ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា ក្រសួងបានពិសោធអង្ករដែលសង្ស័យថាជាអង្ករប្លាស្ទិក ហើយលទ្ធផលបង្ហាញថា អង្ករទាំងនោះជាអង្ករពិត មិនមែនជាអង្ករប្លាស្ទិកដូចព័ត៌មានផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះទេ។
ថ្មីៗនេះ មានព័ត៌មានលេចឮតាមបណ្ដាញសង្គមដោយលើកឡើងថា មានអង្ករប្លាស្ទិកកំពុងចរាចរលក់នៅលើទីផ្សារកម្ពុជា ដែលបានបង្កឱ្យមានក្ដីព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងកសិកម្ម បានឱ្យដឹងថា ក្រសួងបានសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដោយបានបញ្ជូនសំណាកគំរូអង្ករដែលគេសង្ស័យថាជាអង្ករប្លាស្ទិកទៅវិភាគនៅមន្ទីរពិសោធន៍ជាតិកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម។
លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រាប់ VOAថា ក្រសួងបានធ្វើការពិសោធអង្ករពីរប្រភេទផ្សេងគ្នាគឺសំណាកគំរូអង្ករដែលសង្ស័យថាជាអង្ករប្លាស្ទិក និងអង្ករពិតដែលសម្រាប់នាំចេញទៅក្រៅប្រទេស។
«លទ្ធផលនៃការវិភាគខាងលើហ្នឹងបានបង្ហាញថា ការលាយអង្ករជាមួយអាស៊ីដមិនមាននៅសល់កាកសំណល់ជាតិប្លាស្ទិកនោះទេ។ ហ្នឹងទី១ យើងឃើញហើយអត់ឃើញមាន។ មួយទៀត គឺការវិភាគដង់ស៊ីតេអង្កររបស់ក្រុមហ៊ុន ហើយនិងអង្ករគំរូមានដង់ស៊ីតេដូចគ្នា បាទហ្នឹងណា! ហើយមួយទៀតការវិភាគរកប្រូតេអ៊ីនអង្កររបស់ខាងក្រុមហ៊ុននាំចេញអង្ករ ហើយនិងអង្ករគំរូស្អីៗហ្នឹងយកមកធ្វើការវិភាគទៀត។ អ៊ីចឹងគឺយើងបានពិនិត្យមើលទៅឃើញថាអត់មានអីទាំងអស់»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ការពិសោធបានវិភាគសំណាកគំរូអង្ករតាមបច្ចេកទេសចំនួន៣ចំណុច គឺការវិភាគលក្ខណៈរូប តាមរយៈការវាស់ដង់ស៊ីតេអង្ករនិងម្សៅអង្ករ ការវិភាគលក្ខណៈគីមីដើម្បីស្រាវជ្រាវកម្រិតប្រូតេអ៊ីនក្នុងអង្ករ និងការរំលាយអង្ករដោយប្រើប្រាស់អាស៊ីដខ្លាំង (Nitric Digestion)។ លើសពីនេះ ក្រសួងក៏បានដាក់ចេញជាប្រព័ន្ធទូរស័ព្ទចំនួន៣ខ្សែសម្រាប់ឱ្យសាធារណជនរាយការណ៍ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងវត្តមានអង្ករប្លាស្ទិក។
លោក សម វិទូ នាយកប្រតិបត្តិនៃអង្គការសេដាក (CEDAC) ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការប្រើពាក្យ«អង្ករប្លាស្ទិក»អាចនាំឱ្យមានការយល់ច្រឡំ និងកង្វល់ក្នុងចំណោមសាធារណជន។
លោកបន្តថា ប្រភេទអង្ករដែលមិនមែនជាអង្ករពិត ឬជាអង្ករសិប្បនិម្មិតនេះពិតជាចរាចរនៅលើទីផ្សារកម្ពុជា ដោយសាច់ញាតិរបស់លោកធ្លាប់ទិញប៉ះអង្ករប្រភេទនេះ។
«នៅក្នុងអង្ករនេះហ្នឹងទី១ ពេលគាត់លាងទៅអង្ករហ្នឹង វាអត់មានចេញកន្ទក់ពណ៌សដូចអង្ករយើងធម្មតាទេ ហ្នឹងទី១។ ហើយទី២ហ្នឹងគឺបញ្ហាទាក់ទងទៅនឹងពេលដែលដាំបាយទៅ គឺវាគ្រាប់អង្ករហ្នឹងគឺវាអត់ស្អិតជាប់គ្នាទេ ប៉ុន្តែដល់ពេលច្របាច់ទៅបានវាស្អិតជាប់នៅខាងក្នុងវិញ»។
លោក សម វិទូ ឱ្យដឹងដែរថា អង្ករប្រភេទនេះផលិតពីដំឡូង ដោយភាគច្រើនមានប្រភពចេញពីប្រទេសចិន ឯផលប៉ះពាល់នៃការទទួលទានអង្ករប្រភេទនេះ គឺអាស្រ័យទៅលើដំណើរការនៃការផលិត ។
«ប្រសិនបើធ្វើទៅតាមក្បួនច្បាប់ត្រឹមត្រូវដែលមានចែងនៅក្នុងអានេះហ្នឹង គឺអត់អីទេ ប្រសិនបើធ្វើទៅត្រូវអញ្ចឹងនុះណា៎ ព្រោះនៅស្រុកយើងកុំថាឡើយអង្ករ ឬក៏ប្រភេទផលិតផលអី សូម្បីតែចំណីអាហារដែលយើងធ្វើដូចជាមី ដូចជាគុយទាវ ឬក៏អីចឹងដែលយើងធ្វើទៅហើយ វាមិនមានបទដ្ឋានត្រឹមត្រូវហ្នឹងគឺវាធ្វើឱ្យខូចសុខភាពដូចគ្នា ចឹងណា!»។
លោក សម វិទូ អំពាវនាវឱ្យក្រសួងពាក់ព័ន្ធស្វែងរកប្រភពអង្ករប្រភេទនេះ ដើម្បីពិនិត្យថា តើការផលិតអង្ករទាំងនោះត្រឹមត្រូវតាមក្បួនខ្នាត និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
បើតាមលោក ឡោ រស្មី មកដល់ពេលនេះក្រសួងជំនាញមិនទាន់ពិនិត្យឃើញប្រភេទអង្ករប្លាស្ទិក ឬអង្ករសិប្បនិម្មិតចរាចរនៅលើទីផ្សារកម្ពុជានោះទេ។
យ៉ាងនេះក្ដី លោកថាអាចមានការលួចនាំចូលដោយខុសច្បាប់នូវអង្ករប្រភេទនេះមកកាន់កម្ពុជា ដោយលោកអំពាវនាវឱ្យសាធារណជនរាយការណ៍ជូនមន្ទីរកសិកម្ម ឬមន្ទីរពាក់ព័ន្ធដែលនៅជិតបំផុត ដើម្បីចាត់វិធានការកុំឱ្យមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអង្ករកម្ពុជាដែលកំពុងនាំចេញទៅជាង៦០ប្រទេស៕