ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដាក់​ពាក្យ​សុំ​ប្រាក់​ជំនួយ​ពេល​គ្មាន​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​កាលពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មីនា


រូបឯកសារ៖ បុរស​ម្នាក់​ដើរ​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ដែល​មាន​ដាក់​ស្លាកសញ្ញា​ជ្រើសរើស​បុគ្គលិក នៅ​ក្រុង Salem រដ្ឋ New Hampshire សហរដ្ឋ​អាមេរិក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ ខែ​មីនា ថា ការ​ដាក់​ពាក្យ​សុំ​ប្រាក់​ជំនួយ​ពេល​គ្មាន​ការងារ​បាន​កើនឡើង​កាលពី​សប្តាហ៍​ទី ២ នៃ​ខែ​មីនា។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក នៅតែ​បន្ត​ប្រឹងប្រែង​ដើម្បី​ងើបឡើង​វិញ​ឲ្យ​បាន​ពេញលេញ​ពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មកពី​វិបត្តិ​ជំងឺ​កូវីដ១៩។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា អ្នក​ធ្វើការ​ចំនួន ៧៧០.០០០ នាក់ បាន​ដាក់​ពាក្យ​សុំ​ប្រាក់​ជំនួយ​នេះ​កាលពី​សប្តាហ៍​ទី ២ នៃ​ខែ​មីនា ដែល​មាន​ការ​កើនឡើង​ចំនួន ៤៥.០០០ នាក់ ពី​តួលេខ​កាលពី​មួយ​សប្តាហ៍​មុន​ពេល​នោះ។

និយោជក​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅតែ​ប្រឈម​នឹង​ការ​ណែនាំ​ឱ្យ​កាត់​បន្ថយ​ប្រតិបត្តិការ​របស់​ពួកគេ ទោះបីជា​អភិបាល​រដ្ឋ​ខ្លះ​បាន​ដក​ចេញ​បទ​បញ្ជា​ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ និង​អនុញ្ញាត​ឱ្យ​អាជីវកម្ម​នានា​បើក​ដំណើរការ​ពេញលេញ​ឡើង​វិញ​ក៏​ដោយ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​អត្រា​អ្នក​មាន​ការងារ​ធ្វើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អាច​មាន​ភាព​ប្រសើរ​ជាង​មុន នៅ​ពេល​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ១,៩ លាន​លាន​ដុល្លារ​របស់​លោក​ប្រធានាធិបតី Joe Biden ចាប់ផ្តើម​ជ្រាប​ចូល​ក្នុង​សេដ្ឋកិច្ច។

កញ្ចប់​ថវិកា​នេះ​អាច​ជួយ​បង្កើន​ការ​ជួល​អ្នក​ធ្វើការ និង​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់។

នៅ​ពេល​នេះ ប្រជាពលរដ្ឋ​អាមេរិកាំង​ប្រមាណ ២ លាន ៤ សែន​នាក់ ចាក់​វ៉ាក់សាំង​កូវីដ១៩ ជា​រៀង​រាល់​ថ្ងៃ ហើយ​លោក Biden បាន​សន្យា​ថា ពលរដ្ឋ​ពេញ​វ័យ​ទាំង​ឡាយ​ណា​ដែល​ចង់​ចាក់​វ៉ាក់សាំង​នេះ​នឹង​បាន​ចាក់​មិន​ហួស​ពី​ដំណាច់​ខែ​ឧសភា​ខាង​មុខ​នោះ​ទេ។

ពលរដ្ឋ​អាមេរិកាំង​ជាង ១១៣ លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​ដូស​ដែរ ក្នុង​ចំណោម​វ៉ាក់សាំង​កូវីដ១៩ ទាំង ៣ ប្រភេទ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ នៅ​ពេល​ដែល​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​នេះ​កាន់តែ​កើន​ឡើង នោះ​មនុស្ស​ច្រើន​ជាង​មុន​នឹង​មាន​អារម្មណ៍​ថា​ជីវិត​របស់​ពួកគេ​នឹង​វិល​មក​រក​ភាព​ធម្មតា​វិញ។

ទោះបីជា​យ៉ាង​នេះ​ក៏ដោយ ក៏​និយោជក​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​នៅតែ​ប្រឈម​នឹង​បទបញ្ជា​ពី​មន្ត្រី​ថ្នាក់​រដ្ឋ​និង​ថ្នាក់​ក្រុង​នៅ​ក្នុង​ការ​ដាក់​កំហិត​លើ​ម៉ោង​ប្រកប​អាជីវកម្ម ឬ​ក៏​កម្រិត​ចំនួន​អតិថិជន​របស់​ពួកគេ ដើម្បី​ព្យាយាម​បញ្ចៀស​កុំឱ្យ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ដដែល។

អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ចំនួន​អ្នក​ដាក់​ពាក្យ​សុំ​ប្រាក់​ជំនួយ​ពេល​គ្មាន​ការងារ​ធ្វើ​នៅតែ​មាន​ចំនួន​លើស​ពី ៧ សែន​នាក់​ក្នុង​មួយ​សប្ដាហ៍​ដដែល ហើយ​សប្ដាហ៍​ខ្លះ​មាន​លើស​ពី ៨ សែន ឬ​ក៏ ៩ សែន​នាក់ កាលពី​ដើម​ឆ្នាំ ២០២១។

ប្រសិនបើ​ធ្វើ​ការ​ប្រៀបធៀប គេ​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ ២០១៩ នៅ​មុន​ពេល​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ការ​ដាក់​ពាក្យ​សុំ​ប្រាក់​ជំនួយ​ពេល​គ្មាន​ការងារ​ធ្វើ ជា​មធ្យម​មាន​ចំនួន ២១៨.០០០ នាក់ ក្នុង​មួយ​សប្តាហ៍៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG