ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភាអាមេរិក​ពិនិត្យ​មើល​នីតិ​វិធី​នៃ​ការ​សុំ​ទិដ្ឋា​ការចូល​អាមេរិក


ទិដ្ឋាការអាមេរិកាំង លើលិខិតឆ្លងដែន

អ្នក​ណាដែល​មាន​បំណង​ចង់ទស្សនា​សហ​រដ្ឋ​អាមេរិក ក្នុងនាម​ជាសិស្ស​ ជាអាជីវករ ឬ​ជា​ទេសចរ​ក្តី​ដឹងថា ការ​ទទួល​បាន​ទិដ្ឋ​ការអាច​ចំណាយ​ពេលច្រើន​សប្តាហ៍ ​ឬ​ច្រើន​ខែ ហើយ​ត្រូវ​ធ្វើ​ដំណើរទៅកាន់​ស្ថាន​ទូត ​ឬ​ស្ថានកុង​ស៊ុល​សហ​រដ្ឋ​អាមេរិក​ជា​ច្រើន​ដង។​ ក្រុម​មន្រ្តី​សហ​រដ្ឋ​អាមេរិក​និយាយ​ថា ពួក​គេ​បាន​ដឹង​អំពី​តម្រូវ​ការ​នៃ​ការ​ធ្វើ​ឲ្យប្រសើរ​ឡើង​ នូវ​សេវា​កម្ម​ទិដ្ឋា​ការ​ និង​សេវាកម្មផ្សេង​ទៀតសម្រាប់​ទេសចរ ហើយថា ​ពួក​គេ​កំពុង​តែខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​ឲ្យបាន​នូវ​គោល​ដៅ​នេះ។

នៅ​ក្នុង​ពេលនៃ​កំណើន​សេដ្ឋ​កិច្ច​ទន់​ខ្សោយ​ និង​សភាព​តាន​តឹង​នៃ​ការ​ចំណាយ​ថវិកា​នៅ​ក្នុង​ឆ្នាំ​សារពើ​ពន្ធ ​សមាជិកព្រឹទ្ធសភាពី​គណ​បក្ស​ប្រជាធិបតេយ្យ អេមី ក្លូប៊ូចារ៍ (Amy Klobuchar) ប្រចាំ​រដ្ឋ​មីនីសូតា (Minnesota) មាន​ប្រសាសន៍​ថា សហ​រដ្ឋ​អាមេរិក​មិន​អាច​ព្រងើយ​កន្តើយ​នឹងទេសចរ និង​ភ្ញៀ​វ​បរទេសបាន​ឡើយ។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«នេះ​ជា​រឿង​ការងារ។ ភ្ញៀវ​បរទេស​ម្នាក់​ៗ​ដែល​ចូល​មក​កាន់​ប្រទេស​របស់​យើងចំណាយ​ជា​មធ្យម​៤​ពាន់​ដុល្លា។​ យើង​កំពុង​តែ​និយាយ​អំពីលុយ​ចាំ​បាច់​ជាក់​ស្តែង។​ នៅ​ក្នុង​ឆ្នាំ​២០០៩តែ​មួយ ការ​ចំណាយ​របស់​ភ្ញៀវ​បរទេស បាន​ជួយ​ទ្រ​ទ្រង់​ការ​ងារ​សម្រាប់​ប្រជា​ពល​រដ្ឋ​អាមេរិកាំង​ចំនួន​៩​សែន​នាក់ និង​បាន​ចំណាយ​២៣​ពាន់​លាន​ដុល្លា​សម្រាប់​ប្រាក់​បៀវត្សរ៍​របស់​កម្មករ​អាមេរិកាំង។»

លោក​ស្រី​ ក្លូប៊ូចារ៍ គឺ​ជា​ប្រធាន​អនុ​គណៈ​កម្ម​ការ​ពាណិជ្ជ​កម្ម​របស់ព្រឹទ្ធសភា ទទួល​បន្ទុកការ​ប្រកួត​ប្រជែង ការ​ច្នៃ​ប្រឌិត និង​ការ​ជំរុញ​ការ​នាំ​ចេញ។ លោក​ស្រី​មាន​ប្រសាសន៍​ថា ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ២០០៩ ភាគ​ហ៊ុន​របស់​សហ​រដ្ឋ​អាមេរិកទៅលើវិស័យ​ទេស​ចរណ៍​សកល​ បាន​ធ្លាក់​ចុះ​ស្ទើរ​តែ១​ភាគ៣ ដែល​បានបណ្តាល​ឲ្យ​ប្រទេសជាតិបាត់​បង់​ប្រាក់​ចំណូល​រាប់​រយ​ពាន់​លាន​ដុល្លា និងបាត់​បង់​ការ​ងារ​ចំនួន​រាប់​សែន។

កាល​ពី​ឆ្នាំ​ទៅ លោក​ប្រធានា​ធិបតី បារ៉ាក់​ អូបាម៉ា (Barack Obama) បាន​ចុះ​ហត្ថ​លេខា​ប្រកាស​ឲ្យប្រើ​ច្បាប់​ស្តី​អំពី​ការ​លើក​កំពស់​ការ​ធ្វើ​ដំណើរ ដែល​បាន​បង្កើត​ភាព​ជា​ដៃ​គូរ​រវាង​ស្ថាប័ន​សាធារណៈ និង​ឯក​ជន​ ក្នុង​ការ​ទាក់​ទាញទេស​ចរបន្ថែម​ទៀតឲ្យចូល​មក​ទស្ស​នា​សហ​រដ្ឋ​អាមេរិក។​ នៅ​ក្នុង​ការ​ជជែក​ដេញ​ដោលកាល​ពី​សប្តាហ៍​មុន លោក​ស្រី​ ក្លូប៊ូចារ៍ បាន​មាន​ប្រសាសន៍​ថា ការ​ផ្តួច​ផ្តើមនេះ​អាច​ដំណើរ​ការ​ទៅ​បាន លុះ​ត្រា​តែនីតិ​វិធី​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​របស់សហ​រដ្ឋា​អាមេរិក​មាន​ភាព​ប្រសើរ​ឡើង។​ លោក​អូបាម៉ា មាន​ប្រសាសន៍​ថា៖

«​វា​មិន​អាច​ធ្វើ​អ្វី​ឲ្យ​បាន​ប្រសើរ​ច្រើន​នោះ​ទេ ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​អ្នក​ធ្វើ​ដំណើរបរទេស នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​បរទេស​ទាំង​នោះ​ មិន​អាច​ទទួល​បាន​ទិដ្ឋា​ការ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ ដើម្បី​មក ​ទស្ស​នា​សហ​រដ្ឋ​អាមេរិក។ នៅ​ក្នុង​ការ​ស្ទាប​ស្ទង់​មតិ​ថ្មីៗ​មួយ អ្នក​ឆ្លើយ​តប​៧៣​ភាគ​រយបាន​និយាយ​ថា​ ពួក​គេ​នឹង​មិន​មក​ទស្សនា​សហ​រដ្ឋ​អាមេរិក​ទេ ប្រសិន​បើ​គេ​ដឹង​ថា​ ពួកគេ​ត្រូវ​ចំណាយ​ពេល​ពី​ពីរ​ទៅ​បី​ខែ​ក្នុង​ការ​ទទួល​បាន​ទិដ្ឋា​ការ។ គួរឲ្យសោក​ស្តាយ នៅ​ក្នុង​ប្រទេស​ជា​ច្រើន នេះ​គឺ​ជា​រយៈ​ពេល​ដ៏​យូរ​មួយ​ដែល​ត្រូវ​ចំណាយ​ក្នុង​ការ​ធ្វើ​ទិដ្ឋា​ការ។»

