ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិន្នន័យ​ដែល​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ឆ្នោត DV ទៅ​រស់នៅ​អាមេរិក​បាន​បាត់បង់ ហើយ​ត្រូវ​បំពេញ​សារ​ជា​ថ្មី​ឡើង​វិញ


នេះ​ជា​គំរូ​នៃ​ប័ណ្ណ​បៃតង ឬ Green Card។
នេះ​ជា​គំរូ​នៃ​ប័ណ្ណ​បៃតង ឬ Green Card។

រាល់​ទិន្នន័យ​ដែល​ត្រូវ​បាន​បញ្ចូល​ចន្លោះ​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ​ទៅ​ក្នុង​កម្មវិធី​ឆ្នោត Diversity Visa (DV) ឬ Green Card Lottery ដើម្បី​ផ្សង​សំណាង​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ត្រូវ​បាត់បង់​អស់​ដោយសារ​តែ​បញ្ហា​បច្ចេកទេស។ ​

រាល់​បុគ្គល​ដែល​បាន​បំពេញ​ពាក្យ​សុំ​ក្នុង​អំឡុង​ពេល​ដែល​បាន​លើកឡើង​ខាង​លើ​នេះ ត្រូវ​តែ​បំពេញ​ពាក្យ​ជា​ថ្មី​ម្តង​ទៀត។ ​

សារ​មួយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​សរសេរ​ថា «រាល់​ទិន្នន័យ​ទាំងអស់​ដែល​ត្រូវ​បាន​បញ្ចូល​ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​១០ ខែ​តុលា មិន​មាន​សុពលភាព​ទេ ហើយ​ត្រូវ​បាន​ដក​ចេញ​ពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ»។‍

ជាធម្មតា ទិន្នន័យ​ជាន់​គ្នា​ដែល​ដាក់​ទៅ​ក្នុង​កម្មវិធី​ឆ្នោតDV ត្រូវ​ចាត់​ទុក​មិន​យក​ជា​បាន​ការ​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​លើក​នេះ ដោយសារ​តែ​បញ្ហា​បច្ចេកទេស «រាល់​ទិន្នន័យ​ដែល​បញ្ចូល​សារ​ជា​ថ្មី​ឡើងវិញ នឹង​មិន​ត្រូវចាត់​ទុក​ថា ជា​ទិន្នន័យ​ជាន់​គ្នា​នោះ​ទេ»។‍​

សារ​នោះ​បាន​បន្ថែម​ទៀត​ថា «បញ្ហា​បច្ចេកទេស​នោះ​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ហើយ។ ការ​បំពេញ​ទិន្នន័យ​សារជាថ្មី​ឡើង​វិញ​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ពុធ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​វេលា​ម៉ោង​១២យប់ ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧»។‍ បេក្ខជន​ដែល​បាន​ដាក់ពាក្យ​រួចហើយ​ទាំងអស់​ត្រូវ​ទុក​លេខ​បញ្ជាក់​ឬ​ឯកសារ​ទាំងឡាយ​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចុះ​ឈ្មោះ​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​១០​ខែ​តុលា ថា​មិន​បាន​ការ។​

អ្នកស្រី Pooja Jhunjhunwala បាន​ប្រាប់ VOA តាមរយៈ​អ៊ីមែល​ថា ក្រសួង​ការបរទេស​អាមេរិក​នឹង​ផ្ញើ​អ៊ីមែល​ស្វ័យប្រវត្តិ​ដើម្បី​ជូន​ដំណឹង​ដល់​បេក្ខជន​ទាំងឡាយ​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ផ្សងសំណាង​ក្នុង​កម្មវិធី​ឆ្នោត​ DV កាល​ពី​ដើម​ខែ​តុលា ឲ្យ​ចូល​ទៅគេហទំព័រ dvlottery.state.gov ដើម្បី​អាន​សេចក្តីប្រកាស​ដ៏​សំខាន់​មួយ៕

XS
SM
MD
LG