ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អនុរដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ធ្វើ​​ទស្សនកិច្ច​នៅ​កម្ពុជា ​ចំ​ពេល​វិបត្តិ​សិទ្ធិមនុស្ស​កាន់​តែ​អាក្រក់


អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោកស្រី​ Wendy Sherman បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ធ្វើឱ្យ​លោកស្រី​ក្លាយ​ជា​មន្ត្រី​សហរដ្ឋ​អាមេរិក​ជាន់​ខ្ពស់​បំផុត​ទីមួយ​ក្នុង​ពេល​ជិត​មួយ​ទសវត្សរ៍​មក​នេះ ដែល​ធ្វើ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ចិន​នៅ​អាស៊ី​អាគ្នេយ៍​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទស្សនកិច្ច​របស់​លោកស្រី​អនុ​រដ្ឋមន្ត្រី​ធ្វើ​ឡើងចំ​ពេល​មាន​ការ​បង្ក្រាប​លើ​ឥស្សរជន​ប្រឆាំង​និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​ការនិយាយ​អំពី​បញ្ហា​នានា​ដូចជា​ការ​កាប់​ឈើ​ខុស​ច្បាប់​ជាដើម។ នៅ​មុន​ជំនួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី Sherman​ ​ត្រូវ​បាន​ក្រុម​សិទិ្ធ​មនុស្ស​អំពាវនាវ​ឲ្យ​និយាយ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​អំពី​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គណបក្ស​ប្រឆាំង​សំខាន់​គឺ​គណបក្ស​សង្គ្រោះ​ជាតិត្រូវបាន​រំលាយ ហើយ​មេដឹកនាំ​គណបក្ស​គឺ​លោក ​កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​មុនការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ដែល​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ​ឈ្នះអាសនៈ​ទាំងអស់​ក្នុង​សភា​ដែល​បង្ក​ឱ្យមាន​ការ​ព្រួយ​បារម្ភ​ជា​អន្តរជាតិ។

លោកPhil Robertsonនាយករង​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watchប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «សេរីភាព​បញ្ចេញ​មតិ​រង​ការ​គំរាម​កំហែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​ធ្លាប់​មានពីមុន​មក​ ហើយ​ឥឡូវ​នេះ​មានការ​ត្រួតពិនិត្យ​តាម​អ៊ីនធឺណិត ​ដូច្នេះ​លោកស្រី​ Sherman គួរតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ត្រួត​ពិនិត្យ​តាមអ៊ីនធឺណិត ​និង​ការ​ធ្វើទុក្ខ​បុកម្នេញ​អ្នក​រិះគន់»។

លោក​បន្ត​ទៀត​ថា៖ «លោកស្រី Sherman ​ក៏គួរ​តែ​អំពាវនាវ​ជា​សាធារណៈ​ឱ្យមាន​ការ​ស្តារ​និង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋានឡើង​វិញ ​ដូចជា​សិទ្ធិ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ដែល​ត្រូវ​បាន​បង្ក្រាប​ទាំង​ស្រុង​នៅ​ភ្នំពេញ ​និង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ជាដើម​»។

ដំណើរ​ទស្សន​កិច្ច​នេះ​ក៏​កើត​ឡើង​ផង​ដែរ​នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​ក្លាយ​ជា​សម្ព័ន្ធ​មិត្ត​សេដ្ឋកិច្ច​កាន់តែ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​កាន់តែ​ធ្លាក់ចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ ផៃ ស៊ីផាន ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពិភាក្សា​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reutersថា៖ «មាន​បញ្ហាខ្លះ​ដែល​សហរដ្ឋ​អាមេរិក​មិន​យល់​ច្បាស់​អំពី​ប្រទេស​កម្ពុជា​ ហើយ​ថា​ប្រទេស​កម្ពុជា​មិន​យល់​ពី​ចេតនា​របស់​សហ​រដ្ឋ​អាមេរិក​ទេ។ ដូច្នេះ​សម្រាប់​ជំនួប​នេះ​ បើយើង​ស្មោះត្រង់​នឹង​គ្នា​ ហើយ​ដាក់​បញ្ហា​នៅលើ​តុ នោះយើង​អាច​ដោះស្រាយ​បញ្ហា​បាន»៕

XS
SM
MD
LG