ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិអំពាវ​នាវ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ជាប់ឃុំ​ទាំង​៥«ជាបន្ទាន់»


រូបឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំពុង​អង្គុយ​ជាមួយ​គ្រួសារ​ក្នុង​បន្ទប់​រង់ចាំ​នៅ​តុលាការ​កំពូល​ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំពុង​អង្គុយ​ជាមួយ​គ្រួសារ​ក្នុង​បន្ទប់​រង់ចាំ​នៅ​តុលាការ​កំពូល​ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ឧត្ដមស្នងការ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា អង្គការ​សហប្រជាជាតិ មាន​ការ​សោកស្ដាយ​ដែល​អាជ្ញាធរ​ខ្មែរ បាន​បន្ត​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់។

អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​អាជ្ញាធរ​ខ្មែរ ដោះលែង​អ្នក ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ ​«ជាបន្ទាន់» ក្រោយ​ពី​ចៅ​ក្រម​ស៊ើបសួរ​នៃ​តុលាការ​ខ្មែរ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច​ពន្យារពេល​ឃុំ​ខ្លួន​អ្នក​ទាំង​៥ រយៈពេល​៦​ខែ​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ការិយាល័យ​នៃ​ឧត្ដមស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកផ្នែក​សិទ្ធិមនុស្ស។

ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​៥ រយៈពេល​៦​ខែ​ទៀត​នោះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ ក្រោយ​ពី​ពួកគេ​ទាំង​៥ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រ​សម្រាប់​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​លើ​ពិភពលោក គឺ ​Martin Ennals Award for Human Rights Defenders ប្រចាំ​ឆ្នាំ​២០១៧។

អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ហើយ​និង​ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក៏ជាអតីត​បុគ្គលិក​នៃ​សមាគម​អាដហុក​ដែរ។

អ្នក​ទាំង​៥ ត្រូវ​បាន​ឃុំ​ខ្លួន រង់ចាំ​ការ​ជំនុំជម្រះ​ក្ដី អស់​រយៈពេល​១​ឆ្នាំ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៨ ខែ​មេសា​នេះ។

ពួកគេ ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ពុករលួយ ទាក់ទង​នឹង​ការ​ផ្ដល់​ជំនួយ​ដល់​ស្ត្រី​ម្នាក់ ដែល​ត្រូវ​គេ​សង្ស័យ​ថា បាន​រង​ការ​គាបសង្កត់​ពី​អាជ្ញាធរ ដើម្បី​ផ្ដល់​សក្ខីកម្ម​ក្លែងក្លាយ នៅ​ក្នុង​សំណុំ​រឿង​ចោទប្រកាន់​ស្នេហា​លួច​លាក់​ជាមួយ​លោក កឹម សុខា ដែល​បច្ចុប្បន្ន បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ស្ត្រី​នោះ​ បាន​អះអាង​ដោយ​ចោទ​ថា អ្នក​ទាំង​៥​នាក់ បាន​សូកប៉ាន់​រូប​នាង ឲ្យ​និយាយ​កុហក​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​នោះ។

ឧត្ដមស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា អង្គការ​សហប្រជាជាតិ មាន​ការ​សោកស្ដាយ​ដែល​អាជ្ញាធរ​ខ្មែរ បាន​បន្ត​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់ ទោះបីជា​ក្រុម​ការងារ​របស់​អង្គការសហប្រជាជាតិ បាន​ចេញ​សេចក្ដី​សម្រេច​មួយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​រួច​ហើយ​ ដោយ​បាន​ចាត់​ទុក​ថា​ ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥​នេះ ធ្វើ​ឡើង​តាម​តែ​អំពើ​ចិត្ត។

ក្រុមការងារអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​៥​ម្ដង​ហើយ​កាល​ពី​ខែ​វិច្ឆិកា​នោះ ដោយ​ពួកគេ បាន​សម្រេច​ថា ការ​ឃុំខ្លួន​អ្នក​ទាំង​៥​នាក់​នេះ ធ្វើឡើង​ដោយសារ​តែ​អ្នក​ទាំង​៥ បាន​អនុវត្ត​សិទ្ធិ​និង​សេរីភាព​របស់​ខ្លួន។

ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ ក៏​បាន​ចាត់​ទុក​ការ​ប្រើប្រាស់​នីតិវិធី​ព្រហ្មទណ្ឌ​ទៅលើ​អ្នក​ទាំង​៥​ថា​គ្រាន់តែ«ជា​លេស ដើម្បី​គាបសង្កត់ និង​រារាំង​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​សម្ដែង​មតិ» និង «ដើម្បី​បំបិទ​សំឡេង​អ្នកការពារ​សិទ្ធិមនុស្ស»ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG