ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ផ្តល់​អាហារូបករណ៍​ដល់​ផ្នែកស្រាវជ្រាវ​កសិកម្ម​ និង​ទីផ្សារ


លោក​ William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ និង​លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសា​ទ ធ្វើ​ទស្សនកិច្ច​ក្នុង​ឧទ្យានបច្ចេកវិទ្យាកសិកម្ម​ នៅសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម​ កាលពីថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី​/VOA)
លោក​ William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ និង​លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសា​ទ ធ្វើ​ទស្សនកិច្ច​ក្នុង​ឧទ្យានបច្ចេកវិទ្យាកសិកម្ម​ នៅសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម​ កាលពីថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី​/VOA)

«នេះ​ជា​ចំណុច​ខ្វះខាត​ ដែល​សង្ឃឹមថា​ យុវជន​វ័យក្មេង​ ហើយ​ឆ្លាត​វៃ​ ខាង​វិស័យ​កសិកម្ម​យើង​នេះ​ នឹង​ចេញមុខ​នៅ​ពេល​ខាងមុខ​ ក្នុង​ការ​ដឹកនាំ​វិស័យ​កសិកម្ម​របស់​យើង​ ដើម្បី​ជោគជ័យ​ ទាំង​ការ​ផលិត​ និង​ដណ្តើម​ទីផ្សារ​នៅ​ពេល​ខាងមុខ»។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​ស្រាវជ្រាវ​វ័យក្មេង​ នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ​ដែល​នៅប្រឈម​បញ្ហា​ក្នុង​ការ​ផលិត​ ​និង​ការ​ស្វែង​រក​ទីផ្សារ។​ ​នេះ​បើ​យោង​តាម​ការ​លើក​ឡើង​ ​របស់​ ​លោក​ ​William Heidt​ ​ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​និង​ ​លោក​ ​វេង សាខុន ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ។​

ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ក្នុង​ពិធី​ផ្តល់​អាហា​រូបករណ៍​ ​និង​មូល​និធិ​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពល​វប្បកម្ម​កសិកម្ម​និរន្តរភាព​ និង​អាហារូបបត្ថម្ភ​ (Center of Excellence for Sustainable Agricultural Intensification and Nutrition)​ ​ហៅកាត់​ថា​ ​CE SAIN​ នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ ​លោក​ William Heidt​ ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ ​កសិកម្ម​ ​គឺ​ដូច​ជា​ ជំនួញ​ ​ហើយ​មិន​ខុស​គ្នា​ខ្លាំង​ពី​បច្ចេកវិទ្យា​ ​ដែល​ទាមទារ​ឲ្យ​មនុស្ស​វ័យ​ក្មេង​ចូលរួម​ចំណែក​ ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​កម្ពុជា​ ​ភ្ជាប់​ជាមួយ​ទីផ្សារ​អន្តរជាតិ។លោក​ William Heidt​ បានថ្លែង ​ដោយ​មានការ​បកប្រែ​ជាភាសាខ្មែរ​យ៉ាង​ដូច្នេះ​៖

«ជា​ការ​ពិត​ការ​ធ្វើ​ចំការ​ ពុំមែនត្រឹម​តែ​ជា​ការ​ ដាំដុះបន្លែ និង​ស្រូវ​ប៉ុណ្ណោះ​ទេ​ ហើយ​ក៏​ពុំមែន​ជា​គម្រោង​ស្រាវជ្រាវ​ដែរ​ វា​គឺ​ជា​ជំនួញ​មួយ​ ដែល​ផ្សារ​ភ្ជាប់​ទៅនឹង​ទីផ្សារ​អន្តរជាតិ​ និង​ពឹង​ផ្អែក​ទៅលើ​កម្លាំង​នៃ​ទីផ្សារ​អន្តរជាតិ​។ ក្នុង​ទិដ្ឋភាព​នេះ​ វិស័យ​កសិកម្ម​ ក៏មិន​ខុស​ពី​វិស័យ​ផលិតកម្ម​ ទេសចរណ៍​ ឬក៏​បច្ចេកវិទ្យា​ផងដែរ​ គឺ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ​ កម្ពុជា​ចាំបាច់​ត្រូវមានប្រជាជន​ វ័យ​ក្មេង​ឈ្លាសវៃ​ និង​ប្រកប​ដោយ​ការ​លះបង់​ ដូច​អ្នក​ទាំងអស់​គ្នា»។​

