ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក​ Biden ទៅ​រដ្ឋ Louisiana ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ចំពោះ​​គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជាតិ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសុន្ទរកថានៅមុខស្ពាន I-10 សម្រាប់ការធ្វើដំណើរឆ្លងកាត់ទន្លេ Calcasieu នៅក្រុង Lake Charles រដ្ឋ Louisiana កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១។

អ្នក​នយោបាយ​ភាគ​ច្រើន​ចូលចិត្ត​ឈរ​បង្ហាញ​ស្នាម​ញញឹម​នៅ​ពី​មុខ​គម្រោង​សាធារណ:​នានា​ប្រកប​ដោយ​មោទនភាព ប៉ុន្តែ​លោក​ប្រធានាធិបតី​ Joe Biden បាន​ធ្វើ​ផ្ទុយ​ពី​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ដោយ​យក​ឱកាស​ថតរូប​នៅពី​មុខ​ស្ពាន​ចំណាស់ដែល​មិនសូវ​មាន​ការ​ថែទាំល្អ ហើយ​បន្ទាប់​មក​ធ្វើ​ទស្សនកិច្ចនៅ​រោងចក្រផលិត​ទឹក​ស្អាត​ចាស់​ទ្រុឌទ្រោម​មួយ​កន្លែង ដោយ​មាន​កាមេរ៉ា​តាម​ថត​ជាប់​ជានិច្ច។

លោក Biden ថ្លែង​នៅ​ក្នុង​ទីក្រុង Lake Charles រដ្ឋ​ Louisiana បន្ទាប់ពី​លោក​ត្រូវ​បាន​ស្វាគមន៍​ដោយ​អភិបាល​ក្រុង​មក​ពី​គណបក្ស​សាធារណរដ្ឋ​ថា៖ «យើង​កំពុង​ឈរ​ដោយ​មានស្ពាន I-10 ដែលស្ថិតនៅពី​ក្រោយ​យើង ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ជាច្រើន​ដង​កាល​ពី​អតីតកាល។ ហើយ​វាជា​ឧទាហរណ៍មួយ​ដែល​បង្ហាញឲ្យយើងឃើញថា ​ក្នុង​នាម​ប្រទេសជាតិ​ទំាង​មូល ​យើងខកខាន​មិនបានវិនិយោគ​លើ​អនាគត​នៃ​សេដ្ឋកិច្ច​របស់​យើង និង​អនាគត​នៃ​ប្រជាពលរដ្ឋ​របស់​យើង»។​

លោក Biden បាន​ស្នើ​ឲ្យ​មាន​ការ​ចំណាយ​ទឹកប្រាក់​ចំនួន ២,៣ លាន​លាន​ដុល្លារ ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ឱកាសការងារ​ទូទាំង​ប្រទេស។ ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ជាការ​ប្រឈម​មុខ​ជាមួយ​នឹង​ប្រតិភូ​សភា​ពីរដ្ឋ Louisiana ដែល​បច្ចុប្បន្ននេះ​សុទ្ធសឹង​តែជា​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ។ ប៉ុន្តែការណ៍នេះនឹងផ្លាស់ប្តូរ នៅពេល​លោក Troy Carter សភាជិក​រដ្ឋ​សភា​ដែលទើបជាប់​ឆ្នោតពី​គណបក្ស​ប្រជាធិបតេយ្យ​ ទទួល​តំណែង​នៅ​ក្នុង​រដ្ឋសភា ​នៅ​ថ្ងៃទី ១១ ខែ​ឧសភា ខាង​មុខ។

គណបក្ស​សាធារណរដ្ឋ​ទទូចឱ្យ​ចំណាយតិច​ជាងអ្វីដែលលោក Biden បានស្នើឡើង គឺ​ត្រឹមតែ​លើហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ការ​ជួសជុល​ផ្លូវ​ និង​ស្ពាន ធ្វើ​ទំនើបកម្មរថយន្ត​និង​រថភ្លើង​ក្រុង និង​ពង្រីក​ការ​ប្រើប្រាស់​អ៊ីនធឺណិត ដោយទាមទារមិន​ឲ្យមានការចំណាយ​ថវិកា​លើ​ថាមពល​កកើត​ឡើង​វិញ និងការ​ថែ​ទំា​មនុស្ស​ចាស់​ឡើយ។

លោក Steve Scalise តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ​ពី​រដ្ឋ Louisiana បាន​និយាយ​ថា ផែនការ​ការងារ​របស់​លោក Biden គឺជា «ការ​ដំឡើង​ពន្ធ​ហួសហេតុដែល​បន្លំ​ថា​ជា​គម្រោងហេដ្ឋារចនាសម្ព័ន្ធ» ​វិញ។

លោក​ថា៖ «ការ​ដំឡើង​ពន្ធ​ដែល​បង្ខំ​ឲ្យ​ការងារ​របស់​ពលរដ្ឋ​ជីវភាព​មធ្យម ត្រូវ​បញ្ជូន​ទៅ​បរទេស គឺ​មិនមែន​ជា​ហេដ្ឋារចនាសម្ព័ន្ធ​នោះទេ»។

អតីត​ប្រធាធិបតី Donald Trump បាន​យក​ឈ្នះលោក Biden នៅក្នុង​រដ្ឋ​នេះ​ជិត ២០% នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីកាល​ពី​ឆ្នាំ ២០២០។

អ្នកស្រី Karine Jean-Pierre អ្នកនាំ​ពាក្យ​ស្ដីទីប្រចាំ​សេតវិមាន​ បាន​ប្រាប់​អ្នក​សារព័ត៌មាននៅ​លើ​យន្តហោះ ​Air Force One ក្នុង​អំឡុង​ការ​ហោះហើរ​ទៅ​កាន់រដ្ឋ Louisiana ថា៖ «ទោះបី​ជា​ចាញ់​នៅ​រដ្ឋ Louisiana ក៏​ដោយ ក៏​លោក Biden ជា​ប្រធានាធិបតី​របស់​អ្នក​រាល់​គ្នា»៕

XS
SM
MD
LG