រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់មូលនិធិបន្ថែមចំនួន ១,៥ លានដុល្លារដើម្បីជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងរាជធានីភ្នំពេញ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការយកឈ្នះបានលើជំងឺកូវីដ១៩ គឺជាបញ្ហាប្រឈមជាសាកលមួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។ ជំនួយរបស់យើងនឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ ហើយការពារកុំឲ្យមានឆ្លងជំងឺកូវីដ១៩ ថែមទៀត»។
សហរដ្ឋអាមេរិកជួយដល់ផ្នែកជាច្រើនរួមមានការគ្រប់គ្រងលើករណីជំងឺដើម្បីពង្រឹងការថែទាំអ្នកជំងឺ ហើយកាត់បន្ថយហានិភ័យនៃការចម្លងទៅអ្នកដទៃ បង្កាការឆ្លងនៅតាមកន្លែងថែទាំសុខភាពពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងទ្រង់ទ្រាយធំនិងការត្រួតពិនិត្យសុខភាពសាធារណៈនៅតាមច្រកចេញចូលដូចជាព្រលានយន្តហោះ និងច្រកព្រំដែនគោកក៏ដូចជា អប់រំប្រជាជនអំពីវិធីដែលគេអាចធ្វើតាម ដើម្បីការពារ និងឆ្លើយតបនឹងការរាលដាលនៃមេរោគនេះ។
តាំងពីពេលចាប់ផ្តើមនៃការផ្ទុះមេរោគរាតត្បាតនេះមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយសរុបចំនួនជាង៣,៥ លានដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា៕