លោក​ ​William Heidt​ ​ក៏​បាន​លើកឡើង​ផង​ដែរ​ថា​ ​កម្ពុជា​ជា​ប្រទេស​កសិកម្ម​ ​តែ​ប្រទេស​នេះនៅ​ប្រឈម​កង្វះ​បន្លែ​ផ្លែ​ឈើ​ ​សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ក្នុងស្រុក​ ​ខណៈ​ដែល​ពលរដ្ឋ​ជាង ​៧០ភាគ​រយ​នៃ​បន្លែ​ផ្លែឈើ​ត្រូវ​បាន​នាំចូល។​ ​លោក​ថា​ ទោះ​បី​វិស័យ​ឧស្សាហកម្ម​បាន​កំពុង​រីកចម្រើន​គួរឲ្យ​កត់​សម្គាល់​ក្តី​តែ​ជាង​ ៧០ភាគរយ​កំពុង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​សម្រាប់​ការ​រស់នៅ។​ លោក​បន្ថែម​ថា​ ការ​ធ្វើ​ច្បារ​ដំណាំ​គឺ​ជា ​ចំណុច​ស្នូល​ដែល​ត្រូវអភិវឌ្ឍ​ ឲ្យ​ស្រប​ទៅ​តាម​ការ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម​ទូទៅ។​

«ប្រទេស​កម្ពុជា​ គួរ​មាន​មោទនភាព​ថា​ ខ្លួន​បាន​ផលិត​អង្ករ​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ ​ប្រជាជន​ខ្លួន​សម្រាប់​រយៈពេល​ ២០ឆ្នាំ​មក​ហើយ​ នេះ​គឺ​ជា​សមិទ្ធិ​ផល​មួយ​ដ៏​មាន​សារៈសំខាន់​ ប៉ុន្តែ​កម្ពុជា​ នៅតែ​នាំចូល​បន្លែ​ផ្លែឈើ​ប្រមាណ​ ៧០ភាគរយ​ ដូច្នេះ​បញ្ហា​ប្រឈម​គន្លឹះ​មួយទៀត​ គឺ​ការ​អភិវឌ្ឍ​វិស័យ​សាក​វប្បកម្ម​ [​ការ​ធ្វើ​ច្បារ​ដំណាំ] ដែល​ជាមួយ​ផ្នែក​ ជា​ផ្នែក​មួយ​ នៃ​ការ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម​ទាំង មូល»។​

លោក​ William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ផ្តល់​សុន្ទរកថា​ក្នុងពិធី​ផ្តល់​អាហារូប​ករណ៍​ក្នុង​វិស័យ​កសិកម្ម​ នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ កាលពី​ថ្ងៃ​ទី​១៨ ខែតុលា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី​/VOA)
លោក​ William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ផ្តល់​សុន្ទរកថា​ក្នុងពិធី​ផ្តល់​អាហារូប​ករណ៍​ក្នុង​វិស័យ​កសិកម្ម​ នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ កាលពី​ថ្ងៃ​ទី​១៨ ខែតុលា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី​/VOA)

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពល​វប្បកម្មក​សិកម្ម​និរន្តរភាព​ ​និង​អាហា​រូប​ត្ថម្ភ​ ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​(USAID)​ ​បាន​ឲ្យ​ដឹងថា​ ​៨០​ភាគរយ​នៃ​ប្រជា​ជន​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ ​និង​ដោយ​ប្រយោល​ជា​មួយ​កសិកម្ម។​ ៦៥​ភាគរយ​ នៃ​មុខរបរ​របស់​ប្រជាជន​ គឺ​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ហើយ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​ ៣២​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​នៅ​ក្នុង​ឆ្នាំ​២០១៣។​ ​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​ប្រមាណ​ ៣,៧​ លាន​ហិចតា​ សម្រាប់​ការងារ​ដំាដុះ។​

លោក​ ​វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ដែល​មាន​វត្តមាន​ក្នុង​ពិធី​ប្រគល់​អាហារូបករណ៍​នោះ​ បាន​លើក​ពី​បទ​ពិសោធ​របស់​ថៃ​ ដែល​បាន​ចាត់​ទុក​យុវជន​ជា​ចលករ​រស់​រវើក​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម។​

«ឥឡូវនេះ​ គឺ​គេ​មានការ​ផ្លាស់​ប្តូរ​ ទៅ​របៀប​បរិបទ​ថ្មី​ ដែល​គេ​ផ្តោត​ផ្ចង់​ទៅលើ​ យុវជន​ឆ្លាត​វ័យ​ របស់​ថៃ​នេះ​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ លើ​វិស័យ​កសិកម្ម​ ដោយ​គេ​យល់​ឃើញ​ថា​ ការ​បណ្តុះបណ្តាល​តាមរយៈ​កសិករ​ ដែល​មាន​វ័យ​ចំណាស់​ ហាក់​បី​ដូចជា​មាន​ការ​យឺតយ៉ាវ​ ដូច្នេះ​គេ​បញ្ចេញនូវ​ យុវជន​ដែល​មាន​ភាព​ឆ្លាត​វៃ​ ទៅ​ធ្វើ​ដែល​មាន​គំនិត​ ចង់​អភិវឌ្ឍ​វិស័យ​កសិកម្ម​ រុញ​ឲ្យ​ទៅ​ធ្វើ​កសិកម្ម​ ដើម្បី​ឈាន​ទៅ​ដល់​បង្កើត​ឧត្តមភាព​ ទាំងគុណភាព​ ទាំងសុវត្ថិភាព​ និង​ការ​នាំចេញ​របស់​ នូវ​ផលិតផល​កសិកម្ម​របស់​ថៃ​។​ នេះ​ជា​ការ​ចាប់​ផ្តើម​របស់​ថៃ​ក្នុង​បរិបទ​ថ្មី»។​

លោក​វេង​ សាខុន​បាន​បន្ត​ថា​ ​រដ្ឋាភិបាល​ប្រទេស​ថៃ​ បាន​ធ្វើ​កំណែ​ទម្រង់​លើ​ផលិត​កម្ម​ក្នុង​វិស័យ​កសិកម្ម​ជា​ច្រើន​ ​ក្រោយនាយករដ្ឋមន្ត្រី​ថៃ​អ្នកស្រី​ ​Yingluck Shinawatra​ ​បាន​ជួប​បញ្ហា​ប្រឈមក្នុង​ការ​ស្វែង​រក​ទីផ្សារ​ជូន​កសិករ​ថៃ​សម្រាប់​ផលិតកម្ម​ស្រូវ។​ លោក​បាន​ពន្យល់​ថា​ បញ្ហា​ប្រឈម​សម្រាប់​ទីផ្សារ​ស្រូវ​របស់​កសិករ​ថៃ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ ​Yingluck​ ​ធ្វើ​ការ​ឧបត្ថម្ភ​ទុន​ ឬ​ក៏​បង្កើន​តម្លៃ​ក្នុង​ការ​ប្រមូល​ផល​ស្រូវ។​

