ កាល​ពី​ខែ​មេសា​ឆ្នាំ​មុន​ នាវា​ចម្បាំង​អាមេរិក​បាន​ចូលរួម​ជាមួយ​នឹង​នាវា​ចម្បាំង​មួយ​មកពី​អូស្ត្រាលី ដើម្បី​ «បង្ហាញ​សាច់ដុំ​នៅ​តំបន់​សមុទ្រ​ដែល​មាន​បញ្ហា​រសើប​ក្បែរនាវា​សង្កេត​ការណ៍​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​បង្ហាញ​ថា​ពួកគេ​គាំទ្រ​ម៉ាឡេស៊ី​និង​បំផុស​ឲ្យ​មាន​ «ការ​ប្រឈម​គ្នា​រវាង​ចិន​និង​ម៉ាឡេស៊ី»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ចិន​នឹង​បន្ត​ពង្រឹង​គោល​ជំហរ​របស់​ខ្លួន​នៅ​តំបន់​សមុទ្រ​នេះ​ប៉ុន្តែ​មិន​អាច​បញ្ឈប់​សកម្មភាព​របស់​សហ​រដ្ឋ​អាមេរិក​បាន​ទេ។​

លោក ​Fabrizio Bozzato ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​មហា​សមុទ្រ​របស់​មូលនិធិ​សន្តិភាព​ Sasakawa ​មាន​មូលដ្ឋាន​នៅ​ក្រុង​តូក្យូ​ បាន​និយាយ​ថា៖ ​

«នៅ​ក្រុង​ប៉េកាំង​ពួកគេ​ដឹង​ច្បាស់​ថា ​សហ​រដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​មានឧត្តមភាព​ផ្នែក​កងទ័ពជើង​ទឹក​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ក៏ដូចជា​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ពួកគេ​ដឹងច្បាស់​ថា ​ឧបទ្ទវហេតុ​ណា​មួយ​នឹង​អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ»។​

លោក​ Oh ​ព្យាករណ៍​ថា ​ចិន​នឹង​រារាំង​មិន​ឲ្យ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រុករក​ឧស្ម័ន ​ឬ​ប្រេង​ហើយរក្សា​តំបន់​សមុទ្រ​នេះ ​ទុកសម្រាប់​នាវា​នេសាទ​ចិន​និង​ពិចារណា​ចាក់​ដី​បំពេញ​តំបន់​ថ្ម​ប៉ប្រះទឹក​ដែល​មាន​ទឹកលិច​ពាក់​កណ្តាល។​

លោក ​Bozzato​ បាន​ថ្លែង​ថា៖ «និយាយ​រួម​ចិន​នឹង​រអ៊ូរទាំ​យ៉ាង​ខ្លាំង​ក្លា​បន្ត​ពង្រឹង​យោធា​របស់​ខ្លួន​ដាក់​ពង្រាយ​កង​កម្លាំង​ថ្មី​និង​ទំនើប​ជាង​មុន​បន្ថែម​ទៀត ​ប៉ុន្តែ​ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ទេ ​ប្រឆាំង​នឹង​សេរីភាព​ប្រតិបត្តិ​ការ​នាវាចរណ៍​របស់​សហ​រដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក​នោះ»៕​

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG