ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​អាមេរិក​នឹង​ដំឡើង​ម៉ាស៊ីន​ត្រួត​ពិនិត្យ​ខ្យល់


រូបភាព​ឯកសារ៖ អគារនៅ​តំបន់​អភិវឌ្ឍន៍​ Qingdao ត្រូវ​បាន​ឃើញ​ក្រប​ដណ្តប់​ដោយ​អ័ព្ទ ខេត្ត​ Shandong កាល​ពី​ថ្ងៃ​តី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។​
រូបភាព​ឯកសារ៖ អគារនៅ​តំបន់​អភិវឌ្ឍន៍​ Qingdao ត្រូវ​បាន​ឃើញ​ក្រប​ដណ្តប់​ដោយ​អ័ព្ទ ខេត្ត​ Shandong កាល​ពី​ថ្ងៃ​តី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។​

តើ​ខ្យល់​អាកាស​ក្នុង​ទីក្រុង​របស់​អ្នកមាន​ការ​បំពុល​កំរិត​ណា​? ស្ថានទូត​អាមេរិក​អាច​នឹង​ផ្តល់​ចម្លើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ក្រសួង​ការបរទេស​មាន​គម្រោង​នឹង​ដំឡើង​ម៉ាស៊ីន​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​នៅ​តាម​ស្ថាប័ន​ការទូត​របស់​ខ្លួន​ និង​បញ្ចេញ​ទិន្នន័យ​នោះ​ជា​សាធារណៈ។ គោល​បំណង​នៃ​ការ​ដំឡើង​នេះ​គឺ​ផ្តល់​ព័ត៌មាន​ដែល​ចាំបាច់ ​ដល់​បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ក៏​ដូច​ជា​ជួយ​ប្រជាជន​ក្នុង​តំបន់​ធ្វើ​ការសម្រច​ចិត្ត​ណាមួយ​ដែល​អាច​មាន​ឥទ្ធិពល​សម្រាប់​សុខភាព​របស់​ពួក​គេ។ ក្រុម​មន្រ្តី​បាន​និយាយ​ថា​ ម៉ាស៊ីន​ត្រួត​ពិនិត្យ​នឹង​អាច​ជួយ​លើក​ទឹក​ចិត្ត​ប្រជាជន​ឲ្យ​មាន​ការផ្លាស់​ប្តូរ។

ស្ថានទូត​នានា​នៅ​ប្រទេស​ឥណ្ឌា​ វៀតណាម​ និង​ម៉ុងហ្គោលី​ នឹង​ជា​កន្លែង​ដំបូង​ដែល​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​ ហើយ​រាយការណ៍​ជា​សាធារណៈ​នៅ​ក្រោម​គម្រោង​ថ្មី​នេះ។​

ប្រធាន​ទី​ភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ Gina McCarthy បាន​ប្រកាស​អំពី​កម្មវិធី​នេះ​នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ទី​១៨ ក្នុងទីក្រុង​វ៉ាស៊ីនតោន។​

លោក Joshua Apte សាស្រ្តាចារ្យ​ផ្នែក​វិស្វកម្ម​បរិស្ថាន​នៅ​ឯ​សកលវិទ្យាល័យតិច​សាស់​ (University of Texas at Austin) ​និយាយ​ថា ព័ត៌មាន​ទាំង​នោះ​គឺ​មិន​មាន​គ្រប់គ្រាន់​ទេ​នៅ​ក្នុង​ពិភពលោក។​

លោក​បាន​កត់សម្គាល់​ថាលោក​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​នោះ​ទេ។​ ប៉ុន្តែ​លោក​កត់​សម្គាល់​ ដោយ​សម្លឹង​មើល​តំបន់​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​ជា​លក្ខណៈ​សកល​មួយ​ដ៏​ធំវិញ​។

«នៅ​ប្រទេស​ចិន​មាន​ម៉ាស៊ីន​ត្រួត​ពិនិត្យ​ជិត​២០០០​ ដែល​បាន​ភ្ជាប់​ទៅ​កាន់​អ៊ិនធឺណែត​ ហើយ​មាន​តែ​៣០​ប៉ុណ្ណោះ​នៅ​ឥណ្ឌា​សម្រាប់​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ប្រហាក់​ប្រហែល​គ្នា​នេះ និង​មាន​បញ្ហាការ​បំពុល​ខ្យល់​ស្រដៀង​គ្នា​»។

