លោកស្រី Melania Trump ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសម្តែងនូវការអាណិតអាសូរកាលពីយប់ថ្ងៃអង្គារដល់ពលរដ្ឋអាមេរិកាំងរាប់សែននាក់ដែលបានរងគ្រោះដោយសារជំងឺកូវីដ១៩។ ករណីនេះមានលក្ខណៈផ្ទុយស្រឡះពីស្វាមីរបស់លោកស្រីគឺលោកប្រធានាធិបតី Donald Trump ដែលជារឿយៗ បាននិយាយបន្ថយអំពីផលប៉ះពាល់នៃជំងឺឆ្លងនេះ និងបាននិយាយថា ជំងឺនេះនឹងបាត់រូបរាង។
លោកស្រី Melania បាននិយាយនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារនៅសេតវិមានថា «ចាប់តាំងពីខែមីនាមក ជីវិតរបស់យើងបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ ខ្ញុំសូមបន់ស្រន់ដល់អ្នកដែលមានជំងឺ ឬកំពុងមានការឈឺចាប់ឲ្យឆាប់ជាសះស្បើយ»។
លោកស្រីបានមានប្រសាសន៍ទៀតថា៖ «ខ្ញុំដឹងថា មនុស្សជាច្រើនមានការរសាប់រសល់ហើយខ្លះ ទៀតមានអារម្មណ៍តែលតោល។ ខ្ញុំចង់ឲ្យអ្នកដឹងថា អ្នកមិនមែននៅម្នាក់ឯងនោះទេ»។
ការលើកឡើងដូចនេះមានភាពខុសគ្នាយ៉ាងខ្លាំងពីវោហាសាស្ត្រចោទប្រកាន់ខាងនយោបាយកាលពី ២ យប់ដំបូងនៃសន្និបាតជាតិគណបក្សសាធារណរដ្ឋដែលមានរយៈពេល ៤ ថ្ងៃនេះ។ កាលពី ២ យប់ដំបូងនោះ ពួកអ្នកគាំទ្រលោកប្រធានាធិបតី Trump បានវាយប្រហារដោយពាក្យសម្ដីខ្លាំងៗលើលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ និងបានសរសើរលោក Trump អំពីចំណាត់ការចំពោះវិបត្តិជំងឺកូវីដ១៩ និងចំពោះផលប៉ះពាល់លើសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺនេះ។
ជាងនេះទៀត លោកស្រី Melania បានសម្តែងអំណរគុណដល់បុគ្គលិកសុខាភិបាលដែលបានព្យាបាលមនុស្សរាប់លាននាក់ដែលឆ្លងជំងឺកូវីដ១៩ នេះ។
លោកស្រីបានមានប្រសាសន៍ថា៖ «អ្នកបានគិតប្រយោជន៍ប្រទេសជាមុន។ ខ្ញុំនិងស្វាមីរបស់ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ»៕