ក្រុមមន្រ្តី​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​ឡើង​មក​ធ្វើ​សក្ខី​កម្ម​នៅ​ចំពោះ​មុខ​អនុ​គណៈ​កម្ម​ការ​ បាន​និយាយ​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ឡាយ នៅ​ក្នុង​ការ​ពន្លឿន​ពាក្យ​សុំ​ទិដ្ឋាការ​ និង​នៅ​ក្នុង​ការ​ជំរុញចំនួន​បុគ្គលិក​របស់​ស្ថាន​ឯកអគ្គ​កុង​ស៊ុល។ ពួក​គេ​ក៏​បាន​ធ្វើ​ការ​ចង្អុល​បង្ហាញ​ផង​ដែរ​ ទៅ​លើ​ប្រទេសដែល​កំពុងមានចំនួន​កើន​ឡើង​ ដែល​បច្ចុ​ប្បន្ន​មាន​ចំនួន៣៦​ប្រទេស​ហើយ​ ដែល​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​សុំ​លើក​លែង​ទិដ្ឋា​ការ​ ដែល​លុប​ចោល​នូវ​តម្រូវ​ការ​សម្រាប់​ទិដ្ឋា​ការ​សហ​រដ្ឋ​អា​មេរិក​ សម្រាប់​ប្រភេទ​នៃ​ការ​ធ្វើ​ដំណើរ​ជា​ច្រើន។

ជំនួយ​ការ​រងរដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស សម្រាប់​សេវា​កម្ម​ទិដ្ឋា​ការ លោក ដេវីត ដូណាហ៊ូ (David Donahue) មាន​ប្រសាសន៍​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​បាន​បង្វែរការ​ធ្លាក់​ចុះ នៃ​ចំនួន​ភ្ញៀវ​ទេស​ចរណ៍​បរទេស​ ដែល​ធ្វើ​ដំណើរ​មក​កាន់​សហ​រដ្ឋ​អាមេរិក។ លោក​ដូណាហ៊ូ បន្តថា៖

«នៅឆ្នាំ​២០១០ ទេស​ចរ​បរទេស​៦០​លាន​នាក់​បាន​ចូល​មក​ក្នុង​សហ​រដ្ឋ​អាមេរិក គឺ​កើន​ឡើង​ចំនួន១៧​ភាគ​រយ​ពី​ឆ្នាំ​២០០៦។ តម្រូវ​ការ​សម្រាប់​ទិដ្ឋាការមាន​ការ​កើន​ឡើង​គួរឱ្យកត់​សម្គាល់​ នៅ​ក្នុង​ប្រទេស​ដែល​សេដ្ឋ​កិច្ច​មានការ​កើន​ឡើង​លឿនជាងគេបំផុត។ ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​ ការ​ចេញ​ទិដ្ឋា​ការនៅ​ចិនកើន​ឡើង​មួយ​ទ្វេ​ជា​ពីរ និង​មាន​ការ​កើន​ឡើង​៥០​ភាគ​រយនៅឥណ្ឌា ៥២​ភាគ​រយ​នៅ​រុស្សី ២៤​ភាគ​រយ​នៅ​ក្នុងម៉ីក​ស៊ីក និង​ជាង​៥០​ភាគ​រយ​នៅមជ្ឈឹម​បូព៌ា​ប្រទេស​ និង​អាហ្រ្វិក​ខាង​ជើង។ នៅ​ក្នុង​ប្រទេស ប្រេហ្ស៊ីល ការ​ចេញ​ទិដ្ឋា​ការ​កើន​ឡើង​ជិត​ដល់ទៅ​បី​ដង។»