លោក​បាន​បន្ត​ថា ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​ទាំងនេះ​ រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន បាន​ផ្លាស់​ប្តូរ​បែប​ផែន​នៃ​ផលិតកម្ម​កសិកម្ម​ ដោយ​ការ​បង្វែរ​តំបន់​ណា ដែល​ផ្តល់​ផល​ស្រូវ​ទាប​ជាង​៣តោន ទៅជា​ការ​ចិញ្ចឹម​សត្វ​ និង​ដំណាំ​ផ្សេង​ៗ​ដូច​ជា​ អំពៅ​។​ លោក​ថា​ការណ៍​នេះ​ បាន​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​ ហើយ​ឈប់​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឈឺក្បាលចំពោះ​បញ្ហា​ធ្លាក់​ចុះ​តម្លៃ​កសិផល​ក្នុង​ទីផ្សារ​ ដែល​កម្ពុជា​មាន​ការ​ប្រឈម​ផង​ដែរ។​ លោក​យល់​ថា​ យុវជន​កម្ពុជា​នឹង​ដើរ​តួ​សំខាន់​ក្នុង​ការ​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ប្រឈម​ដូច​អ្វី​ដែល​លោក​បាន​លើកឡើង។

«នេះ​ជា​ចំណុច​ខ្វះខាត​ ដែល​សង្ឃឹមថា​ យុវជន​វ័យក្មេង​ ហើយ​ឆ្លាត​វៃ​ ខាង​វិស័យ​កសិកម្ម​យើង​នេះ​ នឹង​ចេញមុខ​នៅ​ពេល​ខាងមុខ​ ក្នុង​ការ​ដឹកនាំ​វិស័យ​កសិកម្ម​របស់​យើង​ ដើម្បី​ជោគជ័យ​ ទាំង​ការ​ផលិត​ និង​ដណ្តើម​ទីផ្សារ​នៅ​ពេល​ខាងមុខ»។​

លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ អំពីការ​ផលិត​បន្លែក្នុង​ស្រុក​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម​ កាលពីថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)
លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ អំពីការ​ផលិត​បន្លែក្នុង​ស្រុក​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម​ កាលពីថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)

លោក​ ពិន ធីរ៉ា​ វ័យ​ ៣០​ ឆ្នាំ​ ដែល​ទទួល​បាន​អាហារូបករណ៍​កម្រិត​បណ្ឌិត​ពី ​ ​មជ្ឈមណ្ឌល​ឧត្តម​ភាព​ប្រពល​វប្បកម្ម​កសិកម្ម​និរន្តរភាព​ និង​អាហា​រូបត្ថម្ភ​ ដើម្បីស្រាវជ្រាវ​លើប្រធាន​បទ​ «ការ​សិក្សា​អំពី​ខ្សែ​សង្វាក់​ផលិត​សម្រាប់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ នៃ​ការ​អភិវឌ្ឍ​កសិធុរកិច្ច​ សម្រាប់​កសិករ​នៅ​តាម​ជន​បទ​ប្រទេស​កម្ពុជា»​ ​ប្រាប់​ VOA​ ថា​ ការសិក្សា​ស្រាវជ្រាវ​របស់​លោកនឹង​ផ្តោត​លើ​ផលវិបាក​នៃ​ទីផ្សារ​កសិផល​ ដែល​ជា​ក្តី​កង្វល់​របស់​ប្រជា​កសិករខ្មែរ។​

«តាម​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​កន្លងមក​ហ្នឹង មានន័យ​ថា ​ប្រជា​កសិករ​យើង​ គាត់​ដាំ​ហើយ​ពេលខ្លះ​គាត់​អាច​ថា​ មិន​មាន​ទីផ្សារ​សម្រាប់​លក់។​ អីចឹង​អាហ្នឹង​ វា​អាច​បណ្តាល​មក​ពី​ថា​ កសិផល​របស់​គាត់​ផលិត​បាន​ហ្នឹង​ហើយ​ គាត់​ទាក់ទង​ទៅ​ហ្នឹង​រឿង​គុណភាព​របស់​គាត់​ដែរ​ ទាក់​ទង​ទៅ​ហ្នឹង​កសិករ​ពេលខ្លះ​ ផលិត​បាន​ ផលិត​តាម​បន្តៗ​ គ្នា​។ ក៏ប៉ុន្តែ​គាត់​អត់​បាន​បង្កើត​ជា​ក្រុម​ ដូច​ឯកឧត្តម​រដ្ឋ​មន្ត្រី​លោក​មាន​ប្រសាសន៍​ មុនហ្នឹង​ចឹង​ គាត់​ថា​ពេលខ្លះ​ គាត់​អត់​មានបាន​ចង​ក្រង​ជា​ក្រុម​ដើម្បី​បង្កើត​ជា​ក្រុម​ស្វែង​រក​ទីផ្សារ​ដើម្បី​ឲ្យ​លក់​ផលិត​ផល​របស់​គាត់​ហ្នឹង​ឲ្យ​បានទេ»។​

លោក​ ​ពិន ធីរ៉ា​ ​ដែល​ជា​ប្រធាន​ការិយាល័យ​ផែនការ​ និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​ថ្លែង​បន្ថែម​ថា៖​

«អីចឹង​ អ្វីទាំងអស់​ហ្នឹង​ គឺជា​ ក៏​ស្ថិត​នៅ​ក្នុងការ​សិក្សាស្រាវជ្រាវ​របស់​ខ្ញុំ​ ដែល​យើង​អាច​សិក្សា​ទៅលើ​ថា​តើ​ សហគមន៍​កសិករ​មួយ​ណា​ដែលគាត់​ អាច​ថា​ មាន​ក្រុមរបស់គាត់​ មានបង្កើត​ជាក្រុម​ មាន​បង្កើត​ជា​ប្រព័ន្ធ​អី​ដើម្បី​អាចលក់​ផលិត​ផលរបស់​គាត់​បាន​ជោគជ័យ?​ អីចឹង​អាហ្នឹង​បើសិនជា​យើង​រក​ឃើញ​អាហ្នឹង​ហើយ​ យើង​នឹង​ផ្សព្វផ្សាយ​អ្វី​ដែល​យើង​បានរកឃើញ»។​

ដោយឡែក​ អ្នក​ចូល​រួម​ជួយ​ពង្រឹង​វិស័យ​កសិកម្មផ្សេងទៀត​មើល​ឃើញ​ថា​ ​ប្រទេស​កម្ពុជា​នៅ​បន្ត​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ ​លើ​ការ​នាំចូល​បន្លែ​ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន​ពី​ប្រទេស​ក្បែរ​ខាង​ ​ហើយ​សាធារណជន​ខ្មែរតែង​តែ​សង្ស័យ​ថា​ ​បន្លែ​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​យ៉ាង​ច្រើន បើ​ទោះ​ណា​ជា​ប្រទេស​កម្ពុជា​ ​ជា​ប្រទេស​កសិកម្ម​ ​ហើយ​រដ្ឋាភិបាល​ប្រទេស​នេះ​តែងតែ​ប្រកាស​ថា ផលិត​ផល​ស្រូវ​របស់​ខ្លួន​លើស​ពី​តម្រូវ​ការ​ក្នុង​ស្រុក​ជា​រៀងរាល់​ឆ្នាំ​ក៏​ដោយ។ ​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ​នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ស្តី​បន្ទោស​លើ​ពល​រដ្ឋ​ខ្មែរ ថា​ជា​ដើម​ចម​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​នាំ​ចូល​បន្លែ​ផ្ទុក​ជាតិគីមី​ជា​ច្រើន​ពី​បរទេស​ ​ហើយ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋត្រួត​ពិនិត្យ​បន្លែ​គីមី​ដោយ​ខ្លួន​ឯង​ ​មុន​នឹង​ដាក់​ការ​ស្តី​បន្ទោស​លើ​រដ្ឋាភិបាល​របស់​លោក។​

លោក​រដ្ឋ​មន្ត្រី​កសិកម្ម​ ​វេង​ សាខុន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ ​របស់​ VOA​ ​ថា​តើ​កម្ពុជា​ ​ពិត​ជា​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង​នោះ ឬ​យ៉ាង​ណា​នោះ​ទេ​ តែ​លោក​រដ្ឋមន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ថា​ កម្ពុជា​ចាប់​ផ្តើម​មាន​ជម្រើស​ផ្សេង​ ​ហើយ​ថែម​ទាំង​បាន​ទាក់ទាញ​អតិថិជន​ពី​ប្រទេស​វៀតណាម​ផង​ដែរ។

