សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានប្រកាសគាំទ្រសេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុបនិងការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ទាក់ទងនឹងការបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាហុកបួនរូប គឺលោកស្រី លឹម មុនី លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា ហើយនឹងអតីតបុគ្គលិកម្នាក់ទៀតនៃសមាគមនេះដែរគឺលោក នី ចរិយា ដែលបច្ចុប្បន្នក្លាយជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សហរដ្ឋអាមេរិក ក៏លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឲ្យបានម៉ត់ចត់ ចំពោះអនុសាសន៍របស់សហគមន៍អន្តរជាតិទាំងនេះ ហើយក៏ស្នើឲ្យកម្ពុជា គោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សនេះ។ នេះយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
ប្រតិកម្មរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើង ក្រោយពីក្រសួងការបរទេសកម្ពុជាបានរិះគន់សហភាពអឺរ៉ុបថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយសារសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្ដីថ្លែងការណ៍មួយ រិះគន់ការបន្តឃុំខ្លួននៅក្នុងពន្ធនាគារ៦ខែបន្ថែមទៀតដល់មន្ត្រីសិទ្ធិមនុស្សទាំង៤រូបរបស់អង្គការអាដហុក និងមន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ១រូបនោះ។
បន្ទាប់ពីអ្នកទាំង៥ បានជាប់ឃុំដោយគ្មានការជំនុំជម្រះក្តី អស់រយៈពេល១ឆ្នាំមកហើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ សហភាពអឺរ៉ុបបានដកស្រង់ពីការលើកឡើងរបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនតាមអំពើចិត្ត ដែលបានចាត់ទុកការឃុំខ្លួនអ្នកទាំង៥ថា «ជាការធ្វើឡើងតាមអំពើចិត្ត និងបានអំពាវនាវឱ្យមានការដោះលែងពួកគេជាបន្ទាន់»។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គឺអ្នកនាង Heather Nauert បានថ្លែងថា សហរដ្ឋអាមេរិក ក៏បានកត់សម្គាល់ពីការលើកឡើងកាលពីខែវិច្ឆិការបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនតាមអំពើចិត្តដែរថា ការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់នេះ គឺ«ធ្វើឡើងតាមអំពើចិត្ត»៕