ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Rouhani​ ថ្លែង​ថា​ មិន​មាន​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ទេ​ រហូត​ទាល់​តែ​ទណ្ឌកម្ម​ទាំង​អស់​ត្រូវ​បាន​ដក​ចេញ


មេ​ដឹកនាំ​កំពូល​ប្រទេស​អ៊ីរ៉ង់​ Ayatollah Khamenei​ (ខាងស្តាំ) កំពុង​ពិភាក្សាជាមួយលោក Mohamed El Baradei (ខាងឆ្វេង) ប្រមុខ​ទីភ្នាក់ងារ​អាតូមិច​អន្តរជាតិ ហៅ​កាត់​ថា IAEA។ លោក​ Rouhani​ ថ្លែង​ថា​ មិន​មាន​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ទេ​ រហូត​ទាល់​តែ​ទណ្ឌកម្ម​ទាំង​អស់​ត្រូវ​បាន​ដក​ចេញ។

មេ​ដឹកនាំ​កំពូល​ប្រទេស​អ៊ីរ៉ង់​ Ayatollah Khamenei​ បាន​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ជា​គម្រោង​ជា​មួយ​បស្ចឹម​ប្រទេស​មិន​ធានា​ថា​ កិច្ច​ព្រម​ព្រៀង​ផ្តាច់​ព្រ័ត្រ​មួយ​នឹង​បាន​សម្រេច​ទេ​ ដើម្បី​កាត់​បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​តេរ៉ង់​ (Tehran)​ ជា​ថ្នូរ​នឹង​ការ​លុបចោល​ទណ្ឌកម្ម​អន្តរជាតិ​នោះ។​

នៅ​ក្នុង​សន្ទរកថា​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោកAyatollah Khamenei​ បាន​ថ្លែង​ថា​ លោក​«មិន​គាំទ្រ​ឬ​ប្រឆាំង‍»​ នឹង​កិច្ច​ព្រម​ព្រៀង​ជា​គម្រោង​ដែល​បាន​សម្រេច​កាល​ពី​សប្តាហ៍​មុន​រវាង​អ៊ីរ៉ង់​ និង​ប្រទេស​មហា​អំណាច​ទាំង​៦​ នោះ​ទេ​ ដោយ​បាន​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​មិន​ទាន់​ធ្វើ​ចប់​ទេ​ ហើយ​មិន​តម្រូវ​ឲ្យ​ធ្វើ​តាម​ទេ។​

តែ​មេ​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​ រូប​នេះ​បាន​សម្តែង​ការ​គាំទ្រ​បន្ត​របស់​លោក​ចំពោះ​កិច្ច​ចរចា​គ្នា​ ហើយ​ថា​លោក​សុខ​ចិត្ត​ទទួល​កិច្ច​ព្រមព្រៀង​សម្រប​សម្រួល​គ្នា​មួយ​ដែល​ «គោរព​សេចក្តី​ថ្លៃ​ថ្នូរ​និង​កិត្តិយស​របស់​ អ៊ីរ៉ង់‍»។​

រដ្ឋាភិបាល​ក្រុង​ Tehran​ និង​ វ៉ាស៊ីនតោន​ មាន​ការ​ខ្វែង​គំនិត​គ្នា​ឥត​ឈប់ឈរ​អំពី​ចំណុច​ជាក់លាក់​ជា​ច្រើន​ រួម​ទាំង​ល្បឿន​នៃ​ការ​លុប​ចោល​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​អ៊ីរ៉ង់​ នៅ​ពេល​ណា​ដែល​កិច្ច​ព្រមព្រៀង​ផ្តាច់ព្រ័ត្រ​មួយ​នឹង​បាន​សម្រេច។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ Hassan​ Rouhani​ បាន​ថ្លែង​នៅ​ក្នុង​សន្ទរកថា​មួយ​ដើម្បី​រំលឹក​«ទិវា​បច្ចេកវិទ្យា​ជាតិ​របស់​ អ៊ីរ៉ង់‍»​ ថា​ រដ្ឋាភិបាល​ក្រុង​ Tehran​ នឹង​មិន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ផ្តាច់ព្រ័ត្រ​ណា​មួយ​ទេ​លុះ​ណា​តែ​ទណ្ឌកម្ម​ទាំង​អស់​ត្រូវ​លុប​ចោល។

លោក​ថ្លែង​ថា​ «យើង​នឹង​មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ទេ​ រហូត​ទាល់​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំង​អស់​ត្រូវ​លុប​ចោល​ជា​បន្ទាន់​ នៅ​ថ្ងៃ​ទី​មួយ​ជា​មួយ​គ្នា​នឹង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​គ្នា‍»៕

XS
SM
MD
LG