ហើយ​លោក​បាន​និយាយ​ថា​ មាន​តែ​ទីក្រុង​មួយ​ចំនួន​ប៉ុណ្ណោះ​នៅ​អាហ្រ្វិក​ដែល​មាន​ម៉ាស៊ីន​ត្រួត​ពិនិត្យ​នោះ។​

នៅឯ​ពិធី​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry បាន​សម្គាល់​ថា​ ការ​ដឹង​អំពី​គុណភាព​ខ្យល់​អាច​ជា​រឿង​មួយ​ប្រកប​ដោយ​ឥទ្ធិពល។​

លោក​និយាយ​ថា ស្ថានទូត​អាមេរិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ចាប់​ផ្តើម​ប្រកាស​អំពី​ទិន្នន័យ​នៃ​គុណភាព​ខ្យល់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ ថា​ជា​ញឹកញយ​ខ្យល់​មិន​មាន​សុវត្ថិភាព​សោះ​ក្នុង​ការ​ដកដង្ហើម​នោះ​ទេ។​

«វា​មិន​មាន​ភាព​ងាយស្រួល​ទេ។ ​ប្រទេសជា​ម្ចាស់​ផ្ទះ​ទាំង​នោះ​មិន​ចូល​ចិត្ត​វា​ប៉ុន្មាន​ទេ។ ប៉ុន្តែ​យើង​បាន​ធ្វើ​វា​ទៅ​ហើយ»។​

ក្រុម​មន្រ្តី​ចិន​មាន​ការ​ខឹង​សម្បារ​នឹង​រឿង​នេះ។ ប៉ុន្តែ​លោក​ Kerry និយាយ​ថា​ ការផ្តល់​ទិន្នន័យ​ជា​សាធារណៈ​បាន​ជួយ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ឥរិយាបថ។

«​កាល​ពី​ខែ​មិនា​ឆ្នាំ​មុន​ ​នាយករដ្ឋ​មន្រ្តី​ចិន ​លោក​ Li Keqiang «បាន​ប្រកាស​សង្គ្រាម» នៅ​ក្នុង​សម្រង់​សម្តី​មួយ​ អំពី​ការបំពុល​ខ្យល់​។ អភិបាល​ទីក្រុង​ប៉េកាំង លោក Wang Anshun បានចាត់​ទុកសម្តីនោះ​ថា​ «វា​ជា​ស្ថាន​ភាព​ស្លាប់​ឬ​រស់»។ ហើយ​ក្នុង​ឆ្នាំ​២០១៤ ​សមាជ​ប្រជាជាតិ​ចិន​បាន​ធ្វើ​ការ​កែ​ប្រែ​ច្បាប់​ការពារ​បរិស្ថាន​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ»។​

លោក​ស្រី​ Gina McCarthy បាន​សម្គាល់​ថា មិន​យូរ​ប៉ុន្មានទេ ដែល​ការបំពុល​ខ្យល់​អាកាសបាន​ធ្វើ​ឲ្យក្រុង​មួយ​ចំនួន​នៅ​អាមេរិក​បាន​ប្រឈម​មុខ​ ហើយ​ប្រទេស​ជាតិ​ទាំង​មូល​នៅ​តែ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រឿង​នេះ។ ប៉ុន្តែ​លោក​ស្រី​បាន​បន្ថែម​ថា អាមេរិក​អាច​នឹង​ចែក​រំលែក​នូវ​បទ​ពិសោធ​ន៍​ដែល​ខ្លួន​បាន​ជួប​ប្រទះ ដើម្បី​ជួយ​ទីក្រុង​ផ្សេង​ទៀត​សម្អាត​ខ្យល់​អាកាសនៅ​ក្នុង​តំបន់​របស់​ខ្លួន។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក ការ​បំពុល​ខ្យល់​អាកាសក្រៅ​ផ្ទះ​ មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ ​៣.៧​លាន​នាក់​ទូទាំង​ពិភពលោក​កាល​ពី​ឆ្នាំ​២០១២៕

ប្រែ​សម្រួល​ដោយ​ នូវ ពៅ​លក្ខិណា

XS
SM
MD
LG