ក្រុមអភិបាលកីឡា ដែលមានអំណាចបំផុត និងរកបានផលកម្រៃដ៏ច្រើនក្នុងពិភពលោក បានទទួលព័ត៌មានដ៏គួរឲ្យតក់ស្លុត កាលពីថ្ងៃពុធនេះ។ អាជ្ញាធរស.រ.អា.បានប្រកាសការចោទប្រកាន់ប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់បច្ចុប្បន្ន និងអតីតមន្រ្តីកំពូលៗនៃសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ដែលជាលទ្ធផលនៃការស៊ើបអង្កេតដ៏ទូលំទូលាយមួយនៅក្នុងអង្គការនេះ។ អ្នកវិភាគវិស័យកីឡាពីរនាក់បាននិយាយជាមួយវីអូអេអំពីផលប៉ះពាល់នៃការចោទប្រកាន់ទាំងនេះទៅលើអនាគតរបស់អង្គការ FIFA។
អង្គការ FIFA ដែលជាអ្នកគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ ធ្លាប់បានទទួលការចោទប្រកាន់អំពីរឿងពុករលួយជាច្រើនទសវត្សរ៍មកហើយ តែមិនដែលមានការចោទប្រកាន់ដូចបានលេចឡើងកាលពីថ្ងៃពុធនេះទេ។
ក្រសួងយុត្តិធម៌ស.រ.អា.បានប្តឹងចោទប្រឆាំងនឹងមន្រ្តីបច្ចុប្បន្ន និងអតីតមន្រ្តីរបស់ FIFA ចំនួន១៤នាក់ អំពីអំពើពុករលួយដ៏ធំទូលាយ រួមមានបទឧក្រិដ្ឋធ្វើជំនួញខុសច្បាប់ ការលាងលុយកខ្វក់ និងការបោកលុយតាមអ៊ីនធឺណិត។ លោកស្រី Loretta Lynch រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស.រ.អា.ថ្លែងថា មន្រ្តីនៃអង្គការ FIFA បានប្រព្រឹត្តអំពើឧក្រិដ្ឋ ហើយបានទទួលប្រាក់សំណូកជាច្រើនលានដុល្លារ ក្នុងរយៈពេលជាងពីរទសវត្សរ៍។
រឿងដាច់ដោយឡែកពីគ្នាមួយទៀត អាជ្ញាធរប្រទេសស្វ៊ីសបានប្រកាសអំពីការស៊ើបអង្កេតទាក់ទិន និងការចោទប្រកាន់អំពីការសម្រេចជ្រើសរើសយកប្រទេសរុស្ស៊ីជាទីកន្លែងសម្រាប់ការប្រកួតពានពិភពលោកឆ្នាំ២០១៨ និងការជ្រើសរើសប្រទេសកាតា (Qatar) សម្រាប់ការប្រកួតពានពិភពលោកឆ្នាំ២០២២។
លោក Mark Bisson បណ្ណាធិការព័ត៌មានតាមអ៊ីនធឺណិតឈ្មោះ World Football Insider បាននិយាយថា លោកមានការងឿងឆ្ងល់ ដោយសារសេចក្តីប្រកាសអំពីការចោទប្រកាន់កាលពីថ្ងៃពុធនេះបានធ្វើឡើង នៅពេលពីរថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានរបស់អង្គការ FIFA នៅថ្ងៃសុក្រនេះ។
«នេះជាប្រតិកម្មទីមួយរបស់ខ្ញុំ។ ការស៊ើបអង្កេតទាំងពីរ មួយរបស់ក្រសួងយុត្តិធម៌ស.រ.អា. និងមួយទៀតរបស់អាជ្ញាធរប្រទេសស្វ៊ីស បានធ្វើឡើងចំពេលជាមួយគ្នានឹងការបោះឆ្នោតជ្រើសរើសប្រធានថ្មី របស់ FIFA នៅថ្ងៃសុក្រនេះ។ ដូច្នេះ ការងឿងឆ្ងល់របស់ខ្ញុំគឺពិតជាអំពីការកំណត់ពេលមេះ»។
អាជ្ញាធរបានចាប់ខ្លួនមន្រ្តី FIFA ចំនួន៧នាក់នៅថ្ងៃពុធនេះ នៅសណ្ឋាគារប្រណិតមួយនៅទីក្រុង Zurich ប្រទេសស្វ៊ីស ហើយឲ្យនៅរង់ចាំការបញ្ជូនខ្លួនមកស.រ.អា.។
លោក Bisson ថ្លែងថា មន្រ្តីភាគច្រើន ដែលត្រូវចាប់ខ្លួន មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងរយៈពេលជាយូរមកហើយនោះ រួមទាំងលោក Jack Warner ដែលជាអតីតប្រធានសម្ព័ន្ធភាពនៃសមាគមកីឡាបាល់ទាត់ទ្វីបអាមេរិកភាគកណ្តាល និងខាងជើង និងតំបន់ ការ៉ាអ៊ីបហៅកាត់ថា CONCACAF។
«យើងបានដឹងជាយូរមកហើយថា អតីតអគ្គលេខាធិការរបស់ CONCACAF បានធ្វើការឲ្យក្រសួងស៊ើបអង្កេតសហព័ន្ធស.រ.អា. FBI ដោយសម្ងាត់។ ដូច្នេះ សេចក្តីប្រកាសព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃពុធនេះ គឺជាលទ្ធផលមួយផ្នែកនៃកិច្ចការរបស់លោកជាមួយនឹងក្រសួង FBI។ លោកក៏បានត្រូវគេភ្ជាប់ឈ្មោះពាក់ព័ន្ធនឹងរុំក្រសោបនៅក្នុងរឿងអាស្រូវពុករលួយនេះដែរ ដែលបានទទួលប្រាក់សំណូក និងប្រាក់សគុណក្នុងរយៈពេលជាយូរឆ្នាំ»។
ការបោះឆ្នោតជ្រើសរើសប្រធាន FIFA នឹងប្រព្រឹត្តធ្វើតាមពេលកំណត់នៅថ្ងៃសុក្រនេះ។ លោកប្រធាន FIFA បច្ចុប្បន្ន Sepp Blatter ដែលមិនមានឈ្មោះនៅក្នុងចំណោមមនុស្សត្រូវចាប់ខ្លួននោះ នឹងឈរឈ្មោះធ្វើជានាយកនៃអង្គការនេះនៅអាណត្តិទីប្រាំ។
លោក Ives Galarcep ដែលសរសេរឲ្យគេហទំព័រកីឡាបាល់ទាត់ឈ្មោះ goal.com មានជំនឿថា លោក Blatter ពិតជាដឹងអំពីសកម្មភាពទាំងនេះ។
«រឿងដែលគួរឲ្យចាប់អារម្មណ៍គឺលោកហាក់ដូចជាកំពុងខំប្រឹងធ្វើការគ្រប់គ្រង ហើយហាក់ដូចជាកំពុងខំផ្តាច់ខ្លួនលោកពីរឿងអាស្រូវទាំងនេះ។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ លោកអ្នកត្រូវតែក្រឡេកមើលទៅលោក Blatter ថា ជាអ្នកមានកំហុសនៅក្នុងរឿងនេះដែរ ពីព្រោះទីមួយលោកអាចមានការជំពាក់ទាក់ទិនទាំងស្រុង ហើយជាអ្នកចេញបទបញ្ជាលើសកម្មភាពទាំងអស់ បើមិនដូច្នោះទេ ទីពីរគឺលោកជាអ្នកដឹកនាំដែលខ្វះសមត្ថភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សាជីវកម្មនិងពាណិជ្ជកម្ម នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោកយើងនេះតែម្តង»។
ក្នុងឆ្នាំ២០១២ អង្គការ FIFA បានចាត់វិធានការមួយដែលមិនធ្លាប់បានធ្វើពីមុនមក ដោយបានសម្រេចនៅក្នុងអង្គប្រជុំតែមួយ ដោយឲ្យប្រទេសចំនួនពីរធ្វើជាអ្នករៀបចំទទួលការប្រកួតពានកីឡាបាល់ទាត់ពិភពលោក៖ គឺប្រទេស រុស្ស៊ីក្នុងឆ្នាំ ២០១៨ និងប្រទេសកាតា ក្នុងឆ្នាំ ២០២២។
លោក Galarcep ថ្លែងថា FIFA បានបើកខ្លួនចំហឲ្យមានការរិះគន់ ដោយសារវិធានការនេះ និងដោយសារការប្រគល់រង្វាន់ជាអ្នកទទួលការប្រកួតដណ្តើមពានពិភពលោកទៅឲ្យប្រទេស កាតា ដែលគ្មានប្រវត្តិសាស្រ្តខាងកីឡាបាល់ទាត់សោះ ហើយសីតុណ្ហភាពក្នុងប្រទេសនេះឡើងក្តៅយ៉ាងខ្លាំងនៅរដូវក្តៅ ដែលតាមធម្មតាជាការចាប់ផ្តើមនៃការប្រកួតពានពិភពលោក។
«ខ្ញុំមានអារម្មណ៍ថា ការប្រកួតដណ្តើមពានពិភពលោកទាំងពីរ គឺការប្រកួតពានរង្វាន់ពិភពលោកឆ្នាំ២០១៨ និងការប្រកួតពានរង្វាន់ ២០២២ មានសភាពដូចជាការលួចប្លន់ដ៏ធំមួយដោយប្រទេសទាំងពីរ។ ខ្ញុំគិតថា ពួកគេអាចយកច្រើនហួស ពីព្រោះខ្ញុំគិតថា គឺចំណុចនេះហើយដែលបានធ្វើឲ្យមានការមន្ទិលសង្ស័យនៅជុំវិញពិភពលោក បន្ទាប់ពីគេបានធ្វើដូច្នេះហើយ»។
FIFA និយាយថា នឹងមិនមានការបោះឆ្នោតជាថ្មី ដើម្បីជ្រើសរើសទីកន្លែងសម្រាប់ការប្រកួតយកពានពិភពលោក ជំនួសកន្លែងទាំងពីរនេះទេ៕
ប្រែសម្រួលដោយ កែរ យ៉ាន