ប៉ុន្តែ លោក​ ដូណាហ៊ូ បាន​បន្ថែម​ថា តម្រូវ​ការ​សម្រាប់​ដំណើរ​ការ​ទិដ្ឋាការឆាប់​រហ័ស ត្រូវ​តែ​ថ្លឹង​ថ្លែង​ជាមួយ​តម្រូវ​ការ​របស់​សហ​រដ្ឋ​អាមេរិក​ ក្នុង​ការ​ពិនិត្យ​ពិច័យ​អ្នក​ទាំង​ឡាយ​ណា​ដែល​ចូល​មក​ក្នុង​ប្រទេស បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវ​កម្មនៅ​ក្នុង​ឆ្នាំ២០០១ ទៅ​លើ​ទី​ក្រុង​ញូវ​យ៉ក​ និង​រដ្ឋធានី​វ៉ាស៊ីនតោន។ ឧទាហរណ៍ លោក​បាន​កត់​សម្គាល់​ថា មនុស្ស​មួយ​ចំនួនបាន​ផ្តល់​យោ​បល់​អំពី​ការ​ទទួល​យក​បច្ចេក​វិជ្ជា​សន្និសីទតាម​វីដេអូ ដូច្នេះ ក្រុម​មន្រ្តី​សហ​រដ្ឋ​អាមេរិក​អាច​សម្ភាសអ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋា​ការ​ពី​ចម្ងាយ ជា​ជាង​បង្ខំ​ពួក​គេ​ឱ្យ​មកកាន់ស្ថាន​ឯក​អគ្គកុង​ស៊ុល​សហ​រដ្ឋ​អាមេរិក។ លោក ដាណាហ៊ូ​ បាន​មាន​ប្រសាសន៍​ថា បើ​និយាយ​អំពីទស្សនៈសន្តិ​សុខ​ គំនិត​នេះ​មិន​មែន​ជា​ដំបូន្មាន​ល្អ​នោះ​ទេ។ លោក​បន្តទៀត​ថា៖

«គោល​បំណង​នៃ​ការ​សម្ភាសន៍​ទល់​មុខ​គ្នា គឺ​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ពិត​ប្រាកដ​ទៅ​លើ​មនុស្ស​ ដែល​កំពុង​តែ​ឈរ​នៅ​ពី​មុខ​អ្នក និង​ធ្វើ​ការ​កំណត់ថាតើ​ពួក​គេ​នឹង​ប្រើ​ប្រាស់​ទិដ្ឋា​ការ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ។ ហើយ​នៅ​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​ប្រាស្រ័យ​ទាក់​ទង​ប្រភេទ​ស្កែប (Skype) សាមញ្ញពេក ទោះ​បី​ជា​បច្ចេក​វិជ្ជា​នោះ​ល្អ​ជាង​គេ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ជឿ​ថា យើង​នឹង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​នោះ​បាន​ទេ។ វាគឺ​ជាការ​បង្ហាញមុខ​បីមុំ​ដោយ​ផ្ទាល់​ ដែល​យើង​គិត​ថា​សំខាន់។»

ដើម្បី​កាត់​បន្ថយ​បញ្ហា និង​ការ​ពន្យា​ពេល បន្ទាប់​ពី​ភ្ញៀវ​បាន​ធ្វើ​ដំណើរ​មក​ដល់​សហ​រដ្ឋ​អា​មេរិក អតីត​រដ្ឋ​បាល​របស់​លោក​ប្រធានា​ធិបតី​ ប៊ូស បាន​បង្កើត​កម្ម​វិធី ​«ចំណត​ចូល​គំរូ» ឬ​ហៅ​ជា​ភាសា​អង់​គ្លេស​ថា «Model Ports of Entry»។ នៅ​ក្រោម​កម្ម​វិធី​នេះ មន្រ្តី​ការ​ពារ​ព្រំ​ដែន​ និង​រដ្ឋាករគយ​បន្ថែម​ទៀត​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ដែល​មមា​ញឹក​ជាង​គេ​របស់​ប្រទេស។ តំបន់​ត្រួត​ពិនិត្យ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទ្រង់​ទ្រាយ ​ដើម្បី​ធ្វើ​ឲ្យ​វា​មាន​ លក្ខណៈស្វាគមន៍ដ៏​ប្រសើរមួយ ហើយ​ផ្លូវ​រហ័សត្រូវ​បាន​បង្កើត​ឡើង សម្រាប់​ទេស​ចរ​ដែល​មក​ដល់​ និង​ដែល​ត្រូវ​ការ​ត​ភ្ជាប់​ទៅ​ជើង​ហោះ​ហើរ​ផ្សេង​ទៀត៕

ប្រែ​សម្រួល​ដោយ ឌី ខាំបូលី

XS
SM
MD
LG