ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​និង​រដ្ឋាភិបាល Hekmatyar ជិត​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ហើយ​​


Amin Karim (ស្តាំ) មន្រ្តី​ម្នាក់​របស់​គណបក្ស Hezb-i-Islami ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថានកាល​ពី ថ្ងៃទី​១៧ ​មីនា ២០១៦។

មន្ត្រី​ជាន់ខ្ពស់នៃ​រដ្ឋាភិបាល​ អាហ្វហ្គានីស្ថាន និងអ្នកតំណាង​នៃ​ក្រុម​ប្រដាប់អាវុធ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក Gulbuddin Hekmatyar អតីតស្តេច​ក្រាញ់សង្គ្រាម​ បានរាយការណ៍​ថា​មាន​ការ​វិវដ្ត​ច្រើន​ក្នុង​កិច្ចចរចា​សន្តិភាព​របស់ពួក​គេ​ហើយភាគី​ទាំង​ពីរ​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាព​មួយ ដែល​អាច​កើតមាន​បាន​នៅ​ពេល​ណាមួយ​នៅ​ថ្ងៃ​សោរ៍។

រដ្ឋាភិបាល​ឯកភាព​ជាតិ​របស់លោកប្រធានាធិបតី​ Ashraf Ghani បានធ្វើការ​ចរចា​ច្រើន​ខែ​មកហើយ​ជាមួយ​ក្រុម​ Hezb-i-Islami របស់លោក Hekmatyar ដោយ​មានការ​ខ្វែង​គំនិត​គ្នា​បានធ្វើឱ្យ​ដំណើរការ​សន្តិភាព​នេះ​គាំង​ដំណើរ​ច្រើនដង​មក​ហើយ។

មាន​ក្តីសង្ឃឹម​ជា​ថ្មី​ថា​នឹង​មាន​កិច្ចព្រមព្រៀង​មួយដែល​បានត្រូវ​ពន្យា​រពេលយូរយាមក​ហើយបានលេច​ចេញពី​សេចក្តី​ប្រកាសមួយ​កាលពី​ថ្ងៃ​សុក្រ​ធ្វើឡើង​ដោយ​លោក Habibur Rehman Hekmatyar ដែល​ជា​កូនប្រុស​របស់ស្តេចក្រាញ់​រត់គេចខ្លួន​នេះ​នៅ​ក្នុង​ Facebook ផ្លូវការ​របស់លោក។ លោកHabibur Hekmatyar បាននិយាយថា​ក្រុម​ HIA និង​រដ្ឋាភិបាល អាហ្វហ្គានីស្ថាន បានយល់ស្រប​គ្នាលើ​អត្ថបទ​ទាំង​អស់នៃ​សេចក្តី​ព្រាងឯកសារ​សន្តិភាពនេះ «ហើយ​បើព្រះអាទិទេព​ជួយ កិច្ចព្រមព្រៀងនេះ​នឹង​ត្រូវប្រកាសនៅ​ថ្ងៃ​សៅរ៍»។

លោក Habibur Hekmatyar ដែល​មិនមែនជាសមាជិកនៃ​ក្រុមអ្នកធ្វើការ​ចរចាទេ​បាននិយាយថា «ខ្ញុំ​សូមសរសើរ​ប្រទេសជាតិអាហ្វហ្គានីស្ថាន និងអ្នកកាន់​សាសនាឥស្លាម​ ទាំង​អស់ព្រមទាំង​សមាជិក​នៃ​ក្រុម Hezb-i-Islami អំពី​កិច្ចព្រមព្រៀងសន្តិភាពនេះ។ ខ្ញុំសង្ឃឹម​ថា​កិច្ចព្រមព្រៀង​នេះ​នឹងមាន​រយៈពេល​យូរក្នុង​ការបញ្ចប់សង្គ្រាម ក្នុង​ការ​នាំ​ឱ្យមាន​សន្តិភាព​និងក្នុងការរារាំង​មិន​ឱ្យមានការជ្រៀតជ្រែក​របស់ពួកបរទេស​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន»។

លោក Shah Hussain Murtazavi អ្នកនាំ​ពាក្យ​របស់ប្រធានាធិបតី​នៃប្រទេស​អាហ្វហ្គានីស្ថាន បាន​និយាយ​ប្រាប់ VOA ថា​មានវិវដ្ត​ច្រើនក្នុង​កិច្ចចរចា​ជាមួយ​អ្នកធ្វើការ​ចរចា​របស់ក្រុម​ Hezb-i-Islami ហើយ​លោក​បាន​សន្យា​ថា​នឹង​មាវិវដ្តថែមទៀតក្នុងថ្ងៃ​សៅរ៍។

លោក Murtazavi បាននិយាយថា «យើង​បានធ្វើឱ្យមាន​ការ​ជឿនលឿនល្អ​ប្រសើរហើយ​សង្ឃឹមថា​នឹង​មានការ​សម្រេចច្រើនថែមទៀតនៅ​ពេលបន្ទាប់មកទៀត​ក្នុង​ថ្ងៃនេះ» ដោយ​លោកមិន​បាន​ធ្វើអត្ថាធិប្បាយ​ល្អិតល្អន់​ទៀត​ទេ»៕

XS
SM
MD
LG