ផែនដីក្រហម ខ្លោងទ្វារមាស មេឃស្រមោល (Red Earth, Gold Gate, Shadow Sky) គឺជាល្ខោនសម្តែងដែលពណ៌នាពីជីវិតរបស់ក្មេងៗជនជាតិខ្មែរជំនាន់ក្រោយដែលព្យាយាមសម្របខ្លួនរស់នៅក្នុងសង្គមរបស់អាមេរិកដែលនៅទីនោះពួកគេបានជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ក្រុមជនពាល ឧក្រិដ្ឋកម្ម និងពន្ធនាគារ។ ល្ខោននេះត្រូវបានគេសម្តែងកាលពីពាក់កណ្តាលខែវិច្ឆិកានេះនៅNeighborhood Houseនាទីក្រុងSeattle រដ្ឋវ៉ាស៊ីនតោន ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនចំពោះបញ្ហានេះ។
ល្ខោនសម្តែងនេះរៀបរាប់ពីដំណើររឿងរបស់គ្រួសារនិងកុមារខ្មែរមួយដែលបានឆ្លងកាត់រួចជីវិតពីរបបខ្មែរក្រហមនិងជំរំជនភៀសខ្លួន ហើយបានមកដល់សហរដ្ឋអាមេរិក។ កុមារនេះបានរស់នៅនិងធំក្នុងតំបន់ដែលមិនល្អហើយជាយថាហេតុបានចូលរួមជាមួយក្រុមជនពាល ប្រព្រឹត្តបទឧក្រិដ្ឋ ហើយត្រូវបានគេបញ្ជូនទៅពន្ធនាគារ។ បន្ទាប់ពីចេញពីពន្ធនាគារ គេត្រូវបានបញ្ជូនទៅឃុំឃាំងម្តងទៀតដោយការិយាល័យអន្តោប្រវេសន៍ហើយប្រឈមនឹងការនិរទេសទៅប្រទេសកម្ពុជាវិញ។
សាស្ត្រាចារ្យផ្នែកល្ខោនសម្តែងនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន Mark Jenkins បានសរសេររឿងនេះឡើងបន្ទាប់ពីចំណាយពេលពីរទៅបីឆ្នាំធ្វើការស្រាវជ្រាវ។ លោកបានទៅប្រទេសកម្ពុជានៅឆ្នាំ២០០៨ដើម្បីសម្ភាសន៍ជនដែលត្រូវបានគេនិរទេសមកវិញ។ លោកក៏បានធ្វើការសម្ភាសន៍យ៉ាងច្រើនជាមួយនឹងជនជាតិខ្មែរអាមេរិកាំងដែលកំពុងប្រឈមនឹងការគំរាមកំហែងពីការនិរទេសខ្លួន ក៏ដូចជាមនុស្សជាច្រើនទៀតក្នុងសហគមន៍ខ្មែរនាក្រុងSeattle។
សាស្ត្រាចារ្យJenkinsប្រាថ្នានឹងនិយាយពីរឿងដែលពាក់ព័ន្ធនឹងបញ្ហានិរទេសនិងអន្តោប្រវេស្តន៍ដែលប្រឈមដោយជនជាតិខ្មែរអាមេរិកាំង ដោយវិធីមួយដែលអាចទាក់ទាញការចាប់ អារម្មណ៍ឲ្យខ្លាំង ហើយអាចឆ្លុះបញ្ចាំងពីការលំបាករបស់ពលរដ្ឋកម្ពុជាដែលបានមកដល់សហរដ្ឋអាមេរិក ហើយក្នុងរបៀបមួយដែលសហគមន៍ខ្មែរក៏ដូចជាសាធារណជនទូទៅអាចភ្ជាប់ខ្លួនរបស់ពួកគេទៅជាមួយសាច់រឿងនោះបាន។
លោកសាស្ត្រាចារ្យនិយាយថាលោកមានអារម្មណ៍ថាវាជារឿងចាំបាច់ណាស់ក្នុងការនិយាយពីរឿងនេះឡើងឲ្យគេដឹងព្រោះថាមិនមានមនុស្សច្រើននោះទេដែលយល់ដឹងពីបញ្ហាទាំងនោះ។
«ពីព្រោះវាជារឿងដែលមិនសូវមានគេរាយការណ៍អំពី វាជារឿងដែលសាធារណជនអាមេរិកមួយចំនួនធំមិនដឹង ហើយវាមានសារៈសំខាន់ណាស់ពីព្រោះវាបាននិយាយពីភាពចម្រូងចម្រាស់ជាច្រើននៅក្នុងសង្គមអាមេរិកាំងនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ទាក់ទងនឹងរបៀបដែលយើងថែទាំជនអន្តោប្រវេសន៍ដោយរបៀបណា ពីរបៀបដែលយើងនាំពួកគេចូលមកសង្គមរបស់យើង ពីរបៀបដែលយើងឧបត្ថម្ភពួកគេនិងទាក់ទិននឹងអ្វីដែលគួរធ្វើនៅពេលដែលបញ្ហាកើតឡើង»។
រ័ត្ន ខ្លេ មានដើមកំណើតនៅប្រទេសកម្ពុជាហើយបានមកសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួនបន្ទាប់ពីការដួលរលំរបបខ្មែរក្រហម។ លោកធ្វើការនៅហាងទំនិញCostco នាក្រុងSeattle ហើយកំពុងតែធ្វើការស្ម័គ្រចិត្តឲ្យសម្ព័ន្ធសហគមន៍ (Community Coalition)។ លោកបានដើរតួនៅក្នុងល្ខោនសម្តែង ផែនដីក្រហម ក្លោងទ្វារមាស មេឃស្រមោល។ លោកគិតថា បទពិសោធន៍របស់លោកឆ្លងកាត់របបខ្មែរក្រហមនិងដំណាក់កាលសម្របខ្លួនរស់នៅក្នុងសង្គមអាមេរិកប្រហាក់ប្រហែលទៅនឹងបទពិសោធន៍តួអង្គក្នុងរឿង។
លោករ័ត្នសង្ឃឹមថាល្ខោនសម្តែងនេះនឹងធ្វើឲ្យសហគមន៍ខ្មែរក៏ដូចជាអាមេរិកនិងជនជាតិដទៃមានការចាប់អារម្មណ៍ជាងមុនហើយចាប់ផ្តើមក្រលេកមើលបញ្ហានិរទេសនិងអន្តោប្រវេសន៍ដែលកម្ពុជាកំពុងជួបប្រទះ។
«គេគ្រាន់តែដឹងថាមនុស្សដែលមកពីស្រុកយើងហើយជាពិសេសខ្មែរយើងដែលបានធ្វើខុសច្បាប់អ្វីមួយ ហើយគេគ្រាន់តែមើលទៅថាអ្នកនេះមិនមែនជាជាតិសាសន៍របស់គេ គេបានបញ្ជូនយើងទៅស្រុកខ្មែរ។ ប៉ុន្តែដោយគេមិនយល់ដឹងថាការឆ្លងកាត់របស់យើង បានមកដោយលំបាកទំរាំតែយើងបានធ្វើដំណើរមកដល់ស្រុកអាមេរិកហ្នឹង»។
តាមការស្រាវជ្រាវរបស់លោក លោកសាស្ត្រាចារ្យJenkinsនិយាយថា បញ្ហាដែលនាំឲ្យមានការនិរទេសគឺដោយសារក្មេងៗទាំងនោះបានមកដល់សហរដ្ឋអាមេរិកហើយធំដឹងក្តីរស់នៅក្នុងតំបន់ដែលមិនល្អ។ ពួកគេតែងតែត្រូវបានក្មេងៗដទៃនៅអាមេរិកធ្វើបាប។ ដូច្នេះហើយពួកគេបានបង្កើតជាបក្សពួកជនពាលដើម្បីការពារខ្លួន ដែលជាហេតុនាំឲ្យពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម។
ការបាក់ស្បាតដែលគ្រួសាររបស់ពួកគេទទួលរងពីរបបខ្មែរក្រហមក៏ជាកត្តាមួយដែលជះឥទ្ធិពលដល់អត្តចរិកនិងរបៀបដែលពួកគេសម្របខ្លួននៅក្នុងប្រទេសថ្មីដែរ។ ថែមលើនោះទៅទៀត ពួកគេមិនមានសញ្ជាតិអាមេរិកាំង។
«វាមានដំណើរការក្នុងការទទួលបានសញ្ជាតិ ដែលការណ៍ពិតទៅជនជាតិខ្មែរជាច្រើនមិនបានដឹងពីរឿងនេះទេ។ គេមិនដឹងទាល់តែសោះអំពីបញ្ហាចូលសញ្ជាតិ និងវិធីក្នុងការចូលសញ្ជាតិ។ មនុស្សជាច្រើនដែលខ្ញុំបានសម្ភាសន៍និយាយថា ខ្ញុំគឺពលរដ្ឋអចិន្ត្រៃយ៍ដោយសារខ្ញុំមានGreen Card ហើយខ្ញុំគិតថាវាជារឿងរួចស្រេចទៅហើយ។ ពួកគេមិនដឹងទេថាពួកគេអាចប្រឈមនឹងការនិរទេសរហូតដល់ពេលចុងក្រោយ»។
លោកស្រី ដានី ម៉តុន ពីក្រុមអ្នកតស៊ូមតិសុកមាលភាពសហគមន៍កម្ពុជា បានបន្ថែមថា៖
«បញ្ហានិរទេសគឺជារឿងពិត! មូលហេតុដែលយើងជួបប្រទះការនិរទេស គឺដោយសារសង្គ្រាមអញ្ចឹងហើយបានជាយើងមកដល់សហរដ្ឋអាមេរិក ហើយពេលដែលយើងមកដល់ប្រទេសនេះ គេគិតថាអ្វីៗគឺល្អហើយ អ្វីៗគឺអស្ចារ្យ យើងនៅក្នុងឋានសួគ៌ តែការណ៍ពិតក្មេងៗរស់នៅក្នុងនរក»។
កាលពីខែមិនាឆ្នាំ២០០១ រដ្ឋាភិបាលកម្ពុជានិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិរទេសជនដែលមិនមានសញ្ជាតិអាមេរិកាំងហើយបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយ។
ជនដែលត្រូវបាននិរទេសភាគច្រើនបានមកដល់ប្រទេសអាមេរិកក្នុងកុមារភាពហើយរស់នៅដូចជាជនជាតិអាមេរិកាំងដែរ។ ពួកគេយល់ដឹងពីប្រទេសកម្ពុជាតិចតួចបំផុតហើយពេលខ្លះមិនដឹងទាល់តែសោះ ពីភាសា ក៏ដូចជាវប្បធម៌។ ជននិរទេសទាំងនោះត្រូវសម្របខ្លួនម្តងទៀតក្នុងប្រទេសដែលពួកគេមិនដែលស្គាល់ពីមុនសោះ ហើយបានជួបប្រទះបញ្ហាជាច្រើន។
រ័ត្ន ខ្លេ ដែលបានសម្តែងក្នុងល្ខោននេះសង្ឃឹមថាការសម្តែងនឹងធ្វើឲ្យរដ្ឋាភិបាលអាមេរិកពិចារណាម្តងទៀតលើច្បាប់និរទេស។
«ប៉ុន្តែបើសិនជាយើងបង្ហាញឲ្យគេឃើញនូវភាពលំបាកលំបិនដែលយើងធ្លាប់បានឆ្លងកាត់មកហ្នឹង គេប្រហែលជាអាចយល់ដឹង ហើយគេប្រហែលជាអាចអត់ឱនអ្នកដែលធ្វើខុសនៅអនាគត ហើយប្រហែលជាគេអាចប្តូរច្បាប់ ដូចថាសម្របសម្រួលឲ្យអ្នកធ្វើខុសអ្វីមួយ ធ្វើការប្រែគំនិតទៅអាចនៅក្នុងសង្គមស្រុកអាមេរិកបានដោយមិនបាច់បញ្ជូនទាំងបង្ខំដូច្នោះ»។
ក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅវិញទាំងនោះក៏មានអ្នកខ្លះទទួលបានជោគជ័យ ក្នុងការសម្របសម្រួលចូលក្នុងសង្គមកម្ពុជា ហើយអ្នកខ្លះក៏ជួបប្រទះការលំបាកជាច្រើន៕