«ឥឡូវហ្នឹង​មាន​ជម្រើស​ហើយ​ ភាគច្រើនឥឡូវហ្នឹង​យើង​មួយចំនួន​ យើង​ជួនកាល​យើង​មិន​ដឹង​នាំ​ចូល​មួយ​ចំនួន​ដែរ​ ប៉ុន្តែ​ឥឡូវហ្នឹង​ វៀតណាម​ គេ​ចាប់​ផ្តើម​ទិញ​របស់​របរ​ពី​កម្ពុជា​ទៅវិញ​ ដោយ​សារ​កម្ពុជា​ ហ្នឹង​យើង​ផលិត ជា​ប្រភេទ​មួយ​ដែល​មិន​មាន​ជាតិ​ពុល​ មិន​ធ្វើ​ដូច​គេ​ដាក់​ជី​ច្រើន​ លើស​កម្រិត​ ហើយ​ប្រើ​ថ្នាំ​ហួសហេតុ ​ហើយ​យើង​នេះ​គឺ​ប្រើ​ជា របៀប​ប្រភេទ​សរីរាង្គ»។​

បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​មាន​ចំនួន​ប្រមាណ​ជិត​១​លាន​តោន​ ​ក្នុង​នោះ​មាន​ការ​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក​ ៤៤​ភាគរយ​ ​និង​បន្លែ​នាំ​ចូល​ ៥៦​ភាគរយ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អង្គការ​ស្បៀង​អាហារ​ ​និង​កសិកម្ម​ពិភព​លោក​ ​ឬ​ហៅ​កាត់​ថា​ FAO។​ ​ការ​សិក្សាស្រាវជ្រាវ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា​ ​បន្លែ​ប្រមាណ​២០០​ ​ទៅ​ ​៤០០​តោន​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង ​មក​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃៗ។​

ក្នុង​ពិធី​ប្រគល់​អាហារូបករណ៍​ និង​មូលនិធិ​ស្រាវ​ជ្រាវ​របស់​មជ្ឈ​មណ្ឌល​ឧត្តមភាព​ប្រពល​វប្បកម្ម​កសិកម្ម​និរន្តរភាព​ និង​អាហារូបត្ថម្ភ ដែល​ជា​ផ្នែក​មួយនៃ​សាកវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ លោករដ្ឋ​មន្ត្រី​កសិកម្ម​ វេង សាខុន​ បាន ​ស្នើ​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រក​ផលិត​ផល​កសិកម្ម​ខ្មែរ​ទាំងឡាយ​ដែល​មាន​សក្តានុពល​អាច​ដណើ្តម​បាន​ទីផ្សារ​អន្តរជាតិ។​ ​លោក​បាន​លើក​យក​ចេក​ពងមាន់​ មក​ធ្វើ​ជា​កសិផល​ដើម្បី​ការ​ស្រាវជ្រាវ​ ដោយ​លោក​បាន​ផ្តល់​យោបល់​ថា​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​គួរធ្វើ​យ៉ាង​ណា ធ្វើ​ឲ្យ​សំបក​នៃ​ចេក​នេះ​ អាច​ធន់​នឹង​ទឹក​បាន​យូរ​ ដែល​មិន​អាច​ឡើង​ជាំ​ខ្មៅ​បាន​សម្រាប់​ការ​នំាចេញ​។ ជា​ការ​លើកទឹកចិត្ត​ដល់​ការ​ស្រាវជ្រាវ​នេះ​ លោក​បាន​ផ្តល់​ថវិកា​ប្រមាណ​ ៥.០០០​ដុល្លារ​អាមេរិក​។ លោក​បាន​បញ្ជាក់​ថា​ ថវិកា​នេះ​ ​ជា​ការ​រួម​ចំណែក​ជា​មួយ​ភ្នាក់ងារ USAID៕

XS
SM
